កំពង់ស្ពឺៈ អ្នកភូមិ​ស្រែ​កិន ក្នុងស្រុក​ឱ​រ៉ា​ល់​មួយចំនួន​បាន​បង្វែរ​ពី​ចូល​ព្រៃ​កាប់​ឈើ​និង​បរបាញ់​សត្វព្រៃ​មក​ចងក្រង​គ្នា​ជា​សហ​​គម​ន៍​ដាំ​ដំណាំ​វិលជុំ​ជំនួស​វិញ​។​ សហគមន៍​មួយ​នេះ​ស្ថិត​ក្នុងភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។​


​ប្រជាកសិករ​ជាង​ ២០ ​គ្រួសារ ហាក់​កំពុង​ធ្វើជា​គំរូ​ដល់​អ្នកភូមិ​ស្រែ​កិន ខណៈ​ពួកគាត់​បាន​ប្ដូរ​មុខរបរ​ដើរ​បរបាញ់​សត្វ​និង​កាប់​ព្រៃឈើ​មក​ធ្វើ​កសិកម្ម​វិញ​ម្តង​។ នេះ​ជាការ​អះអាង​របស់លោក អ៊ឹ​ម សន ជា​មេភូមិ​ស្រែ​កិន ជំនួស​ឱ្យ​ប្រជា​សហគមន៍​ទាំង​ជាង​ ២០ ​គ្រួសារ​នៅក្នុង​ភូមិ​របស់លោក​។​

​លោក អ៊ឹ​ម សន បានឱ្យដឹងថា ប្រជាពលរដ្ឋ​ធ្វើ​របរ​កសិកម្ម​នេះ​មាន​ជាង ​២០ ​គ្រួសារ ហើយ​បច្ចុប្បន្ន​ពួកគាត់​បាន​ចងក្រង​គ្នា​ជា​សហគមន៍​មួយ​តូច​នៅក្នុង​ភូមិ​។ ប៉ុន្តែ​បើតាម​លោក​ដឹង ​គឺ​ប្រជាកសិករ​ណា​ចង់​ចូលក្នុង​សហគមន៍​ឬ​មិន​ចង់​ចូល​គឺ​អាស្រ័យទៅលើ​បុគ្គល​រូបនោះ​ពោលគឺ​មិន​តម្រូវឱ្យ​គាត់​ដាច់​ខាត​ត្រូវតែ​ចូល​ទេ​។​


​លោក​បាន​បន្តថា ចំពោះ​ផ្ទៃដី​ដែល​ពួកគាត់​កំពុង​ដាំ​ដំណាំ​មាន​ទំហំ​ប្រមាណ ​៣០ ​ហិកតា ហើយ​ជាការ​ធ្វើក​សិ​កម្ម​វិលជុំ​។ បានន័យថា ពួក​គាត់​ដាំ​ដោយឡែកៗ​ពីគ្នា ដូច​ជា ចម្ការ​ត្រប់វែង​ដាំ​មួយកន្លែង​ទៅ រីឯ​ដី​ដាំ​ដើម​ចេក​ក៏​ដាំ​មួយផ្នែក​ទៅ​ដែល​ក្នុង​ដី​នោះ​មាន​ដាំ​ដំណាំ អំពៅ ម្ទេស ល្ហុង ល្ពៅ នន​ង ត្រឡាច ត្រសក់ និង​មាន​ដំណាំ​ផ្សេងទៀត​។​

​លោក​មេភូមិ​បាន​ប្រាប់ថា ពួកគាត់​ដាំ​ដំណាំ​វិលជុំ​និង​បេះ​ផល​បានជា​រៀងរាល់ថ្ងៃ រាល់​ខែ ហើយ​អ្វីដែល​ពិសេស​នោះ​ គឺ​ពីមុន​ពួកគាត់​ក៏ដូចជា​អ្នករស់នៅ​ក្នុងភូមិ​ស្រែ​កិន​ទាំង​មូល​ដែរ ភាគច្រើន​ចូល​ព្រៃ​កាប់​ឈើ​បរបាញ់​សត្វ​។​តែ​ឥឡូវ​ពួក​​គាត់​ប្តូរ​ទម្លាប់​ពី​ការកាប់​ព្រៃ​ឈើ​មក​ធ្វើ​កសិកម្ម​វិញ​ម្តង​។​


​លោក​បាន​បញ្ជាក់ថា​៖ «​ពួក​គាត់​ចងក្រង​ជា​កូន​សហគមន៍​តូច​ដើម្បី​សហការគ្នា​ដាំ​ដំណាំ​។​គាត់​នាំគ្នា​ប្រមែប្រមូល​មនុស្ស​ដែល​អ្នកខ្លះ​ធ្លាប់​បរបាញ់​សត្វ កាប់​ព្រៃឈើ​យកមក​ធ្វើក​សិ​កម្ម​ជាមួយគ្នា​គាត់ បើ​ពួកគាត់​ចូល​ព្រៃ​វា​ធ្វើឱ្យ​បាត់បង់​សម្បត្តិ​ធម្មជាតិ​»​។​

​ចំពោះ​ប្រភពទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​វិញ លោក អ៊ឹ​ម សន បាន​ប្រាប់ថា គឺ​ប្រជា​​សហគមន៍​បានរួម​គ្នា​ទិញ​ទុយោ​ទាញ​ទឹក​ពី​ជើងភ្នំ​ឱ​រ៉ា​ល់​។ ហេតុដូច្នេះ​ហើយ​ទឹក​មាន​ខួបប្រាំងខួបវស្សា​ធ្វើឱ្យ​ចម្ការ​របស់គាត់​មានទឹក​ជាប់​រហូត​។ លុះ​ពេល​ពួកគាត់​ប្រមូល​ផល​បាន គឺ​យកទៅ​ចែកចាយ​លក់​នៅក្នុង​ខេត្តកំពង់ស្ពឺ​និង​តំបន់​នៅក្បែរៗ​នោះ​ដែល​ធ្វើឱ្យ​ពួកគាត់​អាចមាន​ចំណូល​បន្ថែម​ពី​ការធ្វើ​ស្រែ​។​

​លោក ​ទេព ណែម មេឃុំ​ត្រពាំង​ជោរ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅក្នុង​ឃុំ​ត្រពាំង​ជោរ​ប្រកប​របរ​ធ្វើស្រែ​និង​ដាំ​ដំណាំ​រួមផ្សំ​។​ក្រៅពី​ផុត​រដូវ​ធ្វើស្រែ​ពួកគាត់​តែង​នាំគ្នា​ឡើង​ភ្នំ​ដើម្បី​កាប់​ឈើ និង​បរបាញ់​សត្វ​។ ដោយ​មើលឃើញ​ស្ថានភាព​បែបនេះ ហើយ​ម្យ៉ាងទៀត​ដើម្បី​កែប្រែ​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ពី​ការកាប់​ឈើ​បរបាញ់​សត្វ​នោះ ទើប​អាជ្ញាធរ​ពាក់ព័ន្ធ​តែងតែ​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​ភូមិ​-​ឃុំ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​យល់ដឹង​ពី​គុណ​តម្លៃ​ព្រៃឈើ​និង​សត្វព្រៃ​ធម្មជាតិ​។​

​លោក​បាន​បន្តថា អាជ្ញាធរ​ពាក់ព័ន្ធ​តែងតែ​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​ទី​១-​ ការឡើង​ភ្នំ​កាប់​ឈើ​ជា​អំពើ​ល្មើសច្បាប់ ប្រសិនបើ​ជួប​មន្ត្រី​ព្រៃឈើ​។ ​ទី​២- ​នៅពេលដែល​ប្រជាពលរដ្ឋ​ឡើង​ភ្នំ​បើ​ខែវស្សា អាច​សត្វ​មូស​ខាំ​កើត​ជា​ជំងឺគ្រុនចាញ់ ឬ​គ្រុនឈាម​ឬក៏​សត្វ​ពស់​ចឹក​ជាដើម​។ ហេតុដូច្នេះ​បើ​បងប្អូន​អាច​បង្វែរ​ទៅរក​ទទួលទាន​របរ​អី​ផ្សេង​ស្រប​ច្បាប់​ជាការ​ល្អជា​ពិសេស​គឺ​ការ​ដាំ​ដំណាំ​កសិកម្ម​ក៏​ជាការ​ល្អ​មួយ​ដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ការរួម​គ្នា​ចងក្រង​ជា​សហគមន៍​ដាំ​ដំណាំ​កសិកម្ម​នេះ​ខ្ញុំ​ត្រេកអ​រណាស់ ព្រោះ​ពួកគាត់​បាន​យល់​ពីរ​បរ​ខុសច្បាប់​ដោយ​បោះ​ចោល​អាកា​រងារ​ហ្នឹងហើយ​បាននាំគ្នា​មក​ចាប់យក​របរ​កសិកម្ម​ខ្ញុំ​អរគុណ​គាត់​ណាស់​»​។​

លោក​បាន​បន្ថែមថា ជា​ញឹក​ញាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ត្រពាំង​ជោរ​តែង​ទទួលបាន​ការបណ្តុះបណ្តាល​ជំនា​ញក​សិ​កម្ម​ខ្លះៗ​ដែរ​ពី​មន្ត្រី​នៃ​មន្ទីរ​ក​សិ​កម្ម​ខេត្តកំពង់ស្ពឺ ឬក៏​ពី​មន្ត្រី​ជំនាញ​ស្រុក​ឱ​រ៉ា​ល់ ។ ជា​ទម្លាប់​កាលពីមុនៗ​ប្រជាពលរដ្ឋ​ភាគច្រើន តែង​ឡើង​ភ្នំ​បរបាញ់​សត្វ​កាប់​ព្រៃឈើ តែ​ពេលនេះ​ពួក​គាត់​បង្វែរ​ពី​ចូល​ព្រៃ​មក​ប្រក​បរបរ​ផ្សេងៗ​វិញ​។ ពួកគាត់​ខ្លះ​ជា​កម្មករ​រោងចក្រ​កាត់ដេរ ខ្លះ​ប្រកប​របរ​កសិកម្ម​ធ្វើស្រែ និង​លក់ដូរ​ជាដើម​។​

​ពាក់ព័ន្ធ​ការធ្វើ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​ជោរ​នេះដែរ លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ដី​នៅ​តំបន់​ត្រពាំង​ជោរ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ សម្រាប់​ការធ្វើ​កសិកម្ម​គឺជា​ដី​មិន​អន់​ទេ ហើយ​ប្រជាកសិករ​ក៏​អាច​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ដូចជា​ដំឡូង ពោត អំពៅ បានដែរ​។​កិច្ច​ការដាំដុះ​ដំណាំ​នេះ​ខាង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្តកំពង់ស្ពឺ​កំពុងតែ​ជំរុញ​និង​ពន្យល់​ដល់​ប្រជាកសិករ​បន្ថែមទៀត​ដើម្បីឱ្យ​គាត់​យល់​អំពី​វិធី​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​រឿង​ដី​កាលណា​យើង​ប្រើប្រាស់​យូរ​វា​អាច​ខ្សោះ​ជីជាតិ​ដែរ ហើយ​ដើម្បីឱ្យ​ទិន្នផល​បានល្អ​ទី​១-​ យើង​ត្រូវមាន​ការថែទាំ​។ ទី​២- ត្រូវតែមាន​ជី​ជា​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ​ឱ្យ​វា​បាន​ផល​ល្អ​។ បើកាលណា​យើង​រំពឹង​តែ​លើដី​ធម្មជាតិ​សុទ្ធសាធ វា​មិនឱ្យ​ផល​សមប្រកប​ទៅតាម​អ្វីដែល​យើង​ចង់​បានទេ​ហើយ​ប្រាក់ចំណេញ​ក៏មាន​កំណត់​តិចតួច​ដែរ​»៕