ភ្នំពេញៈ ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក​ គិ​ន ​ភា បាន​ឱ្យដឹង​ថា​ សៀវភៅ​ក្រោម​ចំណងជើង​ថា «​សម្តេច​តេ​ជោ ហ៊ុន សែន​៖ ​អ្នក​គូស​វាស​ជោគ​វាសនា​កម្ពុជា​» ជា​ភា​សា​អង់​គ្លេស​ត្រូវ​បាន​សម្ពោធ​ឱ្យ​ប្រើ​នៅ​ថ្ងៃទី​ ២៥ ​តុលា ប​ន្ទាប់​ពីរាជ​បណ្ឌិត្យ​សភាក​ម្ពុជាបាន​បក​ប្រែ​​រួច​រាល់​ដោយ​ប្រើ​ពេល​អស់ ​៦​ ខែ។​


​សៀវភៅ​ដែល​និយាយ​ពីលោក ​ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ដំណើរ​ប្រវ​ត្តិ​សាស្ត្រ​សម័យ​ទំនើប​កម្ពុជា គឺជា​ស្នាដៃ​របស់​លោក​កែវ​ បាភ្នំ ប្រធាន​គណៈ​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​គណ​បក្ស​ប្រជា​ជន និង​ជា​រដ្ឋ​មន្ត្រី​ប្រតិ​ភូ​អម​នាយក​រដ្ឋ​មន្ត្រី​ដែល​មាន​តម្លៃ​ជា​មេរៀន​ការ​ទូត​ហើយ​សៀវ​ភៅ​នេះ​បោះ​ពុ​ម្ពជា​ភា​សា​ខ្មែរ​ កាលពី​ឆ្នាំ​ ២០២២ ​ក្រោម​ការ​ចាត់​ចែង​របស់​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។​

​លោក​ គិន ​ភា​ បាន​ឱ្យ​ដឹង​ថា ​លោក​ជា​អ្នក​ចាត់​ចែង​ការ​បក​ប្រែ​ស្នាដៃ​សៀវ​ភៅ​នេះ​ទៅជា​ភាសា​អង់​គ្លេស «SAMDECH DECHO HUN SEN: MAN OF CAMBODIA''S DESTINYÈ»​ដែល​ក្រុម​ការ​ងារ​មាន​ ៤​នាក់ ​បាន​ចំណាយ​ពេល​ជាង​៦​ខែ ក្នុង​ការ​បក​ប្រែ​សៀវ​ភៅ​នេះ​ដោយ​ទទួល​បាន​ជោគ​ជ័យ ​និង​បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវ​ការ​ក្នុង​វេទិកា​ភ្នំពេញ​ នៅ​ថ្ងៃទី​២៥ ​ខែតុលា ឆ្នាំ​២០២៣​។​


​លោក​បាន​បញ្ជាក់​ថា៖ «​ការ​បក​ប្រែ​នេះ​មាន​ការ​លំបាក​ខ្លះៗ​ដែរ ដោយ​សារ​ជា​ឯ​កសារ​ពាក់​ព័ន្ធ​នឹង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​សម័យ​ទំនើប​ចាប់​ពី​អំឡុង​ទស​វត្សរ៍​ឆ្នាំ​១៩៦០​, ១៩៧០ និង​១៩៨០​ ជាពិសេស​មានការ​លំបាក​ទៅ​លើ​ពាក្យ​បច្ចេក​ទេស​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​មនោគមន៍​វិជ្ជា​នយោ​បាយ​គ្រា​សម័យ​នោះ​ក៏ដូច​ជា​ឈ្មោះ​ទីតាំង​ភូមិ​សាស្ត្រ​មួយ​ចំនួន​ទៅ​វៀត​ណាម ដែល​ក្រុម​ការងារ​លំបាក​ក្នុង​ការ​សរ​សេរ​ជា​ភាសា​អង់​គ្លេស​»​។​

​លោក ​គិន ​ភា បាន​បន្ត​ថា សៀវ​ភៅ​នេះ​បាន​រំលេច​ពី​រឿង​សម្ងាត់​ក្នុង​ជីវិត​របស់​លោក​ហ៊ុន សែន ​និង​បញ្ហា​នយោ​បាយ​ប្រហែល​ពី​៧០​ភាគ​រយ ​ទៅ​៨០​ភាគ​រយ ​មិន​មាន​នរណា​ធ្លាប់​ដឹង ​ហើយ​ជា​ស្នាដៃ​ដែល​មាន​តម្លៃ​ផ្នែក​ការ​ទូត​ជា​ខ្លាំង​ដោយ​បាន​ឆ្លុះ​បញ្ចាំង​ពីរ​បប​ការ​ទូត​នៃ​រដ្ឋ​តូច​ដូច​ជា​កម្ពុជា​ក្នុង​ការត​ស៊ូ​ក្នុង​ព្យុះ​ភ្លៀង​សង្គ្រាម​ត្រជាក់ ក៏​ដូចជា​​ការ​រើ​បម្រះ​ខ្លួន​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​។


​សៀវ​ភៅ​នេះ ក៏​និយាយ​ពី​ការ​តស៊ូ​ទាំង​លំបាក​ក្រោម​គំនាប ​និង​សម្ពាធ​អន្តរ​ជាតិ​ពី​ឆ្នាំ​១៩៧៩​ ដល់​ឆ្នាំ​១៩៩៣ និង​ដំណើរ​ស្វែង​រក​សន្តិ​ភាព​ពេញ​លេញ​ដែល​ពុំ​ធ្លាប់​មាន​រយៈ​ពេល​៥០០​ឆ្នាំ​។​

​លោក​ គិន ភា សង្កត់​ធ្ងន់​ថា​៖ សៀវ​ភៅ​នេះ​ផ្ដល់ព័ត៌​មាន​បាន​គ្រប់​គ្រាន់​ដល់​មជ្ឈ​ដ្ឋាន​អ្នក​អាន​បរទេស ​ដើម្បី​ស្វែង​យល់​ពីស​ម្ដេច​តេ​ជោ ​ហ៊ុន សែ​ន និយាយ​ដោយ​ឡែក និង​កម្ពុជា​និយាយ​ជារួម​ ក៏ដូច​ជា​បរិបទ​នយោ​បាយ​តំបន់​និង​ពិភព​លោក​ផង​ដែរ​»​។​

​លោក​បាន​បន្ត​ដែរ​ថា​ កន្លង​មក​ បរទេស​មួយ​ចំនួន​ពុំដែល​យល់​ពី​របៀប​ដែល​កម្ពុជា​ប្រឹង​រស់​យ៉ាង​ត្រដរ​ពី​របប​ប្រល័យ​ពូជ​សាសន៍ និ​ង​កិច្ច​ខិតខំ​ស្វះ​ស្វែង​រក​សន្តិ​ភាព​នោះ​ឡើយ​ ជា​ពិសេស​ពី​របៀប​ដែល​កម្ពុជា​អាច​អភិវឌ្ឍ​ប្រទេស​រហូត​មាន​ការ​អភិ​វឌ្ឍ​ដូច​បច្ចុប្បន្ន​។​

​លោក​ថា​៖ «​ការ​ទូត​នៃ​រដ្ឋ​តូច​របស់​កម្ពុជា គឺ​ពិត​ជា​មេរៀន​ដ៏​សំខាន់​មួយ​សម្រាប់​ពិភព​លោក ​ដែល​ចាំ​បាច់​ត្រូវតែ​សិក្សា ​រៀន​សូត្រ ​ជា​ពិសេស គឺ​ស្វែង​យល់​ពី​របៀប​ដែល​សម្ដេច​តេ​ជោ​កាច់​ចង្កូត​ការទូត​កម្ពុជា​ក្នុង​ឋានៈ​ជា​រដ្ឋ​តូច​មួយ​ដែល​អាច​ប្រឈម​នឹង​សម្ពោធ​អន្ដរ​ជាតិ​ផង​និង​ប្រឹង​រស់​ឡើង​វិញ ​ស្តារ ​កសាង និង​អភិវឌ្ឍ​ជាតិ​ រហូត​ក្លាយ​ជា​រដ្ឋ​មួយ​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់ និង​សកម្ម នៅ​ក្នុង​កិច្ច​ការ​តំបន់​និង​អន្ដរ​ជាតិ​»​។

​ជា​មួយ​គ្នានេះ​លោក ​យង់ ​ពៅ ​អគ្គ​លេខាធិ​ការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ក៏បានលើក​ឡើង​ដែរ​ថា ​ស្នាដៃ​នេះ​មាន​តម្លៃ​សត្យានុ​ម័ត​សម្រាប់​ប្រវត្តិ​សាស្ត្រ​កម្ពុជា ​ក៏ដូចជា​មេរៀន​សម្រាប់​ពិភព​លោក​ផង​ ខណៈ​លោក​ហ៊ុន​ សែន​ ជា​តួអង្គ​សំខាន់​មួយ​រូប​ក្នុង​ដំណើរ​ប្រវត្តិ​សាស្ត្រ​សម័យ​ទំនើប​និង​ជា​ម៉ូ​ដែល​គំរូ​មួយ​ក្នុង​ផ្នែក​ការ​ទូត​ ដែល​ជា​បុគ្គល​សំខាន់​នាំ​យក​សន្តិ​ភាព​និង​ការ​អភិវឌ្ឍ​រយៈ​ពេល​យូរ​ដល់​កម្ពុជា​។​

​លោក​បាន​ថ្លែង​ថា៖ «​ការ​បក​ប្រែ​ស្នា​ដៃ​សៀវ​ភៅ​អំពី​សម្តេច​តេ​ជោ ​ហ៊ុន សែន ដែល​និពន្ធ​ដោយ​លោក​កែវ បាភ្នំ​ទៅ​ជា​ភាសា​អង់​គ្លេស​នេះ​នឹង​ចូល​រួម​ចំណែក​បង្កើន​ភាព​ងាយ​ស្រួល​ដល់​ការ​សិក្សា​ស្វែង​យល់​អំពី​កម្ពុជា​ពី​សំណាក់​ជន​បរ​ទេស ជា​ពិសេស​ពាក់​ព័ន្ធ​កម្ពុជា​សម័យ​ទំនើប​»​។​

​ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​ដែរ​ លោក ​ពៅ សុខ ​ទីប្រឹក្សា​ផ្ទាល់​លោក​ហ៊ុន ​សែន ​និង​ជា​អ្នក​ធ្លាប់​បាន​សរសរ​ស្នាដៃ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​លោក ​ហ៊ុន សែន បាន​ឱ្យ​ដឹង​ដែរ​ថា​ សៀវ​ភៅ «​សម្តេច​តេ​ជោ ហ៊ុន​សែន​៖ អ្នក​គូស​វាស​ជោគ​វាសនា​កម្ពុជា​» ជា​ឯកសារ​មាន​តម្លៃ​សម្រាប់​ផ្គូ​ផ្គង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​រយៈ​ពេល ៥០០​ឆ្នាំ​ចុង​ក្រោយ និង​ជា​ស្នាដៃ​ដែល​យុវ​ជន​ខ្មែរ​គួរ​អាន​។​

​លោក​បន្ថែម​ថា​៖«​ការ​បកប្រែ​សៀវ​ភៅ​នេះ​ ទៅជា​ភាសា​អង់​គ្លេសគឺជា​ឱកាស​ដ៏​ល្អ​មួយក្នុងកា​រ​ធ្វើឱ្យ​មិត្ត​បរទេស​បាន​ដឹង​កាន់​តែ​ច្បាស់​ពី​ដំណើរ​និង​របត់​នយោ​បាយ​និង​ការដឹក​នាំ​ដ៏​ស្មុគ​ស្មាញ​របស់​មហា​បុរស​រដ្ឋ​កម្ពុជា​ គឺ​សម្តេច​តេ​ជោ​ហ៊ុន​សែន​»៕