ភ្នំពេញៈ ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បានស្នើ​ដល់​រាជរដ្ឋាភិបាល​ចំនួន​ ២ ​ចំណុច រួម​មានការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​អ្នក​អភិវឌ្ឍ​ន៍លំនៅឋាន និង​ការផ្តល់​សិទ្ធិ​ដល់​ជនបរទេស ក្នុង​ការទិញ​លំនៅឋាន​នៅតាម​គម្រោង​បុរី​នានា ដើម្បី​ស្រោចស្រង់​វិស័យ​សំណង់​នៅ​កម្ពុជា​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែតុលា បាន​លើកឡើងថា ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់ និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​១​ដោយមាន​ការចូលរួម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ និង​លោក លី ហួរ ប្រធាន​សមាគម​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣​ កន្លងទៅ​ថ្មីៗ​នេះ​។​


​កិច្ចប្រជុំ​បន្ទាន់​នេះ​ពិភាក្សា​អំពី​ស្ថានភាព​វិស័យ​សំណង់​នៅ​កម្ពុជា ជាពិសេស​ពិភាក្សា​ទៅលើ​បញ្ហា​ប្រឈម​បច្ចុប្បន្ន ដែល​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​ជួបប្រទះ​, ពិភាក្សា​លើ​ស្ថានភាព​ហិរញ្ញវត្ថុ ដើម្បី​ជួយ​គាំទ្រ និង​ទ្រទ្រង់​ដល់​វិស័យ​សំណង់​នៅ​កម្ពុជា និង​ពិភាក្សា​លើ​ទិដ្ឋភាព​ច្បាប់ ដើម្បី​អនុញ្ញាតឱ្យ​ជនបរទេស​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការទិញ​លំនៅឋាន និង​ដី​នៅក្នុង​គម្រោង​បុរី​។​

​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​បន្តថា នៅក្នុង​កិច្ចប្រជុំ​នោះ លោក សាយ សំ​អាល់ បាន​លើក​បន្ថែមថា ក្រសួង​ក៏បាន​រៀបចំ​សំណើ និង​គោលនយោបាយ​មួយចំនួន​បន្ថែមទៀត ដើម្បី​ដាក់​ស្នើ​ជូនទៅ​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការជួយ​គាំទ្រ​ដល់​វិស័យ​សំណង់​។​


​ប្រភព​ដដែល​បានបញ្ជាក់​បន្ថែមថា៖«​តាមពិតទៅ​គោលការណ៍​នេះ យើង​បានស្នើ​ទៅកាន់​រាជរដ្ឋាភិបាល​រួចហើយ ដោយ​យើង​ចង់​ស្នើ​រដ្ឋាភិបាល​ទម្លាក់​ថវិកា និង​សិក្សា​លទ្ធភាព​ក្នុងការ​បង្កើត​ច្បាប់​ផ្តល់​សិទ្ធិ​ឱ្យ​ជនបរទេស​ទិញ​លំនៅឋាន​នៅក្នុង​បុរី​បាន​»​។​

​សមាគម​បាន​បន្តទៀតថា កន្លងទៅ នៅតាម​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដូចជា​ចិន ជាដើម រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ ដើម្បី​ជួយ​ស្រោចស្រង់​វិស័យ​សំណង់ ឬ​វិស័យ​ផ្សេងៗ​ទៀត​ឱ្យ​រស់រាន​ឡើងវិញ​ខណៈដែល​វិស័យ​សំណង់​នេះ ជា​វិស័យ​ដ៏​ធំ​និង​សំខាន់​១ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ទីភ្នាក់ងារ​អចលនវត្ថុ ថ្លែងថា រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ក្នុងស្រុក គួរ​មានការ​កែលម្អ បរិយាកាស​វិនិយោគ និង​ជំរុញ​ការគាំទ្រ​បន្ថែមទៀត ដើម្បីឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ជាពិសេស​នៅក្នុង​វិស័យ​សំណង់ និង​អ​ចលនទ្រ​ព្យ​។​

​លោក​បាន​ប្រាប់​បន្ថែម​នៅ​ថ្ងៃទី​២៥ ខែតុលា​ថា ការវិនិយោគ​បន្ថែម​ពី​ក្រៅ​បន្ថែម អាច​នឹង​ជួយ​វិស័យ​នេះវិញ​ដែរ ដូចនេះ​រាជរដ្ឋាភិបាល​គួរ​មានការ​ធ្វើកំណែទម្រង់​ច្បាប់​មួយចំនួន​ទៅលើ​វិស័យ​អចលនទ្រព្យ​តាម​យន្ត​ការដែល​អនុញ្ញាតឱ្យ​ជនបរទេស​មាន​សិទ្ធិ​កាន់កាប់ ឬ​វិនិយោគ​លើ​អចលនទ្រព្យ​។​

​លោក​ច្រឹ​ក សុខ​នី​ម បាន​បញ្ជាក់ថា​៖«​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ខ្ញុំ រដ្ឋាភិបាល​គួរតែ​ផ្តល់ឱកាស ឬ​នាំយក​ប្រភព​ទុន​ធំៗ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តល់ឱកាស​ឱ្យ​អ្នក​នៅក្នុង​ស្រុក​និង​បរទេស​មានលទ្ធភាព​ម​ក​វិនិយោគ​នៅ​កម្ពុជា និង​អាច​ទទួលបាន​ប្រាក់កម្ចី​ធ្វើការ​វិនិយោគ​នៅក្នុង​គម្រោង​របស់ខ្លួន​ផងដែរ​»​។​

​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២៣​នេះ ក្នុងចំណោម​ឥណទាន​លើ​វិស័យសេដ្ឋកិច្ច​ទាំងមូល មាន​ទំហំ​ទឹកប្រាក់​២៣៨,៧​ទ្រី​លាន​រៀល ដោយ​ក្នុងនោះ ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ មាន​ទំហំ​ទឹកប្រាក់​១៩,៦​ទ្រី​លាន​រៀល កើនឡើង​១៦​ភាគរយ​, ឥណទាន​ក្នុង​វិស័យ​សំណង់​១៨,៣​ទ្រី​លាន​រៀល កើនឡើង​៩,២​ភាគរយ បើ​ធៀប​នឹង​ឆមាស​ទី​១ កាលពី​ឆ្នាំ​២០២២៕