​ភ្នំពេញៈ​​ក្រសួង​បរិស្ថា​ន នឹង​ជំរុញ​បន្ថែម​ដល់​វិស័យ​ឯកជន​ឱ្យ​ចូល​រួម​ក្នុង​ចល​នា​នៃ​ការ​កាត់ប​ន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​កក្រោម​ប្រធា​នបទ«​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» ដើម្បី​អាច​នាំ​ឱ្យ​កម្ពុជា​ក្លាយ​ទៅជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​សំណល់​រឹង ជា​ពិសេស​សំណល់​ប្លា​ស្ទិ​ក​។​


​យោង​តាម​សេចក្ដី​ជូន​ដំណឹង​ដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​លោក ​អ៊ាង សុផល្លែត​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ​នៅ​ថ្ងៃទី​២៤​ ខែ​តុលា បាន​ឱ្យ​ដឹង​ថា ក្រសួង​បរិស្ថានបាន​ដាក់​ចេញ​យុទ្ធនា​ការ​កាត់​បន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក ដើម្បី​ថែរ​ក្សា​បរិ​ស្ថាន​ឱ្យបា​ន​ស្អាត និង​រក្សាបាន​អនា​ម័យ​ល្អជា​ប្រយោជន៍​ដល់​ការ​ការពារ​សុខ​ភាព និង​សុខុ​មាលភា​ព​សា​ធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​ឱ្យ​យុទ្ធនាការ​​នេះក្លាយ​ទៅជា​ចលនា​មួយ​មាន​កម្លាំង​ខ្លាំង​ក្លា ​អាច​នាំឱ្យ​កម្ពុជា​ក្លាយ​ទៅជា​​ប្រទេស​នាំមុខ​គេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​សំណល់​រឹង​ ជា​ពិសេស​សំណល់​ប្លា​ស្ទិក ​ក្រសួង​ស្នើឱ្យ​វិស័យ​ឯកជន​ទាំង​អស់ចូលរួម​ដឹកនាំ​កម្មករនិង​បុគ្គ​លិក​របស់​ខ្លួនអនុវត្ត​យុទ្ធ​នាកា​រ​នេះ​នៅ​តាម​ស្ថា​ប័ន​របស់​ខ្លួន​ផងដែ​រ​។​


​លោក​ អ៊ាង​ សុផ​ល្លែត បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ស្នើ​ដល់​ម្ចាស់ឬ​​នាយក​រោង​ចក្រ សហ​គ្រាស ​ក្រុមហ៊ុន ​វិស័យ​ឯក​ជន​ មេត្តា​ជំរុញ​ចលនា​ចូលរួ​ម និង​ដឹកនាំ​បុគ្គលិក​ កម្មករ​ទាំងអ​ស់​អនុវត្ត​យុទ្ធនាកា​រ​នេះ​នៅ​តាម​បណ្ដា​រោង​ចក្រ សហ​គ្រាស ​ក្រុមហ៊ុន សំដៅ​ជំរុញ​អនុវត្ត​ការ​កាត់ប​ន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា​ឱ្យ​ទទួល​បាន​ ជោគ​ជ័យ​ទាំង​អស់​គ្នា​កុំបី​អាក់​ខាន​ឡើយ​»​។​

​បើ​តាម​លោក អ៊ាង សុផល្លែត ​គ្រាន់តែ​ក្នុង​រយៈពេ​ល​មិន​ដល់៦​០​ថ្ងៃ ​ក្រោយ​ដាក់​ចេញ​នៃ​យុទ្ធ​នាការ​នេះ ​មាន​សិស្សានុ​សិស្ស​ទូទាំង​ប្រទេស​ ព្រមទាំង​លោក​គ្រូ អ្នក​គ្រូ ប្រមាណ​ជាង២​លាន​នាក់​មកពី​សាលា​ជាង ៩​០០០ ​បាន​ចូល​រួម​យុទ្ធ​នាការ​កាត់​បន្ថយ​ការ​ប្រើប្រា​ស់​ប្លា​ស្ទិ​ក​។​


​រដ្ឋ​មន្ត្រី​ក្រសួង​ប​រិស្ថាន បាន​បន្ថែមទៀ​តថា​ ជាមួយ​គ្នា​នេះ រោង​ចក្រ សហ​គ្រាស​មួយ​ចំនួន កាក​បាទ​ក្រហ​មកម្ពុជា​ សង្គម​ស៊ីវិល អង្គការ​មិនមែន​រាជ​រដ្ឋាភិ​បាល និង​វត្ត​អារាម​មួយចំ​នួន​ ក៏​បាននិ​ងកំ​ពុង​ចូលរួ​ម​យ៉ាង​ផុសផុ​ល​នៅ​ទូទាំង​ប្រទេស​ក្នុង​យុទ្ធ​នាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លា​ស្ទិ​ក​ផងដែរ​។​

​ទាក់​ទិន​នឹងបញ្ហា​ប្លា​ស្ទិ​ក​នេះ ​លោក​ ហេង ​គឹមហុង​ ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ នៃ​សមា​គម​បណ្តាញ​យុវជ​ន​កម្ពុជា​(CYN) បាន​ប្រាប់​ឱ្យដឹ​ង​ដែរ​ថា​ បើ​ទោះបីជា​ក្រសួង​បរិស្ថាន​បាន​ខិត​ខំ​ធ្វើ​ការ​ច្រើន​ទៅលើ​បញ្ហា​ប្លា​ស្ទិក​ជា​មួយ​ដៃគូ​ពាក់​ព័ន្ធ​ក៏​ដោយ​ ប៉ុន្តែ​ចំពោះ​ចំណាត់​ការ​ទូទៅ​ដែល​មាន​លើ​បញ្ហា​ប្លា​ស្ទិ​ក​នេះ​ វា​ហាក់​បី​ដូច​ជា​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​នោះទេ​​។

​លោក​បន្ត​ថា ​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​ដោយសា​រ​មិន​ទាន់​ឃើញ​មាន​យន្តការ​ណាមួ​យ​របស់​ស្ថាប័​នរដ្ឋ បានធ្វើ​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការវិ​និយោគ​ដោយ​​កែ​ច្នៃ​បន្ថែម​ទៅលើ​បញ្ហា​ប្លា​ស្ទិ​ក ខ​ណៈមានការ​​​រក​ឃើញ​ថា ​ឧស្សាហ​កម្ម​កែច្នៃ​ប្លា​ស្ទិ​ក​ ឬក៏​សិប្ប​កម្ម​កែច្នៃ​ប្លា​ស្ទិ​ក​ទាំង​អស់​នោះ ​សុទ្ធសឹ​ងតែ​កំពុងស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​ដែល​មិន​អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​បាន​។

​មួយ​វិញ​ទៀត​ ទាក់​ទង​នឹង​គោល​នយោបា​យ​កំណត់​ថ្លៃ​ប្លា​ស្ទិ​ក​ឬ​កំណត់​ដំឡើង​ពន្ធ​ប្លា​ស្ទិ​ក​នេះ គឺ​ឃើញថា​​វា​នៅមាន​កម្រិក​តិច​តួច​នៅ​ឡើយ​ ហេតុនេះ​ការ​​ចរាចរ​ប្លា​ស្ទិ​ក​នៅលើ​ទីផ្សារ វា​ហា​ក់ដូ​ច​ជា​មាន​ភាព​ងា​យស្រួល​ខ្លាំង​មែន​ទែ​ន ខ​ណៈ​តម្លៃ​ប្លា​ស្ទិ​ក​វិញវា​ក៏មាន​តម្លៃ​ថោក​ខ្លាំង​ដែរ​ ទើប​ធ្វើឱ្យ​ប្រជាពល​រដ្ឋ​កាន់តែ​​ងាយស្រួ​ល​ប្រើ​។

​លោក ​ហេ​ង គឹមហុង​ បាន​បញ្ជាក់ថា​​៖ «​ដូច្នេះ​បញ្ហា​ទាំងអ​ស់​នេះឯ​ងដែល​រាជរដ្ឋា​ភិ​បាល​ ជា​ពិសេស​ក្រសួង​ប​រិស្ថា​ន និង​ស្ថា​ប័ន​ជំនាញ ​គួរតែ​ពិចារណា​​ក្នុងកា​រ​ជំរុញ​បង្កើន​តម្លៃ​ប្លា​ស្ទិ​ក​នៅលើ​ទីផ្សារ​ និង​ប​ញ្ឈប់​ការ​ចែក​ចាយ​ប្លា​ស្ទិ​កដោយ​ឥត​គិត​ថ្លៃ ដើម្បី​ដាក់​កាតព្វ​កិច្ច​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំងអ​ស់ ​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិក​ ទើប​មាន​ប្រសិទ្ធ​ភាព​»​។​

​សូម​បញ្ជា​ក់ថា ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន បាន​ដាក់​ចេញ​យុទ្ធ​សាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ឆ្នាំ​២០២៣-​២០២៨​ ដែល​យុទ្ធ​សាស្ត្រ​ស្នូល​នេះ ​ផ្តោត​លើ​មុំ​សំខាន់​៣ គឺ​ភាព​ស្អាត ​ភាព​បៃតង និ​ង​ចីរភាព​ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​សកល​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​៕