ភ្នំពេញៈក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​នរបស់​កម្ពុជា​ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​វគ្គ​ចែក​ពូល​នៃ​ពាន​រង្វាន់​ AFC Cup ជា​មួយ​ក្រុម​ខ្លាំង​ Macarthur FC របស់​ប្រទេស​អូស្ត្រាលី​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក ​នៅល្ងាច​ម៉ោង​ ៧​ ថ្ងៃទី​ ២៦ ​ខែតុលា​​ ដើម្បី​ប្រជែង​គ្នា​យក​ ៣​ ពិន្ទុ​ដ៏​មាន​ន័យ ​សម្រាប់​ការ​ប្រកួត​លើក​ទី​៣ ក្នុង​ជុំ​ទី​១​ នេះ​។​

​ការ​វិល​មក​ជួប​គ្នាជា​លើក​ដំបូង​រវាង​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោន​និង​ក្រុម ​Macarthur FC លើក​នេះ ​បាន​ក្លាយ​ជា​ការ​ប្រជែង​គ្នា​យ៉ាង​សំខាន់​បំផុត​ដើម្បី​ស្វែងរក​ក្រុម​ឈ្នះ​ត្រូវ​ឡើង​ទៅ​ឈរ​នៅ​លេខ​ ១ ​ប្រចាំ​ពូ​ល ​F នៃ​ការ​ប្រកួត​ជុំ​ទី​១​ នេះ ព្រោះ​ ២​ ប្រកួត​កន្លង​មក​នេះ ​ភ្នំពេញ​ក្រោ​ន និង Macarthur FC បាន​យក​ឈ្នះ​ក្រុម DH Cebu ​របស់​ហ្វីលី​ពីន និង​ក្រុម ​Shan United FC ​របស់​មី​យ៉ាន់​ម៉ា​ដូច​គ្នា​។​

​យ៉ាង​ណាក៏​ដោយ​ ក្រុម​លី​គ​កំពូល​របស់​អូស្ត្រាលី​ Macarthur FC រកបាន​គ្រាប់​បាល់​ច្រើន​ជាង​ក្រុម​ភ្នំពេញ​ក្រោ​ន ​ដើម្បី​ឈរ​នៅ​លេខរៀង​ទី​១ ជា​បណ្តោះ​អាសន្ន ដោយ​ក្នុង​នោះ​ពួក​គេ ​បាន​ឈ្នះ​ក្រុម​ Shan United ៣-០ នៅ​ក្រៅ​ទឹក​ដី​និង​បាន​លត់​ក្រុម ​DH Cebu ៨-២ នៅ​ក្នុង​ទឹកដី ​ចំណែក​ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ​ក្រុម ​DH Cebu ​៣-០ សម្រាប់​ការ​ប្រកួត​បើក​ឆាក​នៅ​ក្រៅ​ទឹកដី ​និង​បាន​បន្ត​ឈ្នះ​ក្រុម​ Shan United ៤-០​ នៅ​ក្នុង​ទឹក​ដី ​កាល​ពី​ថ្ងៃទី​ ៥​ ខែតុលា​។​


​ជា​មួយ​គ្នានេះ​ លោក Oleg Starynskyi គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន​បាន​មើល​ឃើញ​ថា ការ​ប្រកួត​ជា​មួយ​ក្រុម ​Macarthur FC ជា​លើក​ដំបូង​នេះ នឹង​មាន​ភាព​តាន​តឹង​ខ្លាំង​ ព្រោះ​ពួក​គេមកពី​ប្រទេស​អូស្ត្រា​លី ដែល​មាន​កម្រិត​បាល់​ទាត់​សម្បូរ​បែប និង​ជា​ប្រទេស​ធ្លាប់​បាន​លេង​ដល់ ​World Cup ទៅ​ហើយ​ ហេតុ​នេះ​សមា​ជិក​របស់ ​Macarthur សឹង​តែ​អាច​ចាត់​ទុក​ថា ជា​កីឡាករ​បរ​ទេស​ទាំង​អស់​ទៅ​ហើយ​។​

​បន្ថែម​លើ​នេះ ​Macarthur FC មាន​កីឡាករ​បរទេស​ល្បី​ឈ្មោះ​៣​នាក់ រួម​មាន​ខ្សែ​បម្រើ​ម៉ិច​ស៊ិក​ Ulises Davila អ្នក​ចាំទី​សញ្ជាតិ​ប៉ូឡូញ​ Filip Kurto និង​ខ្សែប្រ​យុទ្ធ​របស់​បារាំង Valere Germain ដោយ​ពួក​គេ​សុទ្ធ​តែ​ធ្លាប់​ជាប់​ជា​ជម្រើស​ជាតិ​យុវ​ជន​តំណាង​ឱ្យ​ប្រទេស​របស់​ខ្លួន ​ជាពិសេស​ Valere Germain ដែល​ធ្លាប់​លេង​ជា​មួយ​ក្រុម ​Monaco ក្រុម Nice ក្រុម Marseille និង​ក្រុម Montpellier នៃ​លី​គ​កំពូល​បារាំង ដោ​យ​លេង​សរុប​បាន ​៤៧០ ​ប្រកួត​ និង​រកបាន​គ្រាប់​បាល់​សរុប​ ១០៥ ​គ្រាប់​ ខណៈ​ការ​ប្រកួត​ពាន AFC Cup នេះ Germain ​រកបាន​៣​គ្រាប់​ហើយ​។​


​យ៉ាង​ណាក៏​ដោយ​ លោក Mile Sterjovski គ្រូ​បង្គោល​ក្រុម Macarthur FC បាន​ប្រាប់​ក្នុង​សន្និ​សីទ​កាសែ​ត កាលពី​រសៀល​ថ្ងៃទី​ ២៥ ខែ​តុលា​ថា Valere Germain មិនបាន​ធ្វើដំ​ណើរ​មក​កម្ពុជា​នោះ​ទេ ​ដោយ​លោក​បាន​បញ្ជាក់​ថា ​ខ្សែប្រយុ​ទ្ធ​ម្នាក់នេះមានការ​ប៉ះ​ទង្គិច​បន្តិច​បន្តួច​ពី​ការ​ប្រកួត​មុនដែល​ត្រូវតែ​មាន​ការ​ផ្លាស់​ប្តូរ​ដើម្បី​ទុក​ពេល​ឱ្យ​គាត់​បាន​សម្រាក​សម្រាប់​ការ​ប្រកួត​ក្រោយៗ​ទៀត​។​

​ទោះ​បីជា​យ៉ាង​ណា ​លោក ​Mile Sterjovsk​i នៅតែ​មាន​ការ​ជឿជាក់​ក្នុង​ការ​ឈ្នះ​ ៣ ​ពិន្ទុ​។ លោក​បញ្ជាក់​ថា​៖ «​យើង​ដឹ​ងថា ភ្នំពេញ​ក្រោន​ ជា​ក្រុម​ខ្លាំង​ដែល​កើត​ចេញ​ពី​កីឡា​ករ​ម្នាក់ៗ​ ព្រោះ​ពួកគេ​ទទួល​ការ​បង្វឹក​បាន​ល្អ ប៉ុន្តែ​យើង​ក៏​មាន​ក្រុម​ដែល​ខ្លាំង​ដែរ​។​យើង​មាន​ភាព​ជឿ​ជាក់​លើ​សមត្ថ​ភាព​របស់​ក្រុម​យើងហើយ​យើង​មក​ទីនេះ ដើម្បី​ទទួល​បាន​ពិន្ទុ ​ហើយ​យើង​នឹង​លេង​តាម​បាល់​ទាត់​របស់​យើង ​ដោយ​ខ្ញុំ​គិត​ថា​ វា​នឹង​ក្លាយ​ជា​ប្រកួត​ដ៏​អស្ចារ្យ​»​។​

​ចំណែក​លោក ​Oleg Starynskyi ក៏បាន​បង្ហាញ​អន្ទះ​សា ​ក្នុង​ការ​ប្រកួត​ជាមួ​យ​ក្រុម ​Macarthur FC ​ផង​ដែរ ព្រោះ​លោក​យល់​ថា​ នេះ​វា​ជា​ពេល​ដ៏​ល្អ​មួយ​ ដែល​ភ្នំពេញ​ក្រោន​ បាន​ជួប​គូប្រកួត​ខ្លាំង​ ហើយ​វា​ក៏​ជា​លើក​ទី​១​ ផង​ដែរ ​ដែល​ក្រុម​តំណាង​កម្ពុជា ​បាន​ប្រកួត​ជាមួ​យ​ក្រុម​តំណាង​អូស្ត្រា​លី​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ក្រុម​របស់​អូស្ត្រាលី​ មាន​ការ​រៀបចំ​ផ្សេងៗ​ពី​ក្រុម​នៅ​អាស៊ាន ​គឺ​បរិយា​កាស​របស់​ពួក​គេ ប្រៀប​ដូច​ជា​នៅ​អឺរ៉ុប ​ដោយ​មាន​កីឡា​ករ​មាន​គុណ​ភាព​ល្អ ​មាន​ប្រវត្តិ​ល្អ ពួក​គេ​ក៏​លេង​ដល់ ​World Cup​ ហើយ​បាល់​ទាត់​អាច​និយាយ​បាន​ថា ​កម្រិត​ខ្ពស់​ដោយ​អាច​លេង​នៅ​អឺរ៉ុប ​ដូចជា​​ក្នុង Europa League​ និង Cham​pions ​League អ៊ីចឹង​ខ្ញុំ​អាច​និយាយ​បាន​ថា​ Macarthur ជា​ក្រុម​នឹង​អាច​ឈ្នះ​ពាន​ AFC Cup នេះ ដូ​ច្នេះ​ពួក​គេ​នឹង​សាក​ល្បង​យើង​ ហើយ​យើង​រង់​ចាំ​មើល​ទាំង​អស់​គ្នា​»៕