​ភ្នំពេញៈ ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កាន់អំណាច​បានសម្រេច​ចុះ​ហត្ថ​​លេខា​លើ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធ​ភាព​លើ​ខ្លឹមសារ​ចំនួន​ ៨ ចំណុច ជាមួយ​គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ២៧​ គណ​បក្ស​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ជាមួយគ្នា និង​ជួយ​គ្នា ទៅវិញទៅមក​ដោយ​ស្មើភាព​។​


​ពិធី​ចុះហត្ថលេខា​នេះ បានរៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​ ២៥ ខែ​តុ​លា ឆ្នាំ ​២០២៣ នៅ​វិមាន​ ៧ ​មករា ដែលជា​ទីស្នាក់ការ​កណ្ដា​ល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​វត្តមាន​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយនឹង​ប្រធាន​គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន ​២៧។

គណបក្សនយោបាយ​ទាំង ២៨ ដែល​បាន​ចុះហត្ថលេខា​ចងសម្ព័ន្ធភាព​នៅពេលនេះ​រួម​មាន​៖ គណបក្ស​ប្រជាជន​កម្ពុជា​,​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, គណ​បក្ស​ពន្លឺ​ថ្មី​, គណបក្ស​សញ្ជាតិ​កម្ពុជា​, គណបក្ស​ខ្មែរ​ក្រោក​, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​, គណបក្ស​រស្មី​ខេមរា​, គណបក្ស​ខ្មែរ​សាធារណរដ្ឋ​, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​, គណបក្ស​យុវជន​កម្ពុជា​, គណបក្ស​ធម្មាធិបតេយ្យ​, គណ​បក្ស​ជនជាតិ​ប្រជាធិបតេយ្យ​កម្ពុជា​, គណបក្ស​ខ្មែរ​តែមួយ​, គណបក្ស​ឯកភាព​ជាតិខ្មែរ​, គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​, គណបក្ស​កសិករ​, គណបក្ស​ស្ត្រី ដើម្បី​ស្ត្រី​,​គណបក្ស​បំណង​ពលរដ្ឋ​, គណបក្ស​ខ្មែរ​អភិរក្ស​, គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ គណបក្ស​នគរ​ប្រជាធិបតេយ្យ​, គណបក្ស​អំណាច​ប្រជាពលរដ្ឋ​, គណបក្ស​ខ្មែរ​អង្គរ​, គណបក្ស​កម្ពុជា​សេរី​ឯករាជ្យ​ប្រជាធិបតេយ្យ​, គណបក្ស​ម៉ូលីណាកា​, គណបក្ស​ចលនា​ប្រជាធិបតេយ្យ​, គណបក្ស​អភិវឌ្ឍន៍​កម្ពុជា និង​គណបក្ស​មហានគរ​។


​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​នោះ​ដោយ​កោតសរសើរ​ដល់​គណបក្ស​ទាំង​ ២៧ ដែល​បានរៀបចំ​ឱ្យមាន​ការចុះ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​រវាង​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជាមួយ​បណ្ដា​គណបក្សនយោបាយ​នាពេលនេះ​។ លោក ហ៊ុន សែន អះអាងថា​៖ «​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធ​ភាព​នៅពេលនេះ គឺ​មិន​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​គណបក្សនយោបាយ​ណាមួយ​នោះទេ តែ​ជា​កិច្ចព្រមព្រៀង​ជា​ដៃគូ​ស្មើភាព ស្មើ​សិទ្ធិ​ជាមួយគ្នា និង​មិនមែនជា​ចំណុះឱ្យ​គណបក្ស​ប្រជាជន​ក៏​ទេ​ដែរ​»​។​

​លោក​ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ទៀតថា គណបក្សនយោបាយ​ទាំងអស់​បាន​ស្ម័គ្រ​ចិត្ត​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងកាន់​អំណាច មាន​ធនធានមនុស្ស ធនធាន​ហិរញ្ញវត្ថុ​ច្រើន​លើសលប់ បើ​ធៀប​ជាមួយនឹង​គណបក្ស​ផ្សេងទៀត​ក៏ដោយ​ក៏ប៉ុន្តែ​គណបក្ស​ប្រជា​ជនកម្ពុជា​មិនបាន​ចាត់ទុក​គណ​បក្សនយោបាយ​ទាំងនោះ ជា​គណបក្ស​តូចតាច​ទេ​។​


​លោក​ ហ៊ុន សែន មាន​ប្រសា​សន៍​ថា៖ «​ខ្លឹមសារ​នៅទីនេះ ខ្ញុំ​ចង់​បញ្ជាក់ថា គណបក្ស​ទាំងអស់​នៅតែមាន​ស្វ័យភាព​ហើយ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ដាក់​ទិស​ដៅ នយោបាយ​ដែល​ស្រប​ជាមួយនឹង​គោលការណ៍​ទាំងឡាយ​ដែល​យើង​បាន​ឯកភាពគ្នា នៅទីនេះ ព្រោះ​អ្នក​ទាំងអស់គ្នា​នឹង​ទទួល​នូវ​ការវាយប្រហារ​ភ្លាមៗ ចាប់ពីពេលនេះតទៅថា ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ពាក្យ​អាយ៉ង​នេះ វា​ក្លាយទៅជា​ទម្លាប់​របស់​ក្រុមប្រឆាំង​»​។

​ជាមួយគ្នា​នោះ លោក ហ៊ុន​ ​សែន បាន​ឌឺដង​ទៅកាន់ គណបក្សនយោបាយ​ដែលមាន​និ​ន្នា​ការប្រឆាំង​ចំនួន​ ៤ គឺ​គណបក្ស​ភ្លើងទៀន គណបក្ស​កែទម្រង់​កម្ពុ​ជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋា​ន ដែល​បាន​ចងសម្ព័ន្ធភាព​ក្នុងទិសដៅ​សម្រាប់តែ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ ២០២៤​ ប៉ុណ្ណោះ​។ រីឯ​ការ​ចងសម្ព័ន្ធ​ភាព​រវាង​បក្សនយោបាយ​ ២៨​ នៅពេលនេះ គឺមាន​គោលដៅ​យូរ​អង្វែង​សម្រាប់​ប្រទេស​កម្ពុជា​។​

បុរសម្នាក់យកសំរាមទៅចោលក្នុងធុង ក្នុងខណ្ឌដូនពេញនាពេលកន្លងមក។ ហេង ជីវ័ន

​លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​ការ​ចងសម្ព័ន្ធ​នេះ ជាការ​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​នៃ​ការ​ថែ​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​យូរអង្វែង​។ យើង​ត្រូវការ​កម្លាំង​មួយ​ដើម្បី​ការពារ​រដ្ឋ​ធម្ម​នុ​ញ្ញ របបរាជានិយម អធិបតីភាព និង​សន្តិភាព ទប់ស្កាត់​កម្លាំង​ជ្រុលនិយម​។ ជាពិសេស ការចង​សម្ព័ន្ធ​នេះ​មិនមែនជា​បញ្ហា​កញ្ឆក់​កណ្តៀត ដូច​សម្ព័ន្ធភាព​របស់​គណបក្សនយោបាយ​ខ្លះ ដែលមាន​គោលដៅ​រយៈពេល​ខ្លី​នោះទេ​»​។​

​ទាក់ទិន​នឹង​ការ​ចងសម្ព័ន្ធភាព​នេះ លោក ​ជ័យ តិច អ្នក​ស្រាវ​ជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម​​សេដ្ឋកិច្ច បាន​ថ្លែងថា ការ​ចងសម្ព័ន្ធភាពរ​បស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដែលមាន​និន្នាការ​ប្រឆាំង គឺជា​ការ​ចងសម្ព័ន្ធភាព​មួយ ដើម្បី​ពង្រឹង​សំឡេង​ដើម្បី​ប្រកួតប្រជែង ឱ្យមាន​តុល្យភាព​ជាមួយ​គណ​បក្ស​កាន់អំណាច ប៉ុន្តែ​សម្រាប់​ការ​ចងសម្ព័ន្ធភាពរ​វា​ង​គណ​បក្ស​ប្រជាជន​កម្ពុជា ជាមួយ​គណបក្ស​តូចៗ មិនមាន​សារៈ​សំខាន់​ខ្លាំងក្លា​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​ចង់​មិន​ចង់ គណ​បក្ស​តូចៗ​ទាំងនោះ មាន​និន្នាការ​ស្រប​ទៅលើ​គណបក្សកាន់អំណាច​រួចស្រេច​ហើយ ព្រោះ​យើង​មើលឃើញ​យន្តការ​ពិគ្រោះ និង​ផ្តល់យោបល់​។ អ៊ី​ចឹ​ង​ទេ គណបក្ស​ទាំងនោះ បាន​ចូលរួម​ជាមួយ​ជាស្រេច​ហើយ ដែលជា​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​​បក្ស​ប្រជាជន​កម្ពុជា​»​។

លោក ជ័យ តិច បន្តថា ការ​ចងសម្ព័ន្ធ​ភាព​ជាមួយ​គណបក្សកាន់អំណាច មិនមាន​សារៈសំខាន់​អ្វី​ទេ វា​ដូច​តែ​គ្នា ដែល​វា​ខុសពី​ការ​ចងសម្ព័ន្ធ​ភាព​របស់​គណបក្ស​ក្រៅ​រដ្ឋា​ភិ​បាល ដើម្បី​បាន​សំឡេង​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​។​

​យ៉ាងណាក្តី លោក អ៊ិត សារ​ម្យ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ ថ្លែងថា សម្រាប់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធ​របស់​គណបក្ស​នយោបាយ​ទាំង​ ២៨ នៅពេលនេះ គឺ​ឈរលើ​គោលការណ៍ និង​ដំណើរ​វិវឌ្ឍន៍ ​១​ នៃ​ស្ថាន​ភាពសេរី​ពហុបក្ស​នៅក្នុង​ប្រទេស​កម្ពុជា ស្ថិតនៅក្នុង​វ័យ​ចំណាស់ បន្ទាប់ពី​មានការ​ឆ្លង​កាត់​នូវ​សង្គ្រាម និង​ការយល់​ដឹង​របស់​គណបក្សនយោបាយ និង​ប្រជាពលរដ្ឋ​។

​លោក អ៊ិត សារ​ម្យ ថ្លែងថា​៖ «​យើង​ឃើញថា វោហារសាស្ត្រ​នយោបាយ​ខ្លះ ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ និង​ឯក​ភាព​ជាតិ ដែល​សម្តេច ​(​ហ៊ុន​ សែន​)​ បាន​លើកឡើងថា វប្បធម៌ ជ្រុលនិយម បង្ក​ជា​ហិង្សា និង​ជា​ជម្លោះ​។ ដូច្នេះ​គណបក្ស​បំណង​ពលរដ្ឋ យើង​យល់ឃើញថា ការ​ចងសម្ព័ន្ធភាព​នេះ ជា​ដំណើរ​ល្អ​នៃ​អ្នកនយោបាយ ព្រោះ​ការធ្វើ​នយោបាយ​ត្រូវ​ប្រជែង​គ្នា​លើ​ទស្សនៈ​គោល​នយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស ហើយ​ការចង​សម្ព័ន្ធភាព យើង​មិន​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​គណបក្ស​ណាមួយ​នោះទេ​»​។​

​យោងតាម​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ចំនួន​ ៨ ​ចំណុច​សំខាន់ៗ ដែល​ត្រូវបាន​មេដឹកនាំ​គណបក្សនយោបាយ​ទាំង ២៨​ បាន​ចុះហត្ថលេខា​មានដូចជា​៖ ពង្រឹងកិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​ដោយ​ស្មើភាព​, ប្តេជ្ញា​គោរព ប្រតិបត្តិ ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ប្ដេជ្ញា​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​, រួមសហការ​គ្នា​ដើម្បី​ទប់ស្កាត់​ និង​កម្ចាត់​ចោល​នូវ​នយោបាយ​ជ្រុលនិយម​ចេញផុតពី​កម្ពុជា​។

​ខ្លឹមសារ​បន្តថា ប្រឆាំង​ដាច់ខាត​ចំពោះ​ឧបាយ​កល និង​សកម្មភាព​របស់​ម​ជ្ឈ​ដ្ឋា​ន​ណា​ដែល​ព្យាយាម​បំផ្លាញ ឯកភាព​ជាតិ បង្ក​អស្ថិរភាព​ក្នុងសង្គម​,​ សហប្រតិបត្តិការ​ល្អជា​​មួយ​គ្នា​, គោរព​អនុវត្ត​ដោយស្មោះ​ត្រង់ និង​យក​ផល​ប្រ​យោ​ជន៍ជាតិ​ជាធំ និង​កសាង​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ ដើម្បី​អនុវត្ត​ឱ្យបាន​សម្រេច​លទ្ធផល​ល្អ​នៃ​កិច្ចព្រមព្រៀង​នេះ​៕