ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសថៃ បានសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារសម្រាប់ពលករ កម្ពុជាពី ១ ៩០០ បាត ដែលប្រហែល ៥៤ ដុល្លារអាមេរិក មកត្រឹម ៥០០ បាត ឬប្រមាណ ១៤ ដុល្លារអាមេរិក។
លោក ហេង សួរ បានបញ្ជាក់ដូចនេះ នាថ្ងៃទី ២៥ ខែតុលា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ ម៉ឺននាក់ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោកថ្លែងថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមគោរពជម្រាបជូនថា តាមរយ:លទ្ធផលនៃជំនួបទ្វេភាគី សម្តេចធិបតី ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីថៃ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីចុងខែកញ្ញា កន្លងទៅនេះ រដ្ឋាភិបាលថៃ ទើបបានឯកភាពតាមសំណើ និងការលើកឡើងរបស់សម្តេចធិបតីស្នើឱ្យភាគីថៃសម្របសម្រួល និងបន្ទុកចំណាយផ្សេងៗ។ ឥឡូវនេះរាជរដ្ឋាភិបាលថៃសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់ បងប្អូនកម្មករនិយាជិតកម្ពុជាដែលពីមុនមានពី ១៩០០បាតមកត្រឹម ៥០០ បាតប៉ុណ្ណោះ»។
លោកថា អត្រាថ្មីនេះ នឹងចាប់ផ្តើមអនុវត្តនៅក្នុងខែធ្នូខាងមុខ។ «ក្នុងនាមបងប្អូនពលករដែលធ្វើការនៅក្រៅប្រទេស ខ្ញុំសូមអរគុណសម្តេចធិបតី ដែលតែងតែលើកឡើងនូវសំណើនានាជូនទៅដល់ភាគីមិត្តម្ចាស់ផ្ទះទទួលពលករយើងឱ្យជួយសម្របសម្រួល និងថែទាំពលករយើងយ៉ាងកក់ក្តៅ»។
លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ថ្លែងថា ប្រសិនជាភាគីថៃបានឯកភាពលើការបញ្ចុះតម្លៃវីសាសម្រាប់ពលករកម្ពុជាពិតមែន ពិតជាល្អណាស់ ព្រោះពលករខ្មែដែលធ្វើចំណាកស្រុក ភាគច្រើនជាអ្នកដែលមិនមានការងារធ្វើ អត់មានមុខរបរឬក៏ជាអ្នកដែលជំពាក់បំណុលគេ។
លោកបន្តថា ដូច្នេះលទ្ធភាពរបស់ពលករ គឺមិនមានលុយក្នុងការចំណាយសម្រាប់ទៅស្នើសុំការស្នាក់នៅ និងការធ្វើឯកសារផ្សេងៗបានដោយខ្លួនឯងទេគឺពួកគាត់ត្រូវការខ្ចីលុយពីគេ ដើម្បីបានធ្វើឯកសារទាំងអស់នោះ។
លោកបញ្ជាក់ថា៖ «អ៊ីចឹង! ការកំណត់ទិដ្ឋាការ ឬវីសា ធ្លាក់មកដល់ត្រឹមជាង ១០ ដុល្លារនេះ វាគ្រាន់តែជួយបន្ថយបន្ទុកសម្រាប់ការចំណាយរបស់ពលករក្នុងការចុះឈ្មោះជាមួយក្រុមហ៊ុនជ្រើសរើសពលករ ប៉ុន្តែការចំណាយផ្សេងៗវានៅខ្ពស់ដដែលដូចជា ចំណាយការធ្វើលិខិតឆ្លងដែនពីខ្មែរយើងទៅនិងការពិនិត្យសុខភាពជាដើម»។
លោកថា ដើម្បីជួយទៅដល់ពលករខ្មែរ ក្នុងការកាត់បន្ថយការចំណាយ ភាគីកម្ពុជាត្រូវពិចារណាទៅលើតម្លៃការធ្វើលិខិតឆ្លងដែន តម្លៃពិនិត្យសុខភាពនិងតម្លៃឯកសារផ្សេងៗដែលផ្លូវច្បាប់មួយចំនួន តម្រូវ គួរតែធ្វើការបញ្ចុះដូចទៅនឹងភាគីថៃផងដែរ ពីព្រោះហេតុផលដែលលោកចង់ឱ្យកម្ពុជាធ្វើការបញ្ចុះរាល់ការធ្វើឯកសារទាំងនោះគឺដើម្បីឱ្យពលករខ្មែរដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃមានឯកសារត្រឹមត្រូវ និងលិខិតឆ្លងដែនបានគ្រប់ៗគ្នា។
លោក មឿន តុលា បន្ថែមថា៖ «ប្រសិនការចំណាយហ្នឹងកាន់តែតិច ហើយមានពេលវេលារង់ចាំច្បាស់លាស់ គឺអាហ្នឹងវាអាចកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថានរបស់ពលករយើងបានផងដែរ»។
ចំណែកលោក ម៉ាន់ សេងហាក់ ប្រធានសហព័ន្ធសហជីពឥទ្ធិពលការងារ បានថ្លែងថា ការបញ្ចុះតម្លៃទិដ្ឋាការរបស់ថៃ មកនៅត្រឹមជាង ១០ ដុល្លារនេះបានចូលរួមកាត់បន្ថយការចំណាយរបស់ពលករខ្មែរដែលទៅធ្វើចំណាកស្រុក ឬធ្វើការនៅប្រទេសថៃ។
លោកថ្លែងថា៖ «ការបញ្ចុះតម្លៃនេះ វាបង្ហាញថា ពលករខ្មែរយើងហ្នឹងមានច្រើន ហើយការងារដែលនៅប្រទេសថៃហ្នឹង ក៏មានច្រើនផងដែរ។ អ៊ីចឹង ថៃគឺខ្វះពលករដើម្បីបម្រើការងារនៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលកម្ពុជាយើង គឺមានកម្លាំងពលករច្រើន។ ដូច្នេះខ្ញុំយល់ថា វាជាការប្រសើរណាស់ ពីព្រោះវាកាត់បន្ថយការចំណាយច្រើនរបស់ពលករយើង»។
លោកថា ក្រៅពីនេះ វាក៏កាត់បន្ថយការទៅធ្វើចំណាកស្រុកដោយខុសច្បាប់ដែរព្រោះការឆ្លងដែនដោយខុសច្បាប់គឺធ្វើឱ្យពលករខ្មែរត្រូវប្រឈមនឹងអាជ្ញាធរថៃចាប់ដាក់គុកនិងការកេងប្រវ័ញ្ចកម្លាំងពលកម្ម៕