ភ្នំពេញៈ រដ្ឋាភិបាលនៃប្រទេសកាណាដា និងអង្គការដៃគូ នឹងបន្តគាំទ្រកម្ពុជាលើការងារបោសសម្អាតមីន និងជួយជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគាំទ្រដល់សហគមន៍ឱ្យទទួលបាននូវឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឬការបង្កើតមុខរបរថ្មីមួយផងដែរ។ នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា។
លោកបានលើកឡើងបែបនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសកាណាដាប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣។
លោក លី ធុជ បានលើកឡើងតាមរយៈហ្វេសប៊ុកលោកថា៖ «ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខ្ញុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសកាណាដា ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងនោះរួមមានការគាំទ្រដល់ការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីន ជាដើម»។
យោងតាមអាជ្ញាធរមីនកម្ពុជា ក្នុងរយៈពេលជាង ៣០ ឆ្នាំនៃសកម្មភាពមីន កម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ព្រមទាំងទទួលបាននូវបទពិសោធន៍គ្រប់គ្រាន់ក្នុងការចូលរួមចែករំលែកជំនាញ និងចំណេះដឹង ទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ដែលទទួលរងគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដូចកម្ពុជាដែរ។ ជាមួយនឹងបទពិសោធន៍ទាំងនេះ កម្ពុជាធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ ឬសិក្ខាសាលាឬសន្និសីទជាច្រើនទាំងថ្នាក់តំបន់ និងសកលលោកពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។
នៅថ្ងៃដដែលនោះដែរ លោក លីធុជ ក៏បានជួបជាមួយមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ (Exceed Worldwide), អង្គការ ICRC និងសមាគម KhAPO ផងដែរ។
លោក លី ធុជ បានលើកឡើងថា មជ្ឈមណ្ឌល Exceed Worldwide, អង្គការ ICRC និង សមាគម KhAPO ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារនិងការផ្តល់សេវាកម្មនានាដល់ជនមានពិការភាពជាពិសេសជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្គ្រាម រួមទាំងការគាំទ្រសហគមន៍ឱ្យទទួលបាននូវឱកាសអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗជាដើម។
លោកបញ្ជាក់ថា៖ «កិច្ចការសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមគឺជាកិច្ចការមួយចាំបាច់ផងដែរ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងជនមានពិការភាព គ្រួសារ និងសហគមន៍ ហើយការបញ្ចូលកិច្ចការសង្គ្រោះជនរងគ្រោះ ចូលទៅក្នុងគោលនយោបាយ និងផែនការជាតិ ព្រមទាំងក្របខ័ណ្ឌច្បាប់នានា គឺដើម្បីធានាថា ជនរងគ្រោះទាំងអស់ទទួលបានសិទ្ធិ និងការគាំទ្រពេញលេញពីរាជរដ្ឋាភិបាល»។
លោកបានអះអាងថា៖ «សម្រាប់គោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥ គឺមានន័យថា កម្ពុជាគ្មានទុកជនណាម្នាក់ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ ២០២៥ ទៀតឡើយ»។
តាមរយៈអាជ្ញាធរមីនកម្ពុជា លោក Carson Harte នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ (Exceed Worldwide) ក៏បានលើកឡើងពីសកម្មភាពមួយចំនួនរបស់មជ្ឈ មណ្ឌល ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាអស់រយៈពេលជិត ២៥ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៩ ក្នុងការស្តារកាយសម្បទា ការបណ្តុះបណ្តាល និងការលើកកម្ពស់គុណភាពជីវិតដល់ជនមានពិការភាពរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោក Carson Harte បានថ្លែងថា៖ «យើងចង់ឃើញជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា រួមទាំងក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវការថែទាំបីបាច់កាន់តែប្រសើរឡើង»៕