​ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក ស្តេ​ហ្វិ​ន ម៉េ​ស​សឺ​រឺរ (Stefan Messerer) បាន​លើកឡើងថា រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​នៅតែ​បន្ត​គាំទ្រ​ដល់​កម្ពុជា ពិសេស​ក្រសួង​ការងារ​លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​អាទិភាព ដើម្បី​ជំរុញ​និង​បង្កើន​ប្រសិទ្ធភាព និង​បរិយាកាស​កាន់តែ​ប្រសើរ​នៅក្នុង​វិស័យ​ទាំងនេះ​។


​ការលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ដូច្នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ កាលពី​ថ្ងៃទី ​២៤ ខែតុលា ឆ្នាំ​ ២០២៣ នៅ​ទីស្តីការក្រសួង​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្រសួង​ការងារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​។​

​បើតាម​ក្រសួង​ការងារ ក្នុងឱកាស​នោះ លោក ស្តេ​ហ្វិ​ន ម៉េ​ស​សឺ​រឺរ បាន​លើកឡើងថា រដ្ឋាភិបាល​អាល្លឺម៉ង់​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើ​វិស័យ​ការងារ​អាទិភាព​មួយចំនួន​។​


​លោក​បាន​បញ្ជាក់ថា​៖ «​អាល្លឺម៉ង់​នៅតែ​បន្ត​គាំទ្រ​កម្ពុជា​លើ​វិស័យ​អាទិ​ភាព រួមមាន វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការបណ្តុះបណ្តាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ ដើម្បី​ជំរុញ​និង​បង្កើន​ប្រសិទ្ធភាព​និង​បរិយាកាស​កាន់តែ​ប្រសើរ​ក្នុង​វិស័យ​ទាំងនេះ​បន្ថែមទៀត​»​។

​ជា​កិច្ច​ឆ្លើយតប លោក ហេង សួរ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋា​ភិ​បាល​អាល្លឺម៉ង់ និង​ទីភ្នាក់ងារ​របស់ខ្លួន ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​ដល់​សកម្មភាព​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​


​លោក​បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី៧​ នេះ បាន​យក​​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ការងារ​និង​ទំនាក់​ទំនង​វិជ្ជាជីវៈ និង​ការបំពាក់​ជំនាញ​ស្តង់ដា​ដែលមាន​ការទទួលស្គាល់​ពី​ទីផ្សារការងារ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ក្លាយជា​កម្លាំងចលករ​សេដ្ឋ​កិច្ច​ដ៏​សកម្ម​និង​មាន​ផលិតភាព​ការងារ​ខ្ពស់​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានបង្ហាញ​ការគាំទ្រ​និង​សាទរ ដោយ​លោក​ថ្លែងថា នេះ​គឺជា​រឿង​ល្អ​ដែល​ក្រសួង​ការងារ និង​ភាគី​អាល្លឺម៉ង់ បានពង្រឹង​លើ​ការលើកកម្ពស់​វិស័យ​ការងារ​ពាក់ព័ន្ធ​នឹង​ជំនាញ​បច្ចេកទេស​ដល់​យុវជន និង​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​បំពេញតម្រូវការ​ការងា​រនា​ពេលបច្ចុប្បន្ន និង​អនាគត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​ជំរុញ​លើ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​កម្ពុជា​បាន​ជោគជ័យ​គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ពិសេស​រដ្ឋាភិបាល​គួរតែ​ធានាបាន​នូវ​បរិយាកាស​អំណោយផល​ដ​ល់​ភាគី​ពាក់ព័ន្ធ​ហើយក៏​សូម​ស្នើឱ្យ​ក្រសួង​ពង្រីក​កិច្ចសហការ​ជាមួយ​មជ្ឈដ្ឋាន​ខាងក្រៅ​ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​ទាញ​កំណើនសេដ្ឋកិច្ច​លើ​វិស័យនេះ​»​។

​សូមជម្រាបថា ក្នុងជំនួប​នោះ លោក ហេង សួរ ក៏បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ពី​គម្រោង​បណ្តុះបណ្តាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​ហានិភ័យ​ចំនួន ​១,៥​ លាន​នាក់​ ដែលជា​កម្មវិធី​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាលផងដែរ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​ស្ថិតក្នុង​ស្ថានភាព​លំបាក​នេះ​ឱ្យមាន​ជំនាញ​ជាក់លាក់ ហើយ​ទទួលបាន​ការងារ​ធ្វើ​សមរម្យ​ដែល​ទីផ្សារការងារ​ទទួលស្គាល់​។

​ក្រៅពីនេះ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏បាន​ស្នើ​ដល់​ភាគី​អាល្លឺម៉ង់​ឱ្យ​បន្ត​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​ឈានទៅ​សម្រេច​គោល​ដៅ​របស់​រាជរដ្ឋាភិបាល​ផងដែរ​៕