ភ្នំពេញៈ ក្រសួងបរិស្ថាន​សហកា​រ​ជា​មួយក្រុម​ហ៊ុន អេកូ​បាត អេ​នើ​ជី អ៊ិ​ន​វេស​ម៉ិ​ន អ៊ិន​ធើ​ណេ​សិ​នណល ឯ​.​ក ធ្វើការ​ប្រមូល​សំណល់​អាគុយ ថ្មពិល ព្រមទាំង​សំណល់ បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក បាន​ចំនួន​ជាង​ ៣០​ តោន ក្នុង​រយៈពេល​ជាង ​១ ​ឆ្នាំ គិត​ចាប់ពី​ខែសីហា ឆ្នាំ​២០២២ រហូតមកដល់​ខែតុលា ឆ្នាំ​ ២០២៣​ នេះ​។​


​ក្រសួងបរិស្ថាន​បានឱ្យដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​កថា ការប្រមូល​សំណល់​អាគុយ ថ្មពិល ព្រមទាំង សំណល់ បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក មានដូចជា ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ទូ​ទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ ម៉ាស៊ីន​ព្រី​ន និង​ម៉ាស៊ីនថតចម្លង ជាដើម​នេះ គោលបំណង​សំខាន់​គឺ ដើម្បី​យកមក​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ និង​ប្រកបដោយ​សុវត្ថិភាព កុំឱ្យ​មានការ​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ជា​ពិសេស​គឺ​សុខភាព​ប្រជាជន​។

​ប្រភព​ដដែល​បានឱ្យដឹងថា សំណល់​អាគុយ ថ្មពិល ព្រមទាំង​សំណល់ បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក ជា​សំណល់​គ្រោះថ្នាក់ ព្រោះ​សំណល់​ទាំងនោះ មាន​ផ្ទុក​ទៅដោយ​សារធាតុ​គ្រោះ​​ថ្នាក់​មាន​កម្រិត​ពុល​ខ្លាំង​ដូចជា បារត សំណ កាត់​ម៉្យូ​ម អា​សេ​និក នី​កែ​ល ក្រូម ទង់ដែង បេរីល្យូម និង​សារធាតុ​ទប់ស្កាត់​ការឆេះ​ជាដើម ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព បើសិន​ជាការ​ទុកដាក់​មិនបាន​ត្រឹមត្រូវ​។


​ក្រសួងបរិស្ថាន​បញ្ជាក់​ថា​៖ «​ការ​ទុកដាក់ ឬ​បោះចោល​សំណល់​អាគុយ សំណល់​ថ្មពិល និង​សំណល់​បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក​មិនបាន​ត្រឹម​ត្រូវ នឹងធ្វើ​ឱ្យមាន​ការ​សាយ​ភាយ​សារ​ធាតុ​គ្រោះថ្នាក់​ចូលក្នុង​បរិស្ថាន និង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស​ដូចជា ប៉ះពាល់​ឆ្អឹង ខូច​តម្រងនោម ខូច​ប្រព័ន្ធ​ប្រសាទ ខូច​ចលនា​សាច់ដុំ ខូច​ប្រព័ន្ធ​ភាពស៊ាំ និង​ប៉ះពាល់​ការបង្ក​កំណើត​ទារក និង​ទារក​ក្នុង​ផ្ទៃ ជាដើម​»​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​រក្សាទុក​សំណល់​អាគុយ សំណល់​ថ្ម​ពិល និង​សំណល់​បរិក្ខារ​អគ្គិសនី អេឡិចត្រូនិក បណ្ដោះអាសន្ន​ឱ្យបាន​ត្រឹមត្រូវ​។​ សាធារណជន​អាច​យក​សំណល់​ទាំងនោះ ទៅ​ទុក​នៅ​ទីតាំង​ដែលមាន​ធុង​ប្រមូល​ដើម្បី​ទុកដាក់​សំណល់​ទាំងនោះ​។


​លោក ឆឺ​យ បូ​ណា អ្នកគ្រប់គ្រង​កាក​សំណល់ នៃ​ក្រុមហ៊ុន​អេកូ​បាត​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ខែតុលា​ថា ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ចាប់ពី​ខែសីហា ឆ្នាំ​ ២០២២ រហូតមកដល់​បច្ចុប្បន្ន ដោយ​គ្រោង​នឹងធ្វើ​ការ​​ប្រមូល​សំណល់​ទាំងនោះ​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​ជំហាន​ដំបូង​នៅ​ឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៤​ នេះ ក្រុមហ៊ុន​ផ្តោត​ការប្រមូល​នៅ​រាជធានី​ភ្នំពេញ​ជាមុន​។ ចំណែក​តាម​បណ្តា​ខេត្ត ក្រុមហ៊ុន នឹងធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ចុះទៅ​ប្រមូល​។

​លោក​បញ្ជាក់ថា ចាប់តាំងពី​មាន​កិច្ចសហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រុម​ហ៊ុន​ប្រមូល​សំណល់​អាគុយ ថ្មពិល ព្រមទាំង​សំណល់​បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក បាន​ជាង ៣០ ​តោន ក្នុងនោះ​មាន​សំណល់​ថ្មពិល ជាង ​២​ តោន សំណល់​អាគុយ​ជាង ​១២​ តោន និង​សំណល់​បរិក្ខារ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និក​ជាង ​១៧ ​តោន​។

​លោក បូ​ណា ប្រាប់ថា ក្រោយ​ការ​​ប្រមូលបាន​រាល់​សំណល់​ទាំងនោះ ក្រុមហ៊ុន​មាន​ក្រុមការងារ​ដើម្បី​ធ្វើការ​បែងចែក​សំណល់​នីមួយៗ ផ្សេងៗ​ពីគ្នា ចំពោះ​សំណល់ ដែល​អាច​កែច្នៃ​ដើម្បី​ប្រើប្រាស់​ឡើងវិញ​បានដាក់​ ១ ​ផ្នែក​។ ចំណែក​សំណល់​គ្រោះថ្នាក់​ផ្សេងៗ ក្រុមហ៊ុន​នឹង​រក្សាទុក​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ផ្តល់ជូន​ក្រុមហ៊ុន​ដៃគូ​នៅក្រៅ​ប្រទេស​ដែលមាន​សមត្ថភាព​ធ្វើការ​បំផ្លាញចោល​។

​លោក​បញ្ជាក់ថា​៖ «​សំណល់​គ្រោះ​ថ្នាក់​ដូចជា​ថ្មពិល និង​អាគុយ​យើង​ទុកដាក់​វា​ឱ្យបាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស​របស់​វា រហូតដល់​គ្រប់​ចំនួន​ណា​ ១ ​ទើប​ក្រុមហ៊ុននាំចេញ​ទៅ ក្រុមហ៊ុន​នៅក្រៅ​ប្រទេស ដែលជា​ដៃគូ​របស់ Ecobatt​ ហើយ​ពួកគេ​មាន​សមត្ថ​ភាព​ក្នុងការ​បំផ្លាញ​សំណល់​នេះ​បាន​»​។​

​លោក​ថ្លែងថា អ្នកមាន​សំណល់​ទាំងនោះ មួយចំនួន​មិន​ព្រម​សហការ​ដើម្បី​ទុក​ឱ្យបាន​ត្រឹមត្រូវ​នោះទេ ហើយ​ថែមទាំង​យក​សំណល់​ទាំងនោះ ទៅ​បោះចោល​នៅ​ទីតាំង​ផ្សេងៗ ខណៈ​អ្នក​​ខ្លះទៀត​យក​សំណល់ ដែលមាន​សារ​ធាតុ​គ្រោះថ្នាក់​ទាំងអស់នោះ​លក់​ទៅតាម​អ្នកប្រមូល​ទិញ​នៅ​មូលដ្ឋាន​ហៅថា អេតចាយ ដែល​អេតចាយ​នោះ​ដោះ​ប្រមូល​យកតែ​កន្លែង​មានតម្លៃ ចំណែក​សំណល់​គ្រោះថ្នាក់​ត្រូវបាន​បោះចោល​ពាសវាល​ពាសកាល ដូច្នេះ​ត្រូវ​គិត​ជាធំ​ទៅលើ​ផលប៉ះពាល់​បរិស្ថាន​៕