ភ្នំពេញៈ កីឡាករជើង​ខ្លាំង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ត្រកូល «ឡៅ» គឺ ឡៅ ចន្ទ្រា និង ឡៅ ចិត្ត្រា រួម​ទាំង យ៉េន ឌីណា, ទូច ដេវីត និង ធន់ វណ្ណា ​​ត្រូវបាន​សង្វៀន​ប្រដាល់​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) ដាក់​ឱ្យ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់​ចំនួន៣​ស្ថាប័នជាមួយ​អ្នកប្រដាល់​បរទេស ក្នុង​​ព្រឹត្តិការណ៍ Krud Kun Khmer ដែល​ធ្វើ​​នៅ​ក្នុង​វិមាន​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក ​នា​ថ្ងៃទី​២៩ ខែ​តុលា​ ហើយ​ម្ចាស់មេដាយ​មាស ឃីម ឌីម៉ា រួម​ទាំងអ្នក​ប្រយុទ្ធ ធន់ រិទ្ធី និង អ៊ុង វីរៈ ក៏​ត្រូវ​ដាក់​ឱ្យ​ប្រកួត​​អន្តរ​ជាតិ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដូចគ្នា។

ជាមួយ​គ្នា​នេះ លោក ម៉ុល នី ប្រធាន​ផ្គូផ្គង​​របស់​សង្វៀន​ប្រដាល់​ទទក បាន​អះអាង​ថា ការ​ប្រកួត Krud Kun Khmer ដែលនឹង​ចាប់ផ្តើមពី​ល្ងាច​ម៉ោង​ ៦​ តទៅ នា​ថ្ងៃទី​២៩ ខែតុលា​នេះ វាជា​ព្រឹត្តិការណ៍​ធំ លើកទី​២ បន្ទាប់ពី​​ការ​ប្រកួត Krud Kun Khmer កាល​ពី​ថ្ងៃទី​៣ ខែកញ្ញា ដែល​​ជា​ការ​ប្រកួតដណ្តើមខ្សែ​ក្រវាត់​ចំនួន​ ៦​ ស្ថាប័ន ក្នុង​ពេលតែ​មួយ មិន​ធ្លាប់​មាន នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ប្រ​ដាល់។

លោក​បាន​និយាយ​ថា៖ ​«​នេះជា​ព្រឹត្តិការណ៍​ធំទី​២​របស់ Krud Kun Khmer ហើយ​វា​ក៏ជា​លើក​ដំបូង​ផងដែរ ដែល​យើង​​បានរៀបចំ​ឱ្យ​មានការ​ប្រកួត​ម៉ារ៉ាតុង ដណ្តើម​ខ្សែ​ក្រវាត់ចំនួន​២ ​ប្រភេទ​ទម្ងន់ក្នុង​ពេល​តែ​មួយ ព្រមទាំង​មានការ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់ ទម្ងន់​៧៣​គីឡូក្រាម និងការ​ប្រកួត​មិត្ត​ភាពចំនួន​​៣គូ​ទៀត ដែល​សម្រិត​សម្រាំង​សុទ្ធតែ​កីឡាករ​មានសមត្ថ​ភាព​ខ្ពស់ មក​ប្រកួត​គ្នា»។ ​


នៅ​ក្នុងការ​ប្រកួតដ៏​ធំ​នេះ កីឡាករ​កម្ពុជា ទូច ដេវីត និង ធន់ វណ្ណា ​នឹង​ត្រូ​វដាក់​ឱ្យ​ប្រកួត​ម៉ារ៉ា​​​​តុងដណ្តើមខ្សែ​ក្រវាត់​ទម្ងន់ ​៦០ គីឡូ​ក្រាម ជាមួយ​កីឡាករ​មីយ៉ាន់ម៉ា និង​ថៃ ចំណែក​ជើង​ខ្លាំង ឡៅ ចិត្ត្រា និង យ៉េន ឌីណា ត្រូវ​ដាក់​ឱ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់​ ៦៥ គី​ឡូក្រាម​ជាមួយ​ថៃ និងមី​យ៉ាន់ម៉ា​ដូច​គ្នា។

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ប្រកួតម៉ា​រ៉ាតុង ដណ្តើមខ្សែ​ក្រវាត់​ទាំង​២​ប្រភេទទម្ងន់​នេះ ត្រូវ​បាន​កំណត់​រួច​ហើយ គឺ​ការ​ប្រកួត​ជម្រុះ តម្រូវ​ឱ្យ​កីឡាករ​កម្ពុជា ត្រូវប៉ះកីឡាករ​បរទេស​ដូចគ្នា ដោយ​ក្នុង​នោះ ទូច ដេវីត ត្រូវជួប​មីយ៉ាន់ម៉ា Sow Aye See រីឯ ធន់ វណ្ណា ត្រូវ​ប៉ះថៃ Phanpich R. PiTik ចំណែក ឡៅ ចិត្ត្រា ប្រកួត​ជាមួយ​ថៃ Noppakao Petchyindee ហើយ យ៉េន ឌីណា ត្រូវ​ជួប​មីយ៉ាន់ម៉ា Anasin Pumea។


ចំណែក​ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ ឡៅ ចន្ទ្រា ​ត្រូវ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់ ក្នុង​ទម្ងន់​៧៣​គីឡូក្រាម​ជាមួ​យ​ជើង​ខ្លាំង ​Dabmorn Phumpanmoung ដែល​ថៃ​ម្នាក់នេះ ធ្លាប់​បាន​ចាញ់​​ពិន្ទុអ្នក​ល្បី ព្រំ សំណាង សម្រាប់​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​គ្រុឌគុនខ្មែរ កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៣។

ដោយ​ឡែក​សម្រាប់​ការប្រកួត​មិត្ត​ភាព​អន្តរជាតិ​វិញ ម្ចាស់​មេដាយ​មាសស៊ីហ្គេម ឆ្នាំ​២០១៧ ឃីម ឌីម៉ា ត្រូវ​​ជួប​អ្នក​ប្រដាល់​លេង​សក់​មកពី​​បារាំង Seyed Bagher ក្នុងទម្ងន់​ ៦០​ គីឡូ​ក្រាម រីឯ អ៊ុង វីរៈ ត្រូវជួប​ខ្លាចាស់​របស់​ថៃ Sudsakorn ក្នុងទម្ងន់ ៧៥ គីឡូក្រាម ហើយ​ជំនួប​​រវាង​កីឡាករ​ជើង​ចាស់​ទាំង​២​ នេះ ត្រូវបាន​ធ្វើ​ឡើង​ស្រប​តាមការ​ចង់​បាន​របស់​អ្នក​គាំទ្រ ជា​ពិសេស អ៊ុង វីរៈ ព្រោះ វីរៈ ចង់​ជម្រះ​បញ្ជីចាស់​ជាមួយ​ Sudsakorn ដែល​រូបគេ​ធ្លាប់​ចាញ់ នៅ​លើ​ទឹកដី​ថៃ កាលពី​ប្រមាណ​ ១០ ​ឆ្នាំ ​មុន។

ចំណែក ធន់ រិទ្ធី ដែល​ត្រូវបានគេ​ប្រសិទ្ធនាម​ថា ជា «អធិរាជ​អ្នក​លេង​អំបោះ​ឆៅ» បន្ទាប់​ពី​រូបគេ បាន​ផ្តួល​ជើង​ខ្លាំង​របស់​ថៃ Sammy Bengchagmek ឱ្យ​សន្លប់ត្រឹ​មទឹកទី​២ ដើម្បី​​ឈ្នះ​បានខ្សែ​ក្រវាត់ កាល​ពី​ថ្ងៃទី​៣ ខែកញ្ញា​នោះ នឹង​ត្រូវ​​ប្រកួត​អំបោះ​ឆៅជា​មួយ​អ្នក​ប្រយុទ្ធ​មកពី​អ៊ីរ៉ង់ Arvin Mehboudi ក្នុង​ទម្ងន់​ ៧៣ ​គីឡូ​ក្រាម ដែលគេ​ម្នាក់​នេះ​ធ្លាប់​ឈ្នះ​ពិន្ទុ អ៊ុង វីរៈ សម្រាប់​ការ​ប្រកួត​បែប​គុន​ខ្មែរ កាល​ពី​ថ្ងៃទី​៣ ខែកញ្ញា។

ចំពោះ​ការប្រកួត​នេះ ធន់ រិទ្ធី បាន​និយាយ​ថា៖ ​«ដៃគូ​របស់​ខ្ញុំ គាត់​មានកម្លាំងខ្លាំង​ វ៉ៃ​​ចេញ​ចូល​​បាន​លឿន និង​ល្អ​ដៃ​ដូច​ខ្ញុំដែរ តែ​គាត់អាច​មាន​ប្រៀប​ជាងខ្ញុំ​បន្តិច ដោយ​សារ​​ជា​កីឡាករ​គីឡូធំ សម្រក​​មក​វ៉ៃជាមួយ​យើងគីឡូតូច។ តែទោះបីជា​យ៉ាង​ណា ​ការ​វ៉ៃ​អំបោះឆៅ​នេះ ​អាច​នឹង​សន្លប់​​ដូចគ្នា ឱ្យតែ​វ៉ៃ​ចូលបានមុន ព្រោះ​​វា​មាន​ទម្ងន់​ធ្ងន់ជាង​វ៉ៃ​ដោយ​កណ្តាប់​ដៃទទេ ហើយ​ខ្ញុំ​នឹង​ខំ​ប្រឹង​ប្រែង​ឱ្យអស់ពី​លទ្ធភាព។ ខ្ញុំ​បាន​ត្រៀមទាំង​​ចិត្ត និង​កាយ​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត ដែលបាន​ជួប​​អ្នក​ខ្លាំង​ដូច​គាត់»។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​អ្នក​គាំ​ទ្រ ដែល​មាន​បំណង​ចង់​ចូល​រួម​ទស្សនា​ផ្ទាល់ ​មហា​ព្រឹត្តិការណ៍ការ​ Krud Kun Khmer នាថ្ងៃទី​២៩ ខែតុលា​នេះ ត្រូវ​ធ្វើការ​ទិញ​សំបុត្រ ដោយ​មាន​៣​ប្រភេទគឺ​ប្រភេទទី​១ VVIP ១ សន្លឹក តម្លៃ​ ៥ ម៉ឺន​ រៀល ប្រភេទទ២ VIP ១​ សន្លឹក​ តម្លៃ​៣ម៉ឺន និង​​ប្រភេទទី៣ (តំបន់​ធម្មតា) ១ សន្លឹក​ តម្លៃ ​១៥ ០០០ ​រៀល តែ​រាល់​សំបុត្រ​ទាំង​អស់​នេះនឹង​ប្តូរ​បាន​មក​វិញ​នូវ​​ភេសជ្ជៈ។

លោក ម៉ុល នី បាន​បញ្ជាក់​ថា៖​ «​រាល់​ការ​ប្រកួត Krud គុន​ខ្មែរ នៅតែ​រក្សា​ការ​លក់​សំបុត្រ ហើយ​​ថវិកា​ទទួលបាន​ពីការ​លក់សំបុត្រ យើង​នឹង​យក​ទៅ​ទិញ​សម្ភារ​កីឡា ដើម្បី​យក​ទៅ​ចែក​ជូន​​​ដល់​បណ្តា​ក្លិបប្រដាល់​គុន​ខ្មែរ​ទាំង​អស់ ដែល​មានការ​ខ្វះ​ខាត ហើយ​ការ​ប្រកួត Krud Kun Khmer កាលពី​ថ្ងៃទី​៣ ខែកញ្ញា យើង​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង ដោយ​ក្នុង​នោះ​សំបុត្រ​ជិត​ ១ ម៉ឺន ​សន្លឹក ត្រូវបាន​លក់​អស់​»៕