ភ្នំពេញៈ​ រដ្ឋមន្ត្រី​ក្រសួង​ព័​ត៌មានលោក នេត្រ ​ភក្ត្រា បាន​ទទួល​យក​ពានរ​ង្វាន់​កោត​សរសើរ ​«AIBD Appreciation Award 2023 » ពី​លោក​ស្រី PhiloMena Gnanapra Gasam នាយិកាវិទ្យា​ស្ថាន​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិ​ក​ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ AIBD ដែល​បាន​យក​មក​ប្រគល់​ជូន​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣​។​ នេះ​បើតាម​ការ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​។


​លោក​ស្រី ​PhiloMena Gnanapra Gasam ស្នើ​ដល់​រដ្ឋមន្ត្រីក្រ​សួង​ព័ត៌មា​ន បន្ត​ជួយ​គាំទ្រនិង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការជាមួយ​ AIBD ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ខណៈ AIBD សន្យា​នឹង​បន្ត​ជួយ​បណ្តុះប​ណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​ព័ត៌មា​ន រួ​មទាំង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌​មាន​ក្លែង​ក្លាយ​និង​ការលាង​លុយ​កខ្វក់​ផង​ដែរ​។ នេះ​បើតាម​តាម​ការផ្សា​យ​លើ​គេហទំ​ព័រ​ក្រសួង​ព័ត៌មាន​ដែល​បាន​ដក​ស្រង់​សម្តី​លោក​ស្រី Philo​Mena Gnanapra Gasam ។

​ក្រសួង​ព័ត៌មា​ន​បានឱ្យ​ដឹងថា លោក នេត្រ ភក្ត្រា បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិប​ត្តិការ​គ្នា​យ៉ាង​ល្អ​រវាង​ក្រសួង​ព័ត៌​មាន​កម្ពុជា​ជាមួយAIBDអស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកនេះ​។លោក​រដ្ឋម​ន្ត្រី​ថានឹង​បន្ត​គាំទ្រ​ដល់​កិច្ច​ការ​ងារ​របស់AIBDទៅមុខទៀ​តហើយលោក​បានលើ​កឡើ​ង​ពី​ក្តី​សង្ឃឹម​ថា AIBD នឹង​បន្ត​ជួយ​ដល់​ក្រសួង​ព័ត៌​មាន​ លើ​ការងារ​បណ្តុះប​ណ្តាល​ធន​ធាន​មនុស្ស​ឱ្យ​បាន​កា​ន់តែច្រើ​ន​បន្ថែម​ទៀត ព្រោះ​ក្រសួងមាន​ទីតាំង​សម​រម្យ​ជា​វិទ្យា​ស្ថាន​សម្រាប់​កិច្ច​ការងារ​បណ្តុះ​បណ្តា​ល ។ ​ចំណែក​ AIBD មាន​គ្រូ​បង្គោលអា​ច​បញ្ជូន​មក​ឧទ្ទេស​នាម​ពន្យល់​បង្ហាត់​បង្រៀន​គឺជា​ការល្អ និង​ចំណាយ​តិច​ផង​។


​ប្រភព​ដដែល​បាន​ឱ្យដឹ​ង​ទៀតថា​ ក្នុងឱកាស​នោះ ​ថ្នាក់ដឹក​នាំ​​វិទ្យាស្ថា​ន​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិ​ក ​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​AIBD បាន​​ចូលរួ​ម​អបអរ​សាទរ​ ចំពោះ​លោកនេត្រ ភក្ត្រា ដែល​ត្រូវបាន​ឡើង​កា​ន់តំណែង​​ជារ​ដ្ឋមន្ត្រី​ក្រសួង​ព័ត៌មានក្នុង​អាណត្តិ​ទី៧ នៃ​រាជរ​ដ្ឋា​ភិបា​ល​កម្ពុជានិង​សង្ឃឹមថា លោក​នៅតែ​បន្ត​កា​រគាំទ្រនិង​ផ្តល់​កិច្ច​ស​ហប្រតិ​បត្តិកា​រក្នុង​ភាព​ជា​ដៃគូក្នុង​វិស័យ​ព័ត៌មា​ន​ដើម្បី​រួមគ្នា​ប្រយុ​ទ្ធ​ប្រឆាំង​ព័ត៌​មាន​ក្លែង​ក្លាយ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ AIBD បាន​ឱ្យដឹ​ងថា ​វិទ្យាស្ថាន​​តំបន់​អាស៊ី​-​ប៉ាស៊ី​ហ្វិក​ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​AIBD មាន​មោទន​ភាព​ក្នុងការ​ទទួល​ស្គាល់​ការលះ​បង់​ដ៏​វិសេស​វិសាល​និង​ការ​គាំទ្រ​ការមិន​រាថយ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល ​២២ ​ឆ្នាំ ​ចុង​ក្រោយ​នេះ​។ ក្រសួង​ព័ត៌មាន​របស់​កម្ពុជា ​ឈ្នះ​ពានរ​ង្វាន់​កិត្តិ​យស​ដ៏​មាន​កិត្យានុ​ភាព​នៅក្នុងការ​សន្ទ​នា​ក្នុង​ស​ន្និ​សីទ​ទូទៅ ​AIBD លើក​ទី២១ នៅ​ទីក្រុង​ Balaclava ប្រទេស ​Mauritius កាលពី​ថ្ងៃទី​២ ​ខែតុលា ឆ្នាំ​២០២៣​។​


​ប្រភព​ដដែ​ល​បានឱ្យ​ដឹង​ថា ពាន​រង្វាន់ ​AIBD Appreciation Award ឆ្នាំ​២០២៣ គឺជា​ការយ​កចិ​ត្តទុ​កដាក់ និង​ការ​គាំទ្រ​ជា​បន្ត​បន្ទាប់​របស់​កម្ពុ​ជា បាន​ធ្វើឱ្យ​​ប្រទេស​នេះ ​ក្លាយ​ជា​បេក្ខភាព​​ដ៏​ស័ក្តិ​សម ​សម្រាប់​ពានរង្វា​ន់ AI​BD Appreciation Award សម្រាប់​ឆ្នាំ​២០២៣​។ ពាន​រង្វាន់​នេះ ជាការ​ទទួល​ស្គាល់​ការខិ​តខំ​ប្រឹងប្រែ​ង​ជាប់​លាប់​​របស់​កម្ពុ​ជា ក្នុង​ការបន្ត​បេសកក​ម្ម​របស់ AIBD ពង្រឹង​កិច្ចស​ហប្រ​តិបត្តិ​ការ​ក្នុង​តំបន់​ក្នុង​វិស័យ​ផ្សាយនិង​​រួមចំ​ណែក​ដល់​ការរីក​លូត​លាស់​នៃ​ឧស្សាហក​ម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​។​

​ក្នុង​សេចក្តី​ប្រកាស​​ព័ត៌មាន​បញ្ជា​ក់ថា៖«​ភាព​ជា​ដៃគូ​របស់​កម្ពុជា ​ជាមួយ ​AIBD ត្រូវ​បាន​កត់​សម្គាល់ ​ដោយ​ការចូលរួ​ម​យ៉ាងស​កម្ម ភាព​ជា​អ្នកដឹ​កនាំ និង​ការ​គាំទ្រ​ ដែល​មិន​ផ្លាស់ប្តូ​រ​។ការ​ចូល​រួមនិង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុ​ជា​ចំពោះ​បេសក​កម្ម​របស់​ AIBD​ មាន​សារៈសំ​ខាន់​ក្នុង​ការ​ជំរុញ​ឧស្សាហ​កម្ម​​ផ្សព្វ​ផ្សាយ និង​ប្រព័ន្ធ​ផ្សព្វផ្សា​យ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​»​។​

​សេ​ចក្តី​ប្រកាស​​ព័ត៌មាន​នោះ បាន​ឱ្យ​ដឹង​ទៀ​តថា​ ក្រៅពី​ពាន​រង្វាន់​ AIBD Appreciation Award ឆ្នាំ​២០២៣ នៅមាន​ចំណុច​គួរ​ឱ្យ​កត់​សម្គា​ល់​នៃ​ការគាំទ្រ​ពិសេស​របស់​កម្ពុ​ជា មួ​យ​ចំនួន​ទៀត​ដូច​ជា ការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រ​ជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សា​យ​អាស៊ី (AMS) លើក​ទី​១៦ នៅ​ខែមិថុនា ឆ្នាំ​២០១៩​ ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​ដោយ​សប្បុ​រស​ នៅ​ខេត្ត​សៀ​មរាប ដោយ​មាន​ការ​ចូល​រួម​ពី​ប្រតិភូ​ជាង​ ៥០០ នាក់​ មកពី​ជុំវិញ​ពិភព​លោក​។

​បន្ថែម​លើ​នោះ មានការ​​ធ្វើជា​ក្រុមប្រឹ​ក្សា​ប្រតិ​បត្តិ​របស់​ AIB​D ភាពជា​អ្នកដឹ​កនាំ​អំឡុង​ពេល​ជំងឺ​រាតត្បា​ត ​និង​ធ្វើជា​អនុប្រ​ធាន AI​BD ដែល​ចំណុច​នេះ កម្ពុជា​ ទទួល​បាន​កិត្តិ​យស​ដ៏​ខ្ពង់​ខ្ពស់​នៅក្នុង​សន្និ​សីទ​ទូទៅ

AIBD លើក​ទី​២១ នៅ​ប្រទេស M​auritius កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ត្រូវបាន​បោះឆ្នោ​ត​ជ្រើស​រើសជា​អនុ​ប្រធាន​ជា​លើកដំ​បូង ​ទទួល​បាន​ការគាំ​ទ្រ​ពី​ប្រទេស​ជាង១៤​។ ការ​បោះឆ្នោ​ត​នេះ ធ្វើឡើង​ក្រោម​អធិបតី​ភាព​សហ​ភាព​ទូរ​គមនា​គមន៍​អន្តរ​ជាតិ (ITU) រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​បច្ចេក​វិទ្យា​គមនា​គមន៍​នៃ​ប្រទេស P​apua New Guinea លោក Timothy Masiu និង​ម្ចាស់​ផ្ទះ​នៃ​សន្និ​សីទ​ទូទៅ​សាជីវក​ម្ម​ផ្សព្វ​ផ្សាយ​ Mau​r​itiu​s (MBC)៕