ភ្នំពេញ : ជាដំណឹងសាទរ សម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យា និងអ្នកអភិវឌ្ឍន៍ដែលកំពុងរីកចម្រើន SabaiCode បានប្រកាសកម្មវិធី Full-Stack Web Development Bootcamp ជាលើកទី៣ របស់ខ្លួន។
កម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យានេះ បើកទូលាយចំពោះនិស្សិតដោយមិនគិតពីបទពិសោធន៍សរសេរកូដពីមុន ដើម្បីក្លាយជាអ្នកអភិវឌ្ឍន៍ពេញលេញជាមួយវគ្គសិក្សាជំនាញក្នុងរយៈពេលត្រឹមតែ ៦ ខែ ប៉ុណ្ណោះ។
លោក ឡេង ពិសិដ្ឋ សហស្ថាបនិក Sabai Code បានឱ្យដឹងថា៖ «វាជាអាហារូបករណ៍ ១០០ ភាគរយ។ នៅពេលបញ្ចប់ការសិក្សា និស្សិតនឹងត្រូវបានធានានូវការងារហាត់ការជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា (DGC)»។
ឧបត្ថម្ភដោយ DGC ជាអង្គភាពរដ្ឋាភិបាល ដែលទទួលខុសត្រូវក្នុងការបង្កើត និងអនុវត្តការអនុម័តបច្ចេកវិទ្យាសម្រាប់រដ្ឋាភិបាលកម្ពុជា វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះបានទាក់ទាញការយកចិត្តទុកដាក់ក្នុងសហគមន៍បច្ចេកវិទ្យាសម្រាប់កម្មវិធីសិក្សា និងលទ្ធភាពនៃការស្វែងរកការងារធ្វើ។
យោងតាមការបង្ហោះរបស់ DGC នៅលើ ហ្វេសប៊ុករបស់ខ្លួន បានបង្ហាញថា៖ «តើអ្នកពិតជាមានបំណងកសាងអាជីពក្នុងវិស័យឌីជីថលពិតមែនដែរឬទេ? តើអ្នកទាំងអស់គ្នាគួរធ្វើអ្វីខ្លះដើម្បីឱ្យរូបភាពនោះក្លាយជាការពិត? លោកអ្នកអាចចូលរួមជាមួយពួកយើងដើម្បីបង្ហាញពីភាពច្នៃប្រឌិត ការស្រមើលស្រមៃ និងក្តីប្រាថ្នារបស់អ្នកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រួមទាំងមានឱកាសចូលរួមកិច្ចការងារជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល-Digital Government Committee ថែមទៀតផង»។
Bootcamp របស់ SabaiCode មិនគ្រាន់តែអំពីការសរសេរកូដប៉ុណ្ណោះទេ វាផ្តល់នូវបទពិសោធន៍ដែលគ្របដណ្តប់ទិដ្ឋភាពផ្សេងៗនៃការអភិវឌ្ឍគេហទំព័រ។
កម្មវិធីសិក្សាចាប់ផ្តើមជាមួយនឹងភាពចាំបាច់នៃការអភិវឌ្ឍគេហទំព័រ ហើយនាំអ្នកចូលរួមធ្វើដំណើរតាមរយៈបច្ចេកវិទ្យា front-end, back-end និង cloud computing។
ទោះជាយ៉ាងណាក៏ដោយ អាហារូបករណ៍ពេញលេញនេះសម្រាប់តែបេក្ខជនចំនួន ១៥ នាក់ ប៉ុណ្ណោះដែលស្មើនឹងទឹកប្រាក់ ១ ៥០០ ដុល្លារ សម្រាប់កម្មវិធីទាំងមូល។ វាក្លាយជាឱកាសសម្រាប់អ្នកដែលស្រឡាញ់បច្ចេកវិទ្យាយ៉ាងពិតប្រាកដ។
ក្នុងអំឡុងពេល Bootcamp របស់ SabaiCode បេក្ខជននឹងចាប់ផ្តើមផ្ដោតលើការអភិវឌ្ឍគេហទំព័រ (Web Development)។
កម្មវិធីនេះចាប់ផ្តើមពីម៉ូឌុលមួយរយៈពេល ៦ សប្តាហ៍ ចំពោះ Project Discoveries & Web Development Fundamentals ដោយសង្កត់ធ្ងន់ទៅលើការចាប់ផ្តើមផ្នែកធុរកិច្ច គោលការណ៍រចនា UI/UX និងការរួមបញ្ចូលឧបករណ៍គ្រប់គ្រងគម្រោងសំខាន់ៗ ដូចជា Trello, Jira និង Figma។
វគ្គសិក្សា Bootcamp ផ្ដល់នូវចំណេះដឹងផ្នែក Advanced Front-End Development ដោយផ្ដោតការអភិវឌ្ឍកម្មវិធី micro frontend architecture និងការធ្វើតេស្តជាមួយឧបករណ៍ ដូចជា Jest/Cypress ជាដើម។
បន្ទាប់មក និស្សិតផ្លាស់ប្តូរទៅធ្វើជាការអភិវឌ្ឍ Back-End ជាមួយ Microservices ដោយរៀនរួមបញ្ចូលសេវាកម្មតាមរយៈការប្រើបច្ចេកវិទ្យា ដូចជា Node.js/Express និង MongoDB ជាដើម។
វគ្គផ្តាច់ព្រ័ត្រជាការផ្ដោតស៊ីជម្រៅទៅក្នុង Cloud Development និង Microservices Orchestration ដែលអ្នកចូលរួមទទួលបានជំនាញបច្ចេកវិទ្យា cloud, Docker, Kubernetes និង Infrastructure as Code (IaC)។
ធានាជោគជ័យក្នុងអាជីព
SabaiCode និង DGC យល់ពីសារៈសំខាន់នៃបទពិសោធន៍ជាក់ស្តែងនៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។
នៅពេលបញ្ចប់កម្មវិធី Bootcamp អ្នកចូលរួមត្រូវបានធានានូវកម្មសិក្សារយៈពេល ៣ ខែជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា។
អ្នកហាត់ការពោរពេញដោយសមត្ថភាពក្នុងអំឡុងពេលកម្មសិក្សានេះអាចធានាបាននូវមុខតំណែងវិស្វកម្មអចិន្ត្រៃយ៍ជាមួយគណៈកម្មាធិការ។
ជាងនេះទៅទៀត សម្រាប់អ្នកដែលមិនមានតួនាទីជាអចិន្ត្រៃយ៍ SabaiCode សន្យាគាំទ្រជួយពួកគេក្នុងការស្វែងរកការងារបង្កើតកម្មវិធីរបស់ពួកគេ។
លោក ពីសិដ្ឋ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «អ្វីដែលខ្ញុំសង្កេតឃើញ តម្រូវការ ចំណង់ចំណូលចិត្ដរៀនផ្នែកបច្ចេកវិទ្យានេះមានច្រើនមែនទែន។ ពេលយើងបើក Bootcamp យើងមានអាហារូបករណ៍ពី ១០ ទៅ ១៥ កន្លែង តែចំនួនអ្នកដាក់ពាក្យរហូតដល់ ៤៥០ នាក់»។
លោកទទួលស្គាល់ថា ការសិក្សាផ្នែកបច្ចេកវិទ្យានេះមិនងាយស្រួលទេ តែក៏មិនលំបាកណាស់ណាសម្រាប់អ្នកចូលចិត្ដ។ ពួកគេត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង ជាពិសេស ស្វ័យសិក្សា។
លោកបាននិយាយអំពីបទពិសោធន៍កន្លងមកថា កម្មវិធីសិក្សាអនុលោមទៅតាមទីផ្សារការងារ គួបផ្សំនឹងសមត្ថភាពនិស្សិត ពួកគេមានគុណភាព ដោយក្រុម Bootcamp II ទទួលបានការងារនៅក្រុមហ៊ុនសែលកាត ១០០ ភាឍគរយក្នុងចំណោម ១៥ នាក់។
លោកបានបន្ដថា៖ «សម្រាប់ Bootcamp ថ្មីនេះ DGC ផ្ដល់ការងារហាត់ការដល់ពួកគេទាំង ១៥ នាក់ និងអាចចូលបម្រើជាបុគ្គលិកពេញសិទ្ធិតែម្ដង»។
គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនៃកម្ពុជាដែលគាំទ្រកម្មវិធី Bootcamp គូសបញ្ជាក់អំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមបែបនេះនៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ន។
នៅពេលដែលថ្ងៃផុតកំណត់ថ្ងៃទី១០ ខែវិច្ឆិកា វេលាពាក់កណ្តាលអធ្រាត្រ ឱកាសនេះផ្ដល់ជូនសម្រាប់តែនិស្សិត និងនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យប៉ុណ្ណោះ។ សូមចូលទៅកាន់ SabaiCode Facebook សម្រាប់ព័ត៌មានលម្អិត៕