ភ្នំពេញៈ កម្ពុជា​ និង​ឥណ្ឌា​ បាន​ឯក​ភាព​គ្នា​ពង្រីក​វិសាលភាព​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​កងទ័ពជើងទឹក បន្ទាប់ពី​ភាគី​ទាំង ​២ ​បាន​ពង្រឹង​ទំនាក់ទំនង​ផ្នែក​កងទ័ពជើងគោក​រួច តាមរយៈ​ការចុះ​អនុ​ស្ស​រណៈ​យោគយល់ ​(MoU)​ គ្នា​កាលពីដើម​ខែកុម្ភៈ​ឆ្នាំនេះ ខណៈ​ភាគី​ទាំង​ ២​ កត់សម្គាល់​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​វិស័យ​ការពារជាតិ​។​


​ការឯកភាព​គ្នា​នេះ​ធ្វើឡើង​តាមរយៈ​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និង​លោកស្រី ដេ​វី​យ៉ា​នី អ៊ុ​តាំ ខូ​ប្រា​ហ្គេ​ត ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​នៅ​ទីស្តីការក្រសួង​ការពារជាតិ​កាលពី​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ​ ២០២៣​។ នេះ​បើ​យោងតាម​ការប្រកាស​ពី​គេហទំព័រ​ផ្លូវការ​ក្រសួងការពារជាតិ​។​

​ប្រភព​ដដែល​បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ លោក​ ទៀ សីហា បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ឥណ្ឌា​ដែល​បាន​ជួយ​កម្ពុជា​ក្នុង​ដំណើរការ​អភិវឌ្ឍ​ជាតិ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​ការពារជាតិ ជាដើម​។ ជាមួយគ្នានេះ លោក​បាន​រំពឹង​ដែរ​ថា កម្ពុជា​និង​ឥណ្ឌា​នឹង​ពង្រីក​វិសាលភាព​ទំនាក់ទំនង​ទ្វេ​​ភាគី​កាន់តែ​ទូលំទូលាយ​ថែមទៀត​ជា​ពិសេស​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការ​ពារ​ជាតិ​លើ​ផ្នែក​សន្តិសុខ​អ៊ី​ន​ធឺ​ណិ​ត ជាដើម សម្រាប់​ប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។​


​ចំណែក​លោកស្រី ដេ​វី​យ៉ា​នី អ៊ុ​តាំ ខូ​ប្រា​ហ្គេ​ត បានលើកឡើង​ពី​ទំនាក់ទំនង​ល្អជា​លក្ខណៈ​ប្រវត្តិសាស្ត្រ រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​ផ្នែក​វប្បធម៌ និង​វិទ្យាសាស្ត្រ ក៏ដូចជា​វិស័យ​ពាណិជ្ជកម្ម​ដែល​ភាគី​ទាំង​ ២ បាន​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុងពេល​បច្ចុប្បន្ន​។​

​លោកស្រី​បាន​បន្តថា​៖ «​ប្រទេស​ទាំង ​២ ​គ្រោង​នឹងដាក់​ឱ្យមាន​ការហោះហើរ​ត្រង់ រវាង​កម្ពុជា​-​ឥណ្ឌា នៅក្នុង​អំឡុង​ខែតុលា ឆ្នាំ ​២០២៣ នេះ​។ ការងារ​នេះ​នឹង​ជំរុញ​ឱ្យ​ថាមពល​នៃ​វិស័យ​ទេស​​ចរណ៍ និង​ពាណិជ្ជកម្ម ក៏ដូចជា វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​កាន់​តែមាន​សម្ទុះ​ខ្លាំង​ឡើង​។ ឥណ្ឌា​ក៏​គ្រោង​ពង្រីក​វិសាល​ភាព​លើ​បច្ចេកវិទ្យា​សម្រាប់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ឌីជីថល​នៅ​កម្ពុជា​»​។​


​បើតាម​ក្រសួងការពារជាតិ «​ភាគី​ទាំង​ ២​ បានកត់សម្គាល់​ពី​វឌ្ឍនភាព​ទំនាក់​ទំនង​ផ្នែក​ការពារជាតិ បន្ទាប់ពី​កម្ពុជា​ និង​ឥណ្ឌា​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​កងទ័ពជើងគោក​ប្រទេស​ទាំង ​២​ និង​ការរៀបចំ​ការហ្វឹកហ្វឺន​រួមគ្នា​លើ​ការងារ​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​កងកម្លាំង​ថែរក្សា​សន្តិភាព​របស់​កម្ពុ​ជាស​ម្រា​ប់​ចូលរួម​ជា​លក្ខណៈ​មនុស្ស​ធម៌​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​»​។​

​លើសពីនេះ​ភាគី​ទាំង ២​ បាន​ឯកភាព​ពង្រីក​វិសាលភាព​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ដល់​កងទ័ពជើងទឹក​ប្រទេស​ទាំង​ ២ ដោយ​ភាគី​ឥណ្ឌា​បាន​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ផ្នែក​ការពារជាតិ រវាង​ប្រទេស​ទាំង​ ២ ​នឹង​កាន់​តែមាន​សម្ទុះ​ទ្វេ​ឡើង​ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បានលើកឡើង​ស្រដៀង​គ្នា​ថា ចំណងមិត្តភាព​ប្រ​ទស​ទាំង ២ ជាពិសេស​ក្នុង​វិស័យ​ការពារជាតិ​នឹង​កាន់តែ​រឹងមាំ​នៅ​ថ្ងៃ​ខាងមុខ បន្ទាប់ពី​ព្រះរាជដំណើរ​យាង​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះករុណា​ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​និង​ដំណើរ​ទស្សន​កិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ឥណ្ឌា នាពេល​កន្លងទៅ​។

​នៅក្នុង​ជំនួប​នោះ លោកស្រី​ឯកអគ្គ​​រដ្ឋទូត​ឥណ្ឌាក៏បាន​អញ្ជើញលោក​ ទៀ សីហា ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌា​ផងដែរ​ ដើម្បី​ពង្រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​យោធា​ប្រទេស​ទាំង​ ២ បន្ថែមទៀត​។​

​ពាក់ព័ន្ធ​រឿងនេះ​លោក ថុង ម៉េង​ដាវិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(AVI)​ បាន​ថ្លែងថា ការពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក​ម្ពុ​ជា​និង​ឥណ្ឌា ជា​កិច្ចសហប្រតិបត្តិការ​បែប​យុទ្ធសាស្ត្រ​ និង​កិច្ចការពារ​ក្នុង​តំបន់ ខណៈ​ប្រទេស​ទាំង​ ២ ​ក៏មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​តាម​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​វិស័យ​យោធា កម្ពុជា ​និង​ឥណ្ឌា​ គួរផ្តោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​និង​ចែករំលែក​បទពិសោធន៍ ជំនាញ​បច្ចេកទេស​ព័ត៌មានវិទ្យា​ និង​ការចែករំលែក​ព័ត៌មាន និង​ការកសាង​ធនធាន​ និង​សមត្ថភាព​យោធិន​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ក៏ដូចជា​ក្របខ័ណ្ឌ​អាស៊ាន​»​។

​ក្នុង​បរិបទ​ជាមួយ​ឥណ្ឌា លោក​ ថុង​ ម៉េង​ដា​វិត លើកឡើងថា ជា​យុទ្ធសាស្ត្រ ឥណ្ឌា​ជា​ដៃគូ​អភិវឌ្ឍន៍​វប្បធម៌ និង​ធន​ធា​មនុស្ស​នៅ​កម្ពុជា ហើយ​ឥណ្ឌា​ក៏​តួអង្គ​រដ្ឋ​មួយ​ដ៏​សំខាន់​ផងដែរ​ក្នុង​កិច្ច​សហប្រតិបត្តិការ​សន្តិ​សុខ​ និង​ស្ថិរភាព​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​

​គួរ​ជម្រាបជូន​ថា កាលពីដើម​ខែកុម្ភៈ ឆ្នាំ ​២០២៣ កន្លងទៅ​លោក​ ហ៊ុន ម៉ា​ណែ​ត ក្នុងឋានៈ​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌា ហើយ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​លក្ខខណ្ឌ ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កង​ទ័ពជើងគោក​នៃ​កងយោធពល​ខេ​មរ​ភូមិន្ទ និង​កងទ័ពជើងគោក​នៃ​សាធារណរដ្ឋ​ឥណ្ឌា​សំដៅ​ជំរុញ​សកម្មភាព កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ឱ្យ​កាន់តែ​សកម្ម​រស់​រវើក ជាពិសេស​តាមរយៈការបើក​ច្រក​ឱ្យមាន​ទំនាក់ទំនង​ផ្ទាល់​រវាង​អង្គភាព និង​អង្គភាព​ចំណុះ​នៃកងទ័ពជើងគោក​ប្រទេស​ទាំង​ ២៕