​ភ្នំពេញៈ សហរដ្ឋអាមេរិក នឹង​បន្ត​កិច្ចសហការ​គាំទ្រ​កម្ពុជា លើ​វិស័យ​ការងារ សន្តិសុខ​សង្គម​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បើទោះបី​កន្លងមក​កម្ពុជា និង​សហរដ្ឋ​អា​មេ​រិ​ក មិនមាន​កិច្ច​សហការគ្នា​ល្អ​ទាក់ទង​នយោបាយ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ក៏ដោយ​។​


​ការលើកឡើង​ពី​ការបន្ត​គាំទ្រ​កម្ពុជា​បែបនេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​មួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២៣​។

លោក​ ហេង សួរ​ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ចក្ខុវិស័យ​រួម​របស់​ក្រសួង​ការងារ ក្នុង​អាណត្តិ​ទី​៧​ នេះ​ក្រសួង​ផ្ទាល់ ក៏ដូចជា​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ចង់​សម្រេច​ឱ្យបាន គឺ​វិស័យ​ការងារ​ដែលមាន​បរិ​យា​កាស និង​លក្ខខណ្ឌ​ការងារ​កាន់​តែ​ល្អប្រសើរ និង​មាន​សុខដុម​​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ភាគី​និយោជក និង​កម្មករនិយោជិត​អាច​រក្សាបាន​នូវ​ឧ​ត្ត​ម​ប្រយោជន៍​របស់ខ្លួន​តា​មរយៈ​ការពង្រឹង​សមត្ថភាព និង​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ច្បាប់​ការងារ​។


​លោក​អះអាងថា​៖ «​មុននឹង​បញ្ចប់​កិច្ចពិភាក្សា​នេះ​ភាគី​ទាំង ​២ បាន​ឯកភាព​បន្ត​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​ភាពជា​ដៃគូ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បី​ពង្រឹង​បរិ​យា​កាស និង​ផលិតភាព​ការងារ​កាន់តែ​ប្រសើរ ដែលជា​ចន្ទល់​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ក៏​ដូច​ជា​រក្សា​កំណើន​សេដ្ឋកិច្ចជាតិ​»​។​

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រីបាន​ថ្លែងអំណរគុណ​ដល់​សហ​​រដ្ឋ​អាមេរិក​តាមរយៈ​ទីភ្នាក់ងារ​របស់ខ្លួនបាន​ជួយ​កម្ពុជា ក៏ដូចជា​វិស័យ​ការងារ​សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​កិច្ចសហប្រតិបត្តិការ​គ្រប់​ទិដ្ឋភាព នាពេល​កន្លងមក​ផងដែរ​។​


​ជុំវិញ​រឿងនេះ​លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា​យ​ល់​ថា ការបន្ត​គាំទ្រ​របស់​សហរដ្ឋអាមេរិក​មកលើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នេះ គឺ​ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បានកំណត់​អាទិភាព​ផ្តល់​ការបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ជូន​យុវជន​មកពី​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយ​ឥតគិតថ្លៃ​។

​មួយវិញទៀត ការបន្ត​គាំទ្រ​នេះ​ក៏​បង្ហាញថា កម្ពុជា និង​សហរដ្ឋអាមេរិក គឺមាន​កិច្ច​សហការគ្នា​ល្អ​លើ​ចំណុច​ដែល​មិន​ស្របគ្នា គឺ​ភាគី​ទាំង​ ២ ​កំពុង​សិក្សា​ស្វែងយល់​ពីគ្នា​ជា​បន្តទៅទៀត​។ លោក​ថ្លែងថា​៖ «​ការគាំទ្រ​នេះ វា​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា ទាំង​ទិដ្ឋភាព​នយោបាយ​ការទូត ទាំង​ទិដ្ឋភាព​ទៅលើ​សន្តិសុខ​សង្គម និង​ការ​បណ្ដុះបណ្ដាល ដែល​ក្នុងនោះ​បានផ្ដល់​កម្រៃ និង​ការងារ​ទៅដល់​សហគមន៍ ប្រជាពលរដ្ឋ និង​ពលករ ដោយ​ការ​គាំពារ​របស់​សហរដ្ឋអាមេរិក​ហ្នឹង​»​។​

​លោក​បន្ថែមថា ទោះបី​កន្លងមក​សហរដ្ឋអាមេរិក និង​កម្ពុជា មាន​បញ្ហា​មួយចំនួន ទៅលើ​ការ​មិន​យល់​គ្នា​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស បញ្ហានយោបាយ និង​ប្រជាធិបតេយ្យ​ក៏ដោយ ប៉ុន្តែ​កម្ពុជា​សហរដ្ឋអាមេរិក​នៅតែ​មាន​ទំនាក់ទំនង​ប្រក្រតី​ជាមួយគ្នា​នូវ​ចំណុច​មួយចំនួន​ដែល មិនមាន​បញ្ហា​។

​បើតាម​លោក ហេង សួរ កម្មវិធី​ជា​អាទិភាព​សំខាន់ៗ​មួយចំនួន ត្រូវបាន​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ នេះ បានដាក់​ចេញ​លើ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជា​​ជីវៈ​ជូន​យុវជន​មកពី​គ្រួសារ​ក្រ ​១ ក្រ​ ២ ​និង​ងាយ​រងគ្រោះ​ចំនួន ​១,៥​ លាន​នាក់​ដោយ​ឥតគិតថ្លៃ ហើយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​។ តាមរយៈ​កម្មវិធី​ថ្នាក់ជាតិ​នេះ នឹង​អាចជួយ​ពលរដ្ឋ​ដែល​ស្ថិតក្នុង​ស្ថានភាព​លំបាក​ទាំងឡាយ​អាចមាន​ជំនាញ​ជាក់លាក់​ក្នុង​រយៈពេល​ខ្លី ហើយ​ទទួលបាន​ឱកាស​ការងារ​ដែល​សម្បូ​រ​ បែប និង​សមរម្យ​៕