ភ្នំពេញៈ គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណជាង ១ លានដុល្លារ ក្នុងនោះពីមូលនិធិគន្ធបុប្ផាកម្ពុជាបានចំនួនជិត ៩០ ម៉ឺនដុល្លារ និងថវិកាចំនួនជាង ៤០ ម៉ឺនដុល្លារទៀតទទួលបានពីការបរិច្ចាគដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងគន្ធបុប្ផាសៀមរាប។
មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសនៅថ្ងៃទី ២៥ ខែតុលាថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៣ នេះមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគពីសប្បុរសជនសរុបប្រមាណ ១ ៣៣៤ ៩១០ ដុល្លារ ក្នុងនោះពីមូលនិធិគន្ធបុប្ផាកម្ពុជាបានចំនួន ៨៩៨ ៤១០ ដុល្លារ និង ៥ ២៦០ ៥៩៣ ០០០ រៀល និងថវិកាចំនួន ៤៣៦ ៥០០ ដុល្លារទៀត ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងគន្ធបុប្ផាសៀមរាប។
ប្រភពដដែលបានឱ្យដឹងទៀតថា ដោយឡែកសម្រាប់ខែកញ្ញាឆ្នាំ ២០២៣ នេះមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ចំនួន ២២១ ១៥៤ ១០០ រៀល និង ៥៥ ៥៥៧ ដុល្លារ ពីសប្បុរសជន ៩ ៤៣៥ រូប ដែលរួមមានសមាជិកគាំទ្រ ៧ ៩៩៥ រូប និងសប្បុរសជនផ្សេងៗចំនួន ១ ៤៤០ រូប។
ទន្ទឹមនេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ២៩៨ ៨៥៦ ដុល្លារ ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។
សេចក្ដីប្រកាសដដែលបានបញ្ជាក់ថា៖ «ជំនួសមុខឱ្យអាណាព្យាបាលទារក និងកុមារនៅកម្ពុជា គឺមូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលដៅធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពសំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា»។
ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងក្រុមហ៊ុនសហគ្រាសឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី«ខ្មែរជួយខ្មែរ»។
លោក គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ២៦ តុលាថា ការកៀរគរថវិកាបរិច្ចាគពីសប្បុរសជននេះ គឺត្រូវធ្វើជាប្រចាំដើម្បីគាំទ្រទៅដល់មន្ទីរពេទ្យ ពីព្រោះមន្ទីរពេទ្យ ត្រូវការថវិកាច្រើនដើម្បីចំណាយក្នុងការជួយសង្គ្រោះនិងព្យាបាលទារក និងកុមារ ខណៈដែលជាមធ្យមក្នុង១ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផាបានប្រើប្រាស់ថវិកាប្រមាណជិត ៤០ លានដុល្លារ។ លោកបន្តថា បើគិតក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ប្រមាណជាង ៣០ លានដុល្លារហើយ។
លោកថ្លែងថា៖ «យើងសូមអរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ដែលមានការគាំទ្រមកមន្ទីរពេទ្យផ្ទាល់ក៏ដូចជាការគាំទ្រការបរិច្ចាគមកមូលនិធិគន្ធបុប្ផាហើយថវិកាដែលចូលរួមទាំងអស់ សុទ្ធតែរួមចំណែកនិងមានប្រយោជន៍ជួយសង្គ្រោះទារក និងកុមារកម្ពុជាយើងដោយឥតគិតថ្លៃ»។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកញ្ញា ឆ្នាំ ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលកុមារចំនួន ៩៣ ៩៥៤ នាក់ ដែលក្នុងនោះកុមារឈឺធ្ងន់ប្រមាណ ១៧ ៩១៥ នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕