លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន ៤ ក្នុងនោះ មានការអនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងព្រះរាជក្រឹត្យ ដែលត្រូវបានអនុម័តនេះដែលមាន ៦ ជំពូក និង ២២ មាត្រា។ សេចក្តីព្រាងនេះ បានកំណត់អំពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ។
ព្រះរាជក្រឹត្យនេះក៏រៀបចំឡើងក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី បង្ខិតការដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ រាល់ដំណោះស្រាយវិវាទត្រូវតែគោរពតាមឆន្ទៈយល់ព្រមដោយសេរី និងដោយស្ម័គ្រចិត្តពីភាគីវិវាទ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលសរសេរជាអក្សរកាត់ថា អ.ដ.ក. នឹងត្រូវបង្កើតឡើងដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ នូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សាដោយផ្អែកតាមកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សានេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុ នៃការសម្រុះសម្រួលផ្សះផ្សា តាមកំណត់របស់ច្បាប់។
អ.ដ.ក. មានសមាសភាព ឧបនាយករដ្ឋមន្ត្រី ១រូប ជាប្រធាន និងអមដោយអនុប្រធាន៤រូប (ជាទេសរដ្ឋមន្ត្រី១រូប រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌១រូប) ព្រមទាំងសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដោយមានអគ្គលេខាធិការដ្ឋាន មួយជាសេនាធិការ។
ក្នុងសេចក្ដីថ្លែងហេតុជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា៖«ព្រះរាជក្រឹត្យនេះនឹងក្លាយជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់សម្រាប់ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព នៃការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទរបស់ប្រជាពលរដ្ឋ ជាពិសេសវិវាទនៅមូលដ្ឋានឱ្យបានកាន់តែឆាប់រហ័ស និងប្រកបដោយជំនឿចិត្ត»។
លោកក៏បានគោរពស្នើសុំនាយករដ្ឋមន្ត្រី ចាប់ផ្ដើមធ្វើយុទ្ធនាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាបន្ទាន់ បន្ទាប់ពីត្រូវបានបង្កើតចេញជារូបរាង។
ក្នុងដំណើរការពិនិត្យ និងពិភាក្សា សេចក្ដីព្រាងព្រះរាជក្រឹត្យនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖«យន្តការនេះមិនមែនជាការជំនួសប្រព័ន្ធតុលាការទេ ប៉ុន្តែជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្ត ជូនប្រជាពលរដ្ឋ ពុំមានការបង្ខិតបង្ខំ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមខ្មែរ»។
លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើយុទ្ធនាការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីយន្តការថ្មីនេះ និងបានសម្រេចប្រគល់ភារកិច្ចជូនទីស្ដីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ ក្នុងការរៀបចំនីតិវិធីបន្ត ដើម្បីបញ្ជូន សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រង់ពិនិត្យ និងឡាយព្រះហស្ដលេខាប្រកាសឱ្យប្រើទុកជាការប្រញាប់៕