​ក្រសួងទេសចរណ៍ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ផ្នែក​ឯកជន និង​សមាគម​ឧស្សាហកម្ម ទេសចរណ៍ ដើម្បី​ប្រមូល​ធាតុ​ចូល និង​កំណត់​បញ្ហា​ប្រឈម សម្រាប់ធ្វើ​របាយការណ៍​ដាក់ជូន​រាជរដ្ឋាភិបាល​នៅក្នុង​​ «​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៩» ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ខាងមុខនេះ​។​


​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក សុខ សូកេន និង​ជា​ប្រធាន​ក្រុមការងារ​ផ្នែក​ទេសចរណ៍ និង​លោក លូ ម៉េង សហប្រធាន​ក្រុមការងារ​ផ្នែក​ទេសចរណ៍ កាលពី​ថ្ងៃទី​២៥​ខែតុលា ឆ្នាំ ២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ផ្នែក​ទេសចរណ៍ (​ក្រុម "​ខ​") ដើម្បី​កំណត់​បញ្ហា​ប្រឈម និង​លើក​ជា​សំណូមពរ ក៏ដូចជា​ការដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច និង​ជាក់ស្ដែង​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​គោលដៅ ប្រមូល​នូវ​ធាតុ​ចូល​ទាំងនេះ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។

​នាឱកាស​នោះ​លោក សុខ សូកេន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​ល្អ​នាពេល​កន្លងមក ក្នុងការ​គាំទ្រ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ជាពិសេស​បាន​ចូលរួម​អនុវត្ត និង​គាំទ្រ​យ៉ាងសកម្ម​នូវ​រាល់​សកម្មភាព​នានា​របស់​ក្រសួងទេសចរណ៍ ដោយបាន​រួបរួមគ្នា​បង្កើន​ភាព​ធន់ និង​ស្តារ​វិស័យ​ទេសចរណ៍​ពី​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​


​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​ចំណុច​ចំនួន​១៩ ដើម្បី​ប្រមូល​ធាតុ​ចូល​អំពី​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍ ក៏ដូចជា​តម្រូវការ​ជាក់ស្ដែង​របស់​ទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​រិះរក​វិធីសាស្ត្រ និង​ដំណោះស្រាយ​រួមគ្នា នៅ​កម្រិត​ក្រសួង និង​អន្តរក្រសួង ព្រមទាំង​សំណូមពរ​ដែល​ត្រូវគោរព​រាយការណ៍ ជូន​រាជរដ្ឋាភិបាល ពិនិត្យ និង​សម្រេច​។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា​៖«​គ្រប់ភាគី​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ បាន​ប្តេជ្ញាចិត្ត​រួមគ្នា​បង្កើន​កិច្ចសហការ​ណ៍​បន្ថែម ដើម្បី​ជំរុញ​ភាព​ប្រកួតប្រជែង និរន្តរភាព និង​បរិ​យាប​ន្ន​នៃ​វិស័យ​ទេសចរណ៍ ជាពិសេស​ចូលរួម​ផ្សព្វផ្សាយ​រួមគ្នា​ក្នុងនាម​ខ្មែរ​តែមួយ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។​


​ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះ​លោក សុខ សូកេន បាន​អនុញ្ញាតឱ្យ​គណៈប្រតិភូ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (​ហៅ​កាត់​ថា អង្គការ FACT) និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ ដឹកនាំ​ដោយ លោក យុក សេង​ឡុង ដើម្បី​ពិភាក្សា​ពី​កាលានុវត្តភាព និង​កិច្ចសហការ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ និង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​សហគមន៍​។​

​តាមរយៈ​លទ្ធផល​នៃ​ជំនួប​នេះ៖ «​គ្រប់ភាគី បាន​ឯកភាព​ក្នុងការ​បង្កើន​កិច្ចសហការ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សហគមន៍ និង​អេកូ​ទេសចរណ៍ ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់​បឹង ទន្លេសាប តំបន់​មេគង្គ និង​តំបន់ឆ្នេរ និង​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ពិសេស​ការជំរុញ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​អង្គការ​ដៃគូ ស្រប​ជាមួយ​ភាពជា​ដៃគូ​រដ្ឋ និង​ឯកជន​៕​