ក្រោយពី​បានធ្វើ​ទំនើបកម្ម គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ គ្រប់គ្រង​ទីតាំង​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ​​ ២០២៤ ខាងមុខនេះ ដើម្បី​បម្រើឱ្យ​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣​។


​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ជូន​ដល់​ប្រធាន សមាជិក និង​មន្ត្រី​បច្ចេកទេស​នៃ​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ​.​ខ​ប​) និង​មន្ត្រី គ​.​ជ​.​ប កាលពី​ថ្ងៃទី​២៧ ខែតុលា​ថា ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​នៃ​កំណែទម្រង់ និង​ការធ្វើ​ទំនើបកម្ម​ការបោះឆ្នោត សំដៅ​កំណត់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន និង​ស្ថិតិ​ប៉ាន់ស្មាន​ប្រជាពលរដ្ឋ​ដែល​អាចមក​ចុះឈ្មោះ​បោះឆ្នោត ឱ្យ​កាន់​តែមាន​ភាព​សុក្រឹត​។

​លោក​បញ្ជាក់ថា​៖«​ដើម្បី​ធានា​ឱ្យ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ ប្រព្រឹត្តទៅ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ក្នុងដំណាក់កាល​រៀបចំ​ត្រៀម គ​.​ជ​.​ប ត្រូវធ្វើ​ការរៀបចំ​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន និង​កំណត់​ចំនួន និង​ទីតាំង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត សម្រាប់​អនុវត្ត​ផែនការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​នីមួយៗ​»​។​


​បើតាម លោក ទេព នីថា ដំណើរការ​រៀបចំ​ត្រៀម​សម្រាប់​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ ត្រូវបាន​ចាប់​អនុវត្ត​តាំងពី​ឆ្នាំ​២០០៥ អនុលោម​តាម​សេចក្តីណែនាំ​រួម​រវាង​ក្រសួងមហាផ្ទៃ និង គ​.​ជ​.​ប ចុះ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០០៥​។ ដោយ​កាលនោះ​ផ្តោត​សំខាន់​លើ​ការ​ស្រង់​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត ដោយ​ស្រង់​ចូលក្នុង ទ​.១០២៥ ការ​ស្រង់​ឈ្មោះ​អ្នកបោះឆ្នោត​ដែលមាន​ឈ្មោះ​ស្ទួន​ចូលក្នុង ទ​.១០២៦ និង​ការ​ស្រង់​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ចូលក្នុង ទ​.១០២៧ ដើម្បី​អញ្ជើញ​គាត់​មក​បំពេញ​ទម្រង់​បែបបទ ទ​.១០២៤ សម្រាប់​ត្រៀម​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​អំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នៃ​ឆ្នាំ​នីមួយៗ​។

​លោក​បន្ថែមថា ការ​ស្រង់​ឈ្មោះ​នេះ មាន​គោលបំណង ដើម្បី​កំណត់ និង​ប៉ាន់ស្មាន​ចំនួន​ប្រជាពលរដ្ឋ​អាយុ ១៨ ឆ្នាំ​ឡើង ចំនួន​អ្នក​ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត ចំនួន​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​កំណត់​ចំនួន​ការិយាល័យ​បោះឆ្នោត និង​ចំនួន​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ដែល​ត្រូវ​ប្រើប្រាស់ ព្រមទាំង​កំណត់​ទីតាំង​នៃ​ការិយាល័យ​ទាំងនោះ​ផងដែរ​។​


​លោក​បន្តទៀតថា ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ក្នុង​ក្របខ័ណ្ឌ​នៃ​ការធ្វើ​ទំនើបកម្ម​ដំណើរការ​បោះឆ្នោត និង​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ នៅ​ឆ្នាំ​២០២១ ក្រសួងមហាផ្ទៃ និង គ​.​ជ​.​ប បានដាក់​ចេញ​នូវ​សេចក្តីណែនាំ​រួម ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១ ស្តីពី​ការរៀបចំ​ត្រៀម​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ ដើម្បី​កែលម្អ និង​បំពេញបន្ថែម​បែបបទ និង​នីតិវិធី​នៃ​ការអនុវត្ត​លើ​សេចក្តីណែនាំ​រួម​ចាស់​កាលពី​ឆ្នាំ​២០០៥​។ សេចក្តីណែនាំ​នេះ​បានកំណត់​យក​យន្តការ​ភូមិ​ជា​ប្រតិបត្តិ​ករ​ដំបូង​ក្នុងការ​អនុវត្ត​ការ​ស្រង់​ស្ថិតិ​នេះ បន្ទាប់មក​បញ្ជូនទៅ​ក្រុមប្រឹក្សាឃុំ សង្កាត់ ពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​ជា​ស្ថិតិ​សម្រាប់​ឃុំ សង្កាត់ និង​បន្តទៅ លធ​.​ខ​ប ដើម្បី​ពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​ដោយ​ដៃ​បញ្ចូល​ជា​លទ្ធផល​សម្រាប់​រាជធានី ខេត្ត​នីមួយៗ រួច​បញ្ជូនមក គ​.​ជ​.​ប ដើម្បី​បូកសរុប​ជា​ស្ថិតិ​រួម​ទូទាំងប្រទេស​។

​លោក​បញ្ជាក់ទៀតថា​៖«​ប៉ុន្តែ​តាមរយៈ​កម្មវិធី​ដែល​សិក្ខាកាម​ទាំងអស់​បានទទួល​ការបណ្តុះបណ្តាល​នា​ថ្ងៃនេះ គឺ​បានផ្តល់​ភាពងាយស្រួល​មួយកម្រិត​ថែមទៀត​ដល់ លធ​.​ខ​ប ក្នុងការ​គ្រប់គ្រង និង​បូកសរុប​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន គ្រប់គ្រង​ទីតាំង​ការិយាល័យ​បោះឆ្នោត និង​ទីតាំង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​រាជធានី​ខេត្ត របស់ខ្លួន​»​។

​ទាក់ទិន​នឹង​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​នេះ លោក សោម សូ​រី​ដា អ្នកនាំពាក្យ គ​.​ជ​.​ប នៅ​ថ្ងៃទី ២៨ ខែតុលា​បាន​ប្រាប់ថា កិច្ចការ​នេះ គឺជា​កិច្ចការ គ​.​ជ​.​ប បាន​អនុវត្ត​ទទួលបាន​ជោគជ័យ​រួចហើយ និង​ក៏បាន​រៀបចំ​ជា​កម្មវិធី ដើម្បីឱ្យ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បោះឆ្នោត បានដឹង​អំពី​ការិយាល័យ​បោះឆ្នោត ជាពិសេស​បានបង្ហាញ​ភាពងាយស្រួល​មួយ​សម្រាប់ គ​.​ជ​.​ប​។

​លោក​បញ្ជាក់ថា​៖ «​ជាពិសេស​សម្រាប់​ការងារ​ដឹកជញ្ជូន​សម្ភា​រ​សំខាន់ៗ ទៅ​ការិយាល័យ​បោះឆ្នោត​។

​អ៊ីចឹង​! នៅពេលដែល​ទីតាំង​ត្រូវបាន​កំណត់ ក្នុង​ប្រព័ន្ធ​ហើយ ការដឹកជញ្ជូន នឹង​អនុវត្ត​ទៅដោយ​រលូន​ល្អ ដោយ​យើង​អាច​ដឹងថា កន្លែង​បោះឆ្នោត​ណា ប្រើ​មធ្យោបាយ​ដឹកជញ្ជូន​តាមបែប​ផ្លូវគោក ផ្លូវទឹក ឬក៏​ផ្លូវអាកាស ដោយ​ប្រើ​យន្តហោះ​។ មួយទៀត ទីតាំង​ការិយាល័យ​ក៏​កំណត់​ពី​ចំនួន​អ្នកបោះឆ្នោត​ផងដែរ​»៕