គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​ជ្រើសរើស​សមាសភាព​គណៈកម្មកា​រ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ចំនួន ១៧៥ រូប ជា​មន្ត្រី​ជាប់កិច្ចសន្យា រយៈពេល​ខ្លី ឱ្យ​បម្រើ​ការងារ​នៅ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤​។


​សេចក្តីជូនដំណឹង រប​ស់គ​.​ជ​.​ប ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ខែតុលា បាន​បញ្ជាក់ថា សមាសភាព គ​ធ​.​ខ​ប សម្រាប់​រាជធានី ខេត្ត​នីមួយៗ មាន​ចំនួន ៧ រូប ដែលមាន​មុខតំណែង​ជា ប្រធាន​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ចំនួន ១ រូប អនុប្រធាន​គណៈកម្មកា​រ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ចំនួន ១ រូប សមាជិក​ទទួលបន្ទុក​ផ្នែក​រដ្ឋបាល ចំនួន ១ រូប សមាជិក​ទទួលបន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ចំនួន ១ រូប សមាជិក​ទទួលបន្ទុក​ផ្នែក​ប្រតិបត្តិ​ការបោះឆ្នោត និង​បច្ចេកទេស ចំនួន ១ រូប​សមាជិក​ទទួលបន្ទុក​ផ្នែក​សេវាកម្ម​ច្បាប់ វិវាទកម្ម និង​សន្តិសុខ​បោះឆ្នោត ចំនួន ១ រូប និង សមាជិក​ទទួលបន្ទុក​ផ្នែក​អប់រំ ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​ចំនួន ១ រូប​។

​គ​.​ជ​.​ប បាន​លើកទឹកចិត្ត​ថា​៖«​សាធារណជន​ដែល​មានបំណង​ដាក់ពាក្យ​ជា​បេក្ខជន​តាម​មុខតំណែង​ខាងលើនេះ សូម​អញ្ជើញ​មក​ទំនាក់ទំនង ទទួល និង​ដាក់​ពាក្យសុំ​ប្រឡង​ចូល​បម្រើ​ការងារ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ នៅ​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ដែល គ​.​ជ​.​ប បានកំណត់​សម្រាប់​ធ្វើជា​កន្លែង​ចែក​ពាក្យ និង​ទទួល​ពាក្យ​»​។​


​ពាក្យសុំ​ប្រឡង​ចូល​បម្រើ​ការងារ​នឹងមាន​ចែកជូន​ដោយ​ឥតគិតថ្លៃ ឬ​បេក្ខជន​អាច​ទាញយក​ពាក្យសុំ​ប្រឡង​ចូល បម្រើ​ការងារ​តាមរយៈ​គេហទំព័រ​របស់ គ​.​ជ​.​ប អាសយដ្ឋាន (www.nec.gov.kh) ឬ​ស្កែ​ន QR-Code »​។​

​លោក សោម សូ​រី​ដា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែង​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៨​ខែតុលា​នេះ​ថា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈ​នៅមុន​ការបោះឆ្នោត​នេះ​មកដល់ គ​.​ជ​.​ប មាន​ភារកិច្ច ត្រូវ​ជ្រើសរើស​មន្ត្រី​សម្រាប់​បម្រើ​ការងារ​នៅតាម គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​)​សម្រាប់​អនុវត្ត​ដំណើរការ​បោះឆ្នោត​។


​លោក​បញ្ជាក់ថា​៖ «​សម្រាប់​ការបោះឆ្នោត​អសកល ឬ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា គឺ​យន្តការ​គ្រប់គ្រង​ការបោះឆ្នោត​របស់​គ​.​ជ​.​ប មាន ថ្នាក់​គជ​.​ប ថ្នាក់​រាជធានី​ខេត្ត និង​ថ្នាក់​ការិយាល័យ​បោះឆ្នោត ដោយឡែក​ថ្នាក់ឃុំ​សង្កាត់​អត់​មាន​ទេ​។ ចំពោះ​ការជ្រើសរើស​មន្ត្រី​គឺ​សមាសភាព​គណៈ​កម្ម​រៀបចំ​ការបោះឆ្នោត​រា​ជ​ធានី​ខេត្ត​នីមួយៗ ត្រូវ​ជ្រើសរើស ៧ រូប គឺប្រធាន​រូប អនុប្រធាន ១​រូប និង​សមាជិក ៥ រូប​»៕​