នៅក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ ពោលគឺ​ចាប់ពី​ខែមិថុនា ២០២០ ដល់ ខែតុលា ២០២៣ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឧបត្ថម្ភ​ជូន​ពលរដ្ឋ​តាមរយៈ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ប្រមាណ ៤ ៨៥០ ប៊ី​លាន​រៀល ឬ​ស្មើនឹង ១ ២១២,៦៩ លាន​ដុល្លារ​អាមេរិក ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ​១៩​។​


​យោងតាម​ការចេញផ្សាយ របស់​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា ដែលមាន​ការគាំទ្រ​ដោយ UNDP និង Australian AID បានឱ្យដឹងថា កម្មវិធី​នេះ បាន​ជួយ​សម្រួល​ជីវភាព​ពលរដ្ឋ​មាន​បណ្ណ​សមធម៌ ទាំង​នៅ​ទីប្រជុំជន និង​ទីជនបទ ទូទាំងប្រទេស​។​

​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​លើកដំបូង​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ដែលជា​ការបោះ​ជំហាន​ដ៏​សំខាន់​មួយ ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​ទទួលរង​ផល ប៉ះពាល់​ពី​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​។


​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា បានឱ្យដឹង​ទៀតថា អ្នក​ដែលមាន​បណ្ណ​ក្រីក្រ​ស្ទើរតែ​ទាំងអស់ បានទទួល​សាច់ប្រាក់​ឧបត្ថម្ភ​យ៉ាងហោចណាស់​មួយ​លើក ចាប់តាំងពី​ឆ្នាំ ២០២០ មក ខណៈពេលដែល​ដំណើរការ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​កំពុង​ត្រូវបាន​បន្ត​អនុវត្ត ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​គ្រួសារ​ដែល​ទើប​ធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ អាចដាក់​ពាក្យសុំ​ការវាយតម្លៃ​លើ​ស្ថានភាព​ជីវភាព​របស់​ពួកគេ ក្នុងការ​កំណត់​ពី​ការបំពេញ​តាម​លក្ខខណ្ឌ​របស់​គ្រួសារ​ទាំងនោះ ដើម្បី​អាច​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ដោយ​មិនចាំបាច់​រងចាំ​ការវាយតម្លៃ​លើ​ភាពក្រីក្រ​ដែល​ធ្វើជា​រៀងរាល់ ៣​ឆ្នាំ​ម្ដង​។​

​លោក ច​ន ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខា​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម បានឱ្យដឹងថា ក្នុង​រយៈពេល​បី​ឆ្នាំនេះ ការដាក់ឱ្យ​អនុវត្ត​កម្មវិធី​នេះ បានផ្តល់​ផ្លែផ្កា​យ៉ាង​ល្អប្រសើរ​។​


​លោក​បាន​បញ្ជាក់ថា​៖«​គឺ​បន្ទាប់ពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ធ្វើឱ្យ​អត្រា​នៃ​ការធ្លាក់ចុះ​ចូលទៅក្នុង​ក្រីក្រ​របស់​ប្រជាជន​កម្ពុ​ជាមាន​ភាពយឺត​ជាង ក្នុងករណី​ដែល​កម្ពុជា មិនមាន​ដាក់​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​។ ពោល ប្រសិន​គ្មាន​ការដាក់ចេញ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ទេ នឹង​ធ្វើឱ្យ​ការធ្លាក់​ចូលទៅ​ក្រោម​បន្ទាត់​ក្រីក្រ​កាន់តែ​មាន​ល្បឿន​លឿន​»​។​

​ទោះជា​យ៉ាងណាក៏ដោយ ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា បានផ្តល់​ជា​អនុសាសន៍​គោលនយោបាយ​ចំនួន ៦ ដើម្បី​ស្នើ​ដល់​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើឱ្យ​ប្រសើរ​នូវ​កិច្ច​គាំពារ​សង្គម​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដូចជា​៖ រាជរដ្ឋាភិបាល​កម្ពុជា គួរ​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ពិសេស​នេះ យ៉ាងហោចណាស់​ក្នុងអំឡុងពេល​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​ជំងឺ​កូ​វីដ​១៩ ដោយ​ធ្វើការ​ពិចារណា​ពី​លម្ហ​សារពើពន្ធ​ដែលមាន ដោយ​ថ្លឹងថ្លែង​ធៀប​ជាមួយនឹង​អាទិភាព​ដទៃទៀត​។

​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា​បន្ត​ថា​៖«​ក្នុងអំឡុងពេល​នៃ​ការសិក្សា​នេះ​ក៏ដោយ ក៏​នីតិវិធី ចុះឈ្មោះ​គ្រួសារ​ក្រីក្រ គួរ​ព​ន្លឿ​ន​បន្ថែមទៀត ដើម្បី​ធានាថា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ត្រូវបាន​បញ្ចូល​ទៅក្នុង​កម្មវិធី​នេះ​បាន​កាន់តែ​ឆាប់រហ័ស​, គួរ​មាន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​កែលម្អ​យន្តការ​កំណត់​ក្រុម​គោលដៅ​របស់​កម្មវិធី​នេះ​, គួរ​មានការ​ពិនិត្យឡើងវិញ​អំពី​មធ្យោបាយ​អប់រំ​ផ្សព្វផ្សាយ ដែលមាន​សម្រាប់​ជូនដំណឹង​ដល់​អ្នកទទួល​សាច់ប្រាក់ នៅ​កម្រិត​សហគមន៍ ឬ​នៅតាម​ភូមិ​អំពី​កាលបរិច្ឆេទ​បើក​ផ្តល់​សាច់ប្រាក់​,​ចាំបាច់​ត្រូវមាន​ការបង្កើន​ចំណេះដឹង​ហិរញ្ញវត្ថុ​ក្នុងចំណោម​អ្នកទទួលបាន​ប្រាក់ឧបត្ថម្ភ​, និង​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ការបង្កើន​ការយល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​បណ្ណ​ក្រីក្រ ដូចជា​ការផ្តល់សេវា​ថែទាំ​សុខភាព​ដោយ​មិន​គិតថ្លៃ​ជាដើម​៕