ភ្នំពេញៈ លោក​ អ៊ុក សុខា​អគ្គ​នាយក​បេតិក​ភណ្ឌ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្ប​: បាន​​ឱ្យដឹង​ថា រូប​បដិមា​ចម្លាក់​បុរាណ​នៅ​សល់​តែ​ដង​ខ្លួន​ មិន​មាន​ព្រះ​សិរ ដែល​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​កណ្តាល​ទ​ទួល​ពី​ប្រជា​ពលរដ្ឋត្រូ​វបាន​នាំយក​រក្សាទុ​ក​នៅ​សារ​មន្ទីរ​ជាតិ​ដែល​ជា​ទីតាំង​មាន​សុវត្ថិ​ភាព​រួចហើ​យ ​ដោយ​រង់​ចាំ​មន្ត្រី​ជំនាញ​ធ្វើការពិនិត្យ​សិក្សា​លម្អិត​លើ​រូបនេះ​​។


​លោក​អ៊ុក សុខា បាន​ប្រាប់​នៅ​ថ្ងៃទី​២​៩ ខែតុលា ឆ្នាំ​២០២៣ ​បន្ទា​ប់ពី​លោក​បាន​ទទួល​ព្រះ​បដិមា​នេះពី​លោក​ស្រី ​មួង សារឹម ប្រធាន​មន្ទីរ​វ​ប្បធម៌ និង​វិ​ចិត្រសិ​ល្ប​:​ខេត្ត​កណ្ដា​លកាល​ពី​ថ្ងៃទី២៨ ​ខែតុលា ​ឆ្នាំ​២០២៣​ក្រោយ​ពីប្រជា​ពលរដ្ឋ​នៅ​ភូមិ​ព្រៃទទឹង​ ឃុំ​ទួល​ព្រិច ​ស្រុក​អង្គ​ស្នួល ​បាន​ប្រទះ​ឃើញ​រូប​ចម្លាក់​បុរាណ​កប់​ក្នុង​ដីចម្ការ​និង​បាន​នាំគ្នា​ជីក​យក​ចេញពី​ក្នុង​ដីនិង​បាន​ប្រគល់ឱ្យមន្ទីរ​វប្ប​ធម៌​ខេត្ត កាល​ពី​ថ្ងៃទី​២៧​ខែ​តុលា​កន្លង​ទៅ។​

​ទោះជា​​យ៉ាង​ណា ​លោក​មិន​ទាន់​ហ៊ាន​ធ្វើ​អត្ថា​ធិប្បាយ​ពី​រូប​បដិមា​នេះ​ថា​ជា​រូប​ដែល​កសាង​នៅ​ឆ្នាំ​ណាឬ​នៅ​ក្នុង​រជ្ជកា​ល​ស្តេច​អង្គ​ណា​ឬ​កសាងអំ​ពី​វត្ថុ​អ្វី​នៅឡើយ ​ដោយ​រង់​ចាំ​ឱ្យ​មន្ត្រី​ជំនាញ​ក្រសួង ធ្វើការ​សិក្សា និង​ស្រាវ​ជ្រាវ​ជា​មុន​សិន​។​


​លោក​បាន​បញ្ជាក់​ថា​៖«​ចាំ​មើល​ចូលធ្វើ​ការ​សិន​ទៅ ​ព្រោះ​ល្ងាច​មិញ​គេ​យកទៅ​សារ​មន្ទីរ​យប់​ហើយ​អ៊ីចឹងព័​ត៌​មាន​យើង​ត្រូវ​ពិនិត្យ​មើល​ឱ្យ​ដិត​ដល់ ​ហើយ​ម្សិល​មិញ​យើង​ក៏បានយក​មក​ទុក​នៅ​ទីតាំង​មាន​សុវត្ថិ​ភាព​រួ​ចស្រេច​ដែរ​ហើយ​។ ចាប់​ពីថ្ងៃ​ធ្វើការ​ទៅ ​បាន​អ្នក​ជំនាញ ធ្វើ​ការ​សិក្សា យើង​មិន​អាច​ទាន់​ឆ្លើយ​អ្វី​លម្អិត​បាន​ទេ​»​។​

​ជា​មួយ​នេះដែ​រលោក​ អ៊ុក សុខា ក៏បាន​ផ្តាំផ្ញើ​និង​ថ្លែង​អំណ​រគុណ​ចំពោះ​អាជ្ញា​ធរ​ដែន​ដី ​មន្ត្រី​ជំនាញ​និង​ថ្នាក់​ដឹកនាំ​មន្ទីរ​ ជាពិសេស​ប្រជា​ពលរដ្ឋ​ដែល​បាន​រក​ឃើញ ​និង​បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​វត្ថុ​បុរាណ​ឬ​វត្ថុ​សិល្បៈ​នានា​មក​កាន់​សារ​មន្ទីរ​ជាតិ​ដើម្បី​យក​មក​ថែរក្សា ការ​ពារ​និង​អភិ​រក្ស​ទុក​បន្ត​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​សិក្សា​ស្រាវ​ជ្រាវ​។


​យោង​តាម​ហ្វេស​ប៊ុក​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្ប​:​នៅ​ថ្ងៃទី​២៨ ​ខែតុ​លា បាន​ឱ្យដឹង​ថា​ នៅ​ល្ងាច​ថ្ងៃទី​២៨​ ខែតុលា លោក​ស្រី ​មួង​ សារឹម​ ប្រធាន​មន្ទីរ​វប្ប​ធម៌ ​និង​វិចិត្រ​សិល្ប​:​ខេត្ត​កណ្ដាល ​បាន​នាំយក​ព្រះ​បដិមា​ដែល​ទទួល​បានពី​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​អង្គ​ស្នួល ​ខេត្ត​កណ្តាល ​ជូន​ក្រុម​ការងារ​ជំនាញ​របស់​សារ​មន្ទីរ​ជាតិ ​ដោយ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​ដោយ​សុវត្ថិ​ភាព​។​

​បើ​តាម​ប្រភព​ដដែល​ ការ​ងារ​នេះ ​លោក​ស្រី មួង សារឹម បាន​ដឹកនាំ​ក្រុម​ការងារ​ការិ​យាល័​យ​ជំនាញ​ចូល​រួម​សហ​ការ​ជា​មួយ​លោកជួប​ រដ្ឋា ​អភិ​បាល​រង​ស្រុក​អង្គ​ស្នួលនិ​ង​អាជ្ញាធ​រ​មូល​ដ្ឋានក្នុ​ងការ​ចូលរួម​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ព្រះ​បដិមា​ពីប្រ​ជាពលរ​ដ្ឋដែលប្រទះ​ឃើញ​ក្នុង​ដីចម្ការ​របស់​ពួក​គាត់​នេះ។​

​ក្រសួង​បាន​បញ្ជាក់​ថា ដោយ​ក្នុង​ស្មារតី​នៃ​ការ​ចូលរួ​មចំណែក​​ថែរក្សា ​ការពារ​ និង​ជា​កាតព្វ​កិច្ច​ដែល​កូន​ខ្មែរ​គ្រប់រូប​ត្រូវ​ចូលរួម​ផង​នោះ ​ម្ចាស់​ដែល​រក​ឃើញ​និង​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​បានស​ម្រេច​ប្រគល់​ព្រះ​បដិមា​ខាង​លើជូ​ន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​រក្សា​ទុកជា​សម្បត្តិ​បេតិក​ភណ្ឌ​ជាតិ​៕