ភ្នំពេញៈ ក្រសួងមហាផ្ទៃ ដែលជា​សមាជិក​នៃ​គណៈកម្មាធិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល បាន​បើក​កិច្ចប្រជុំ​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ ពិភាក្សា​លើ​ចំណុច​ប្រឈម និង​ប្រមូល​ធាតុ​ចូល ដើម្បី​រួមចំណែក​ជំរុញ​ដល់​ការអនុវត្ត​ការងារ​ពាក់ព័ន្ធ​ប្រព័ន្ធ​រដ្ឋាភិបាល​ឌីជីថល ឱ្យសម្រេចបាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​។​


​កិច្ចប្រជុំ​ពិភាក្សា​លើ​ឯកសារ​ជំនួយស្មារតី​សម្រាប់​ត្រៀម​ប្រជុំ​ជាមួយ គណៈកម្មាធិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល​(​គ​.​ស​.​ធ​.​ឌ​.)​ត្រូវបាន​ប្រព្រឹត្តឡើង កាលពី​ថ្ងៃទី​២៧​ខែតុលា ឆ្នាំ​២០២៣​កន្លងទៅនេះ​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត គ​.​ស​.​ធ​.​ឌ​. ដែល​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តាមបែប​ឌីជីថល និង​ត្រៀមលក្ខណៈ​ធ្វើយ៉ាងណា​ឱ្យ​ដើរ​ទាន់សភាពការណ៍ និង​ការវិវឌ្ឍ​នានា​។


​លោក​បាន​បន្តថា ក្រសួងមហាផ្ទៃ ក៏មាន​សមាសភាព​នៅក្នុង​គណៈកម្មការ​នេះដែរ ហើយ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ​ដើរតួនាទី​ជា​សេនាធិការ​បំពេញការងា​រ​នេះ​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​។

​លោក​បាន​បញ្ជាក់ថា​៖ «​ហេតុដូចនេះ កិច្ចប្រជុំ​នេះ គឺធ្វើឡើង​ដើម្បី​ស្តាប់​របាយការណ៍ ចំណុច​វិជ្ជមាន និង​បញ្ហា​ប្រឈម​ក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​អគ្គនាយក​ដ្ឋា​ន​ក្នុងនាម​ជា​សេនាធិការ​ជូន​ក្រសួងមហាផ្ទៃ សំដៅ​សម្រេចបាន​លទ្ធផល​ការងារ​ប្រកបដោយ​ផ្លែផ្កា​»​។​


​លោក ​ប៉ោ ភក្តិ បាន​សង្កត់ធ្ងន់ថា ផែនការ​សេដ្ឋកិច្ច និង​ធុរកិច្ច​នេះ ផ្តោត​សំខាន់​លើ​ការងារ​មួយចំនួន​រួមមាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ត​ភ្ជាប់​ការកសាង​ទំនុកចិត្ត​របស់​អ្នកប្រើប្រាស់​ការរៀបចំ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ការបង្ក​លក្ខណៈ​ងាយស្រួល​លើ​ការទទួលស្គាល់​ឯកសារ​តាម​ប្រព័ន្ធ​ឌីជីថល និង​ការជំរុញ​ឱ្យមាន​ការនិយម​ការប្រើប្រាស់​របស់​សហ​គ្រិន ជាដើម​។

​ដើម្បី​រួមចំណែក​ក្នុងការ​អនុវត្ត​ការងារ​ពាក់ព័ន្ធ​ប្រព័ន្ធ​រដ្ឋាភិបាល​ឌីជីថល លោក ប៉ោ ភក្តិ បានលើកឡើង​នូវ​គោលការណ៍​សំខាន់ៗ​រួមមាន ការរៀបចំ​បញ្ចូល​ទិន្នន័យ​ការអនុវត្ត​គោលការណ៍​នៃ​ការធ្វើសមាហរណកម្ម ពោលគឺ​ការប្រើប្រាស់​ប្រព័ន្ធ​ខុសគ្នា តែ​ស្របតាម​ក្របខ័ណ្ឌ​រួមជាមួយ​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ឱ្យមាន​ប្រសិទ្ធភាព​សម្រាប់​ការងារ​ប្រចាំថ្ងៃ និង​ការបញ្ជ្រាប​ចំណេះដឹង​។​

​ជាមួយគ្នា​នោះដែរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ លោក ហោ សំអាត បានលើកឡើង​ដែរ​ថា ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ក្រសួងមហាផ្ទៃ បាន​សិក្សា​ស្រាវជ្រាវ និង​ដកស្រង់​ធាតុ​ចូល​សំខាន់ៗ ដែល​ញ៉ាំងឱ្យ​ក្រុមការងារ​ជំនាញ​រួមគ្នា​ចងក្រង​បាន​ផែនការ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ឌីជីថល ក្រសួងមហាផ្ទៃ រយៈពេល​៥​ឆ្នាំ (២០២៣-២០២៧) ដោយ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​សូមជម្រាបថា គ​.​ស​.​ធ​.​ឌ​.​មាន​តួនាទី​បំពេញ​មុខងារ​ជា​សេនាធិការ​ការងារ​បច្ចេក​ទេស​ជូន​ក្រុមប្រឹក្សា​ជាតិ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល (​ក​.​ស​.​ឌ​.) ក្នុងការ​ដឹកនាំ រៀបចំ សម្របសម្រួល តាមដាន វាយតម្លៃ​ការអនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ វិធានការ ផែនការ​សកម្មភាព និង​វិនិយោគ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ធុរកិច្ច និង​សង្គម​ឌីជីថល​នៅ​កម្ពុជា​។​

​បើតាម ក​.​ស​.​ឌ​.​រដ្ឋាភិបាល​ឌីជីថល​សំដៅ​ជំរុញ​របៀបវារៈ នៃ​ការកែ​ទម្រ​ង​របស់​រាជរដ្ឋាភិបាល ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​បង្កើត​បរិយាកាស​ប្រកបដោយ​បរិ​យាប​ន្ន​កម្ម​មួយ​តាមរយៈ​ការកសាង​រដ្ឋាភិបាល និង​សេវាសាធារណៈ​ឌីជីថល គន្លឹះ​ជំរុញ​ការអនុវត្ត​ឌីជីថល​និង​អភិបាលកិច្ច​ផ្អែកលើ​ទិន្នន័យ​។​

​ធុរកិច្ច​ឌីជីថល​សំដៅ​ជំរុញ​ការចាប់យក​ឌីជីថល​របស់​សហគ្រាស​គ្រប់​កម្រិត និង​គ្រប់​វិស័យ​តាមរយៈ​ការជំរុញ​បរិវត្ត​កម្ម​ឌីជីថល​សហគ្រាស​, ការបង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព និង​ធុរកិច្ច​ថ្មី​និង​ការលើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃ​ឌីជីថល​។​

​រីឯ​ពលរដ្ឋ​ឌីជីថល សំដៅ​ចាប់យក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​បរិវត្ត​កម្ម​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​បង្កើន​ភាព​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់ តាមរយៈ​ការអភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ​ឌីជីថល​បណ្ដុំ​ធនធានមនុស្ស​ដែលមាន​ទេពកោសល្យ​ឌីជីថល​និង​ពលរដ្ឋ​ឌីជីថល ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន និង​ជ្រៀត​ដល់​កម្រិត​សហគមន៍​មូលដ្ឋាន​៕