ភ្នំពេញៈ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU) ជា​មួយ​កំពង់​ផែ ​តឹង​កាង​សាយ​ហ្គ​ន (Saigon ​Newport-SNP)​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព និង​កាត់​បន្ថយ​ថ្លៃ​ដើម​លើ​ការ​ដឹក​ជញ្ជូន ​ដើម្បី​រួម​ចំណែក​ដល់​ការ​អភិ​វឌ្ឍ​និរន្តរ​ភាព​នៃ​អាជីវ​កម្ម និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច និង​ពាណិជ្ជ​កម្ម​រវាង​វៀត​ណាម ​និង​កម្ពុជា​។​

​ការ​ចុះហ​ត្ថលេ​ខា​លើ​អនុស្សរណៈ​​នៃ​កិច្ចសហ​ប្រតិបត្តិ​ការ​រ​វាង PPAP និង ​SNP នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨ ​ខែតុលា ​ឆ្នាំ​២០២៣ ​គឺ​ចំពេល​មានការ​ទាក់​ទាញ​របស់​កម្ពុជា​ពី​គម្រោង​FDI បង្កើត​ឱកាស​សម្រាប់​ការ​ពង្រីក​អាជីវ​កម្ម​ និង​ជំរុញ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​តម្រូវ​ការ​សេវា​កម្ម​ដឹក​ជញ្ជូន​។​


​លោក​ស្រី ​ហ៊ឺ ផា​និ​ន អគ្គនា​យក​រង​នៃ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា គោ​លបំណង​នៃ​ការចុះ​អនុ​ស្សរណៈ​នេះ ​គឺដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ភាគី​ទាំង​២​សម្រាប់​ការ​ពិភាក្សា​ជា​ផ្លូវ​ការ​ក្នុង​បំណង​ធ្វើការ​រួមគ្នា​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោ​ជន៍​ជា​អតិ​បរមា​ពី​ផល​ប្រយោ​ជន៍​ទៅ​វិញ​ទៅ​មក ក្នុងការ​រួមគ្នា​អភិវ​ឌ្ឍ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ រួមមាន​កំពង់​ផែ​/​ដេប៉ូ ​និង​អ្នក​ផ្តល់​ភ័ស្តុ​ភារ ព្រម​ទាំង​ពង្រីក​ភាព​ជា​ដៃគូ​អាជីវ​កម្ម ដើម្បី​បង្កើន​វត្តមាន​ទីផ្សារ​ពា​ណិ​ជ្ជ​កម្ម​ជា​យុទ្ធ​សាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា ​និង​វៀត​ណាម​។​

​លោក​ស្រី​ បាន​បន្ថែម​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ភ័ស្តុភា​រកម្ម​រវាង​វៀត​ណាម និង​កម្ពុ​ជាមាន​ការរីក​ចម្រើន​យ៉ាង​ទូលំ​ទូលាយ​ និង​មាន​ទំនាក់​ទំនង​កាន់​តែ​ស៊ី​ជម្រៅ ជា​មួយ​នឹង​ព្រំដែន​រួម​គ្នា​។


​លោក​ស្រី​បាន​បន្ត​ថា ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​វៀត​ណាម ​និង​កម្ពុ​ជា ​មាន​ការរីក​ចម្រើន​ជា​ប​ន្តបន្ទា​ប់ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោ​យបា​ន​កើន​ឡើង​ជា​មធ្យម​១៨,​ភាគ​រយក្នុ​ង​ ១ ឆ្នាំ​។ គួរ​កត់​សម្គាល់​ថា​ពាណិជ្ជ​កម្ម​កម្ពុជា​-វៀត​ណាម​នៅ​ឆ្នាំ​២០២១ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​គឺ ៧៩ ​ភាគ​រយ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០​ បើ​ទោះបី​ជាមាន​ផល​ប៉ះពាល់​យ៉ាង​សំខាន់​នៃ​ជំងឺ​រាត​ត្បាត​កូ​វីដ​១៩​ ក៏​ដោយ​។

​លោក​ស្រី ​ហ៊ឺ ផា​និ​ន បាន​បញ្ជាក់ថា​ ៖ «​វៀតណា​ម​ដើរតួនា​ទី​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​សំខាន់​ ដែល​អាច​ឱ្យ​ទំនិញ​កម្ពុជា​ចូល​ទៅ​កាន់​តំបន់​កំពង់​ផែ​សមុទ្រ​សំខាន់ៗ​ សម្រួល​ដល់​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​នានា​ជុំវិញ​ពិភព​លោក​»​។

​លោក​ស្រី​បាន​បន្ត​ថា​៖«PPAP យើង​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​គាំទ្រ​គោលន​យោបាយ​​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក្នុង​ការ​ធ្វើឱ្យ​សេ​ដ្ឋកិ​ច្ចក​ម្ពុជា​រីក​ចម្រើន​ដោយ​ការកែ​លម្អ​ខ្លួន​យើង ​រួមទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​សេវា​កម្ម​ផងដែរ​។ដើម្បី​ឆ្លើយតប​​ទៅនឹង​​ការកើ​ន​ឡើង​នៃ​តម្រូវការ​ផលិត​កម្ម​ និង​ការ​ជួញ​ដូរ​ក្នុងស្រុ​ក​ យើង​កំពុង​ធ្វើការ​លើ​ការ​សាង​សង់​កំពង់​ផែ​រង​បន្ថែម​ទៀត​តាម​ដង​ទន្លេសា​ប និង​ទន្លេមេ​គង្គ​ ដើម្បី​ភ្ជាប់​សេវា​កម្ម​របស់​យើង​ទៅ​កាន់​តំបន់​ឧស្សា​ហកម្ម​ តំបន់​សកម្ម​ភាព​កសិក​ម្ម ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន និង​លុប​បំបា​ត់​រាល់​បញ្ហា​ដែល​អាច​កើត​មាន​»​។​

​លោក​ ង្វៀន ​ហ៊ុយ​តាង (Nguyen Huy Tang) ឯក​អគ្គរ​ដ្ឋទូត​សាធា​រ​ណរដ្ឋ​សង្គម​និយម​វៀត​ណាម​ប្រចាំ​កម្ពុជា​ បាន​បង្ហាញ​ទំនុក​ចិត្ត​ ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិកា​រ​ដឹក​ជញ្ជូន​នៅ​លើ​ផ្លូវ​វៀត​ណាម​-​កម្ពុជា ​ដែល​ត្រូវបាន​ចាត់ទុ​កថា​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ដើម្បី​រួម​ចំណែ​ក​ដល់​ការ​លើក​កម្ពស់​ការអ​ភិវ​ឌ្ឍ​សេដ្ឋកិ​ច្ចសង្គ​ម​ក្នុង​ស្រុក និ​ង​ការ​ពង្រឹង​ទំនាក់​ទំនង​ការ​នាំចេញ​នាំ​ចូល​រវាង​ប្រទេស​វៀត​ណាម ​កម្ពុជា និង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​។​

​លោក​បាន​ថ្លែង​តាម​រយៈ​សុន្ទរ​កថា​​នា​ពិធី​នោះដែ​រ​ថា៖«​វៀត​ណាម​និង​កម្ពុជា​នៅតែ​មាន​សក្ដានុ​ពល​សំខាន់​សម្រាប់​កិច្ច​សហ​ប្រ​តិ​បត្តិការ​បន្ថែម​ទៀត​ក្នុង​វិស័យ​ផ្សេងៗ រួម​ទាំង​កា​រផលិត​ទំនិញ​ប្រើប្រា​ស់ ថាម​ពល​ អគ្គិស​នី ការ​ទាញយ​ក​រ៉ែ កែច្នៃ​​កសិកម្ម​ និង​ជលផ​ល​»​។​

​ចំណែក លោ​ក ប៊ុ​យ វ៉ាន់​កូយ​ (Bui Van Quy) ​អនុប្រ​ធាន​​ប្រតិ​បត្តិ​នៃ SNP ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​​របស់​ពួកគេ​ក្នុង​ការ​ធ្វើកា​រ​ជាមួ​យ​ដៃគូ​ដឹក​ជញ្ជូ​ន និង​​សមា​គម​ដឹក​ជញ្ជូន​ក្នុងស្រុ​ក​ និង​អន្តរ​ជាតិ ដើម្បី​ផ្តល់​សេ​វាក​ម្ម​ល្អ​បំផុត​​។​

​លោក​​បាន​ថ្លែងថា​៖«​តាមរ​យៈ​អ្នកជំនា​ញ​ផ្នែក​ភ័ស្តុភារ​នៅក្នុង​សិក្ខា​សាលា​​នឹង​រួម​ចំណែក​ក្នុង​ការពង្រឹ​ង​ការត​ភ្ជាប់និង​ជំរុញ​សេវាក​ម្ម​ដឹក​ជញ្ជូន​ដ៏​រឹងមាំ​សម្រាប់​ផ្លូវ​វៀ​តណាម​-​កម្ពុជា​ ធានា​នូវ​ប្រតិប​ត្តិកា​រ​ខ្សែច្រវាក់​ផ្គត់ផ្គង់​​ប្រកប​ដោយ​ប្រសិទ្ធភា​ព និង​រលូន​»​។

​ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ​ភាគី​ទាំង​២មើល​ឃើញថា​ ទន្ទឹម​នឹង​ឱកាស ​និង​សក្ដានុ​ពល​ នៅតែ​មាន​បញ្ហា​ប្រឈម​ជាច្រើ​ន​ដែល​ទាម​ទារ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា ​មិន​ត្រឹម​តែ​ពី​ភ្នាក់ងា​រ​រដ្ឋាភិ​បាល និង​អាជ្ញា​ធរ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ពី​សហ​គមន៍​ធុរកិច្ច​​ក្នុងប្រ​ទេស​វៀត​ណា​ម និង​កម្ពុជា​ផង​ដែរ ​ជាពិសេស​ទាក់ទង​​នឹង​នីតិវិធី​គយ​សម្រាប់​ការដឹ​កជញ្ជូន​ទំនិញ​ និង​ថ្លៃ​សេវា​ពាក់​ព័ន្ធ​៕