ភ្នំពេញៈ យុវជន​មាន​ពិការ​ភាព​កម្ពុជា​ចំនួន ៤​ នាក់ ទទួល​បាន​មេដាយមាស និង​សំរឹទ្ធ ពី​ការប្រកួត​ជា​សកល​ផ្នែក​ព័​ត៌​មាន​វិទ្យា​ឆ្នាំ​ ២០២៣ ដែល​ក្នុងនោះ​យុវជន​មាន​ពិការភាព​ម្នាក់ ទទួលបាន​មេដាយមាស ​១ និង​សំរឹទ្ធ​ ១​ ពី​ទីក្រុង​អា​ប៊ូ​ដា​ប៊ី សហព័ន្ធ​អារ៉ាប់​អេ​មី​រ៉ា​ត ដែល​បញ្ជា​ក់នូវ​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា ដែលមាន​យុវជន​មាន​ពិការភាព​ដ៏​មាន​សក្ដានុពល​នេះ​។​


​លោក ច​ន​ពៅ ស៊ី​រ៉ាណូ ជា​យុវជន​មាន​ពិការភាព​ដែល​ទទួលបាន​មេដាយមាស​ដោយ​ការប្រកួត​លើ​វិញ្ញាសា eLife Map រយៈពេល ២​ ថ្ងៃ​។ យុវជន​មាន​ពិការភាព​កម្ពុជា​ទាំង​ ៤ ​នាក់​នេះ​ក៏​ទទួលបាន​មេដាយ​សំរឹទ្ធ​ចំនួន ៤​ គ្រឿង​ផងដែរ​ លើ​វិញ្ញាសា​ប្រកួត​លើ​វិញ្ញាសា eContent ជា​លក្ខណៈ​ក្រុម​ផងដែរ​។

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ ខែតុលា​ថា ការ​ឈ្នះ​នេះ​ជា​មោទនភាព និង​អបអរ​​សាទរ ដែល​យុវជន​មាន​ពិការ​ភាព​កម្ពុជា ទទួលបាន​មេដាយ​មាស និង​មេដាយ​សំរឹទ្ធ ក្នុងការ​ប្រកួត​ជាស​កល​ផ្នែក​ព័​ត៌​មាន​វិទ្យា​សម្រាប់​យុវជន​មាន​ពិការភាព​ឆ្នាំ​ ២០២៣​។


​ក្រសួង​សង្គមកិច្ច​បានបញ្ជាក់​ថា សម្រាប់​ការប្រកួតប្រជែង​នេះ មាន​អ្នកចូលរួម​សរុប ចំនួន ៥៣៦ ​រូប ក្នុងនោះ​យុវជន​មាន​ពិការភាព​ចំនួន ៤៦១ ​រូប (​ប្រកួត​ផ្ទាល់​ចំនួន ៩៥ ​រូប និង​ប្រកួត​តាម​អន​​ឡាញ​ចំនួន ៣៦៦ ​រូប​) ដោយមាន​យុវជន​មកពី​ប្រទេស​ចំនួន​ ១៨ គឺ​កម្ពុជា អារ៉ាប់​អេ​មី​រ៉ា​ត កូរ៉េ ប៉ា​គី​ស្ថាន អេ​ហ្ស៊ី​ប នេ​ប៉ាល់ ម៉ុង​ហ្គោ​លី កេ​ន​យ៉ា អេ​​ត្យូ​ពី បង់​ក្លា​ដែ​ស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ា​ឡេ​ស៊ី ឡាវ និង​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី ​២៣ ដល់​ ២៩ ខែតុលា ឆ្នាំ​ ២០២៣​។​

​លោក ឯម ច័ន្ទ​មករា អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​នៅ​ថ្ងៃទី ​២៩ ខែតុលា​ថា ដើម្បី​អបអរសាទរ​ដល់​យុវជន​មាន​ពិការភាព​កម្ពុជា​ដែល​ទទួលបាន​មេដាយមាស និង​មេដាយសំរិទ្ធ​ពី​ការប្រកួត​នេះ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច នឹង​មក​ទទួល​យុវជន​មាន​ពិការភាព​កម្ពុជា នៅ​ព្រលាន​​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី ​២៩ ប្រសិន​គ្មាន​ករណី​ណា​ប្រែប្រួល​។​


​លោក ច័ន្ទ​មករា បាន​បញ្ជាក់ថា​៖ «​បងប្អូន​ដែល​ទទួលបាន​ពានរង្វាន់​ពី​ការប្រកួត​សកល​ផ្នែក​ព័ត៌មានវិទ្យា​ឆ្នាំ​ ២០២៣​ នេះ គឺមាន​យុវជន​មាន​ពិការ​ភាព​កម្ពុជា​ទទួលបាន​មេដាយសំរិទ្ធ​ចំនួន ៤​ គ្រឿង ក្នុងការ​ប្រកួត​ជា​លក្ខណៈ​ក្រុម ក្រៅពី​មេដាយសំរិទ្ធ​ហើយ យុវជន​មាន​ពិការភាព​កម្ពុជា​ម្នាក់​ក្នុងចំណោម​ ៤ ​នាក់ ទទួល​បាន​មេដាយមាស​ ១​ ផងដែរ​»​។​

​លោកស្រី ម៉ាក់ ម៉ូ​នី​កា នា​យិ​កា​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា (CDPO) បានឱ្យដឹង​ដែរ​ថា ក្នុងនាម​ជា​អង្គ​ការដែល​ធ្វើការ​លើ​វិស័យ​ពិការភាព ពិត​ជា​ចូលរួម​អបអរសាទរ​ជាខ្លាំង ពី​ព្រោះនេះ​បង្ហាញថា កម្ពុជា​ជា​ប្រទេស ​១​ ដែលមាន​ជន​មាន​ពិការភាព​ដ៏​មាន​សក្ដា​នុ​ពល​ខ្ពស់ ហើយ​បាន​ចូលរួម​លើកមុខ​មាត់​របស់​ប្រទេស ដោយ​ការបង្ហាញ​សមត្ថភាព និង​ទង់ជាតិ​ខ្មែរ​ទៅកាន់​ប្រ​ទេស​ផ្សេង​ទៀតផង​។​

​លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សាទរ​មែនទែន​ចំពោះ​ជន​មាន​ពិការភាព​យើង​ដែល​ទទួលបាន​មេដាយ​​មាស​ជូន​សង្គមជាតិ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​លើក​ក្រោយ​ទៀត ខ្ញុំ​ចង់ឱ្យមាន​ការរៀបចំ​ជន​មាន​ពិការភាព​យើង​បាន​ទៅ​ចូលរួម​ប្រកួត​ច្រើនជាង​នេះ ហើយ​ក្នុងនោះ​ក៏ត្រូវ​តែមាន​ស្ដ្រី​ដែលជា​ជន​មាន​ពិការភាព​ចូលរួម​ផងដែរ​»​។​

​លោកស្រី​បន្តថា ការ​ដែលមាន​ស្ត្រី​ជា​ជន​មាន​ពិការភាព បាន​ចូលរួម​ប្រកួត វា​ជាការ​បញ្ជាក់ថា កម្ពុជា​បាន​លើក​កម្ពស់​ទាំង​វិស័យ​ពិការភាព និង​ទាំង​ការលើកកម្ពស់​យេន​​ឌ័​រ​ផងដែរ ដូច្នេះហើយ​បើ​មានឱកាស​លើក​ក្រោយ​ទៀត ភាគី​កម្ពុជា​គួរតែមាន​ការចរចា​យ៉ាងណា​ជាមួយ​ភាគី​ប្រទេស​ដែលជា​ម្ចាស់ផ្ទះ ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ជន​មាន​ពិការ​ភាពជា​ស្ត្រី​បាន​ចូលរួម​ច្រើន​ក្នុងការ​ប្រកួត​។​

Global IT Challenge for Youth with Disabilities (GITC))​ គឺជា​គម្រោង​ ១ ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​យុវជន​​ពិការ ចាក់គ្រឹះ​សម្រាប់​វឌ្ឍនភាព​សង្គម និង​លើកកម្ពស់​ការយល់​​ដឹង​អំពី​លទ្ធភាព​ប្រើប្រាស់​ឌី​ជី​ថ​ល​សម្រាប់​យុវជន​ពិការ​៕