ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា លោក​មាន​បក្ខពួក​ជាង ១៧​ លាន​នាក់ ពោលគឺ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស ហើយ​ប្រជាជន​នេះហើយ​ជា​អ្នកមានអំណាច​សម្រេចចិត្ត​ឱ្យ​គណបក្ស​ប្រជា​ជនកម្ពុជា​ជា​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​។​


​លោក​បានលើកឡើង​ដូចនេះ​នៅ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ប្រ​មាណ​ជិត​ ២ ​ម៉ឺន​នាក់ ​នៃ​បណ្តា​រោងចក្រ​សហគ្រាស​ក្នុង​មូល​ដ្ឋា​ន​ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២៣​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា មាន​អ្នកនយោបាយ​បរទេស​បានលើកឡើង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេសមួយ​ថា​គោលនយោបាយ​អភិវឌ្ឍន៍​ប្រទេស​របស់​រដ្ឋាភិបាល​លោក ​គឺ​សម្រាប់តែ​បក្ខពួក​ខ្លួនឯង​ និង​អ្នកមានអំណាច​មួយ​ក្តាប់​តូច​ដែល​លោក​ចាត់ទុកជា​ការវិភាគ​មាន​ភាពចង្អៀតចង្អល់​។​


​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​ផ្តល់​សម្រាប់​បក្ខពួក​ខ្ញុំ​ ១៧ ​លាន​នាក់​ ហើយ​អ្នកមានអំណាច​ គឺ​ប្រជា​ពលរដ្ឋ​ហ្នឹងឯង​ដែលជា​អ្នកមានអំណាច​ផ្តល់​សិទ្ធិ ផ្តល់​ឱកាស​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​»​។​

​លោក​បន្តទៀតថា គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​តែង​ស្វាគមន៍​គ្រប់​និន្នាការ និង​បក្ខពួក​ក្នុង​គោលដៅ​រួមគ្នា​ថែរក្សា​សន្តិភាព​និង​ការអភិវឌ្ឍ ហើយ​លោក​បម្រើ​អ្នកមានអំណាច​គឺ​ប្រជាជន​នោះឯង​ដែលមាន​អំណាច​បោះឆ្នោតឱ្យ​គណបក្ស​​ប្រជាជន​កម្ពុជា និង​លោក​មក​ដឹកនាំ​ប្រទេស ខណៈ​គណបក្ស​ប្រជាជន​​កម្ពុជា​ទទួល​សំឡេងឆ្នោត​ជាង ​៨២​ ភាគរយ ពោល​គឺជា​សំឡេង​លើស​លប់​ចំនួន ៦​ លាន ៤​ សែន​សំឡេង​។​


​នៅក្នុង​ឱកាស​នោះដែរ លោក​បាន​ផ្តាំផ្ញើ​ទៅកាន់​ការវិភាគ​ដែល​បង្អាប់​លោក​ដូច្នេះ​ថា​៖ «​អ្នកឯង​ចោទ​ខ្ញុំ​ថា​ខ្ញុំ​ធ្វើ​ដើម្បី​បក្ខពួក​របស់ខ្ញុំ អ្នកមាន​លុយ អ្នកមានអំណាច ប៉ុន្តែ​អ្នកឯង​មាន​ទស្សនៈ​ចង្អៀតចង្អល់​ហើយ​ទស្សនៈ​ចង្អៀតចង្អល់​បែប​អស់លោក​នេះហើយ​បានជា​បក្ស​របស់​អស់លោក​មិនដែល​ឈ្នះឆ្នោត​នោះ​»​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា​៖ «​ឱ្យតែ​គេ​ចូលមក​រួមជាមួយ​រាជ​រដ្ឋា​​ភិ​បាល ថា​គេ​ក្បត់ជាតិ ហើយ​ចោទ​រាជរដ្ឋាភិបាល​មិន​ផ្ដល់ឱកាស​ឱ្យ​អ្នកចេះដឹង ហើយ​អ្នក​ដែលមាន​ចំណេះ​ជំនាញ​ចូលមក​ធ្វើការ​ក្នុង​រាជរដ្ឋាភិបាល​ចោទ​គេ​ថា ក្បត់​ឧ​ត្ត​ម​គតិ ចង្អៀតចង្អល់​បែបនេះហើយ​ដែល​មិន​រីកចម្រើន​»​។​

​លោក​បាន​បន្ថែមថា លោក​បានគិត​​គូរ​គោលនយោបាយ​សម្រាប់​បក្ខពួក​របស់លោក គឺ​ពង្រីក​របប​ថែទាំ​សុខភាព​សម្រាប់​ប្រជាជន ៧ ​លាន​ ៤ ​សែន​នាក់​ ដែល​ទទួលផល​ពី​ការ​គ្របដណ្តប់​បណ្ណសម​ធម៌ និង​គោលនយោបាយ​សមធម៌ ព្រមទាំង​ការរៀបចំ​របប​បេឡា​សន្តិសុខ​សង្គម​។

​លើសពីនេះ លោក​បាន​គិតគូរ​បណ្តុះ​​បណ្តាល​ប្រជាជន​ជាង ​៦​ លាន ​៥ ​សែន​នាក់ ​ដែល​ទាំងនេះ​ជា​បក្ខពួក​របស់លោក​ដែលជា​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ និង​រង​ហានិភ័យ​អាច​បាន​ទៅ​សិក្សា និង​ទទួលបាន​ប្រាក់ខែ​រួមទាំង​កម្មករ​-​កម្មការិនី​ផង​។​

​លោក ​អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ដែល​យក​ប្រជាជន​ទូទាំងប្រទេស​ជា​បក្ខពួក​របស់លោក ក៏ប៉ុន្តែ​លោក​ស្នើឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​ ដើម្បីឱ្យ​ពលរដ្ឋ​គ្រប់រូប​ទទួលបាន​ផលប្រយោជន៍​ដោយ​មិនមាន​ការរើសអើង​។​

​លោក​ថា មតិ​រិះគន់​ចំពោះ​ភាព​បក្ខ​ពួកនិយម​របស់​រដ្ឋា​ភិ​បាល​ថ្មី​ គឺមាន​ទាំង​ក្រសែភ្នែក​អ្នក​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ព្រមទាំង​រង្វង់​មតិ​សហគមន៍​អន្តរជាតិ​។​ លោក​បាន​ថ្លែងថា​៖ «​បើ​យើង​ចង់់​បញ្ចៀស​បញ្ហា​បក្ខពួកនិយម យើង​គួរ​រៀបចំ​ប្រព័ន្ធ​រដ្ឋបាល​នយោបាយ​ឡើងវិញ ជាពិសេស​គណបក្ស​នីមួយៗ​មិន​ត្រឹមតែ​រដ្ឋាភិបាល​ទេ គឺ​ធ្វើយ៉ាងណា​មានការ​ប្រឡងប្រជែង​មានការ​​វាយតម្លៃ​ត្រឹមត្រូវ ​ដើម្បី​ទទួលបាន​អ្នកមាន​សមត្ថភាព​ពិតប្រាកដ​»​។​

​លោក​ អ៊ូ ច័ន្ទ​រ័ត្ន បន្ថែមថា បើសិន​គេ​មិន​ទប់ស្កាត់​បញ្ហា​បក្ខពួកនិយម​ទេ នោះ​សង្គម​នឹង​កើត​មានរឿង​អយុត្តិធម៌​។

​សម្រាប់ លោក យង់ ពៅ អគ្គលេខា​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងថា ការលើកឡើង​របស់លោក ​ហ៊ុន​ ម៉ា​ណែ​ត​ នេះ ជាការ​សម​ហេតុ​សម​ផល ដោយសារ​ក្នុងនាម​ជា​នាយក​រដ្ឋ​​មន្ត្រី​ គឺជា​នាយករដ្ឋមន្ត្រី​សម្រាប់​ប្រជា​ជន​ប្រទេស​ទាំងមូល​ទោះបី​ប្រជាជន​ខ្លះ​មាន​និន្នាការ​ប្រឆាំង​ក្តី ឬ​ស្រប​ក្តី​ដូច្នេះ​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​ប្រជា​ជន​ខ្មែរ​ទាំង​ជាង ១៧ ​លាន​នាក់​។​

​លោក​បាន​លើកឡើងថា មតិ​រិះគន់​ដែលថា រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ា​ណែ​ត ប្រកាន់​បក្ខពួកនិយម គឺ​មិន​យល់​ពី​យន្តការ​នៃ​ដំណើរការ​រដ្ឋា​ភិ​បាល ដោយសារ​ជាធម្មតា​គណ​បក្ស​ដែល​ឈ្នះឆ្នោត តែង​រៀបចំ​គណៈ​រដ្ឋ​មន្ត្រី​ដែលមាន​ទស្សនៈ​នយោបាយ​ស្របតាម​ខ្លួន​។

​លោក យង់ ពៅ បាន​បញ្ជាក់ថា​៖ «​តែ​កាលណា គេ​ឈ្នះឆ្នោត គេ​ជ្រើស​យកគ្នា​គេ សមាជិក​បក្ស​គេ​មក​ធ្វើការ​ហើយ ជា​រឿង​ធម្មតា​។ អ្វីដែល​សំខាន់​ដើម្បី​ឆ្លើយតប​នឹង​មតិ​រិះគន់​បែបនេះ រដ្ឋាភិបាល​អាណត្តិ​ទី​៧ ​ត្រូវ​គិតគូរ​ជួយ​ដោះស្រាយ​បញ្ហា និង​បម្រើ​ប្រយោជន៍​សម្រាប់​ប្រជាជន​ទូទាំងប្រទេស​នៅត្រង់​តម្រូវការ​ជាក់ស្តែង​រប​ស់​ពលរដ្ឋ​ដែល​មិនមាន​ការរើសអើង​»​។​

​លើសពីនេះ​ទៀត លោក​ យង់ ពៅ បាន​បន្ថែមថា ការជ្រើសតាំង​មន្ត្រី​នៅតាម​មូលដ្ឋាន​ក៏មាន​សារៈសំខាន់​ផង​ដែរ ដើម្បី​ចៀសវាង​មតិ​រិះគន់​លើ​បញ្ហា​បក្ខពួកនិយម ជាពិសេស​ការ​ជ្រើស​​រើស​មន្ត្រីរាជការ​ទូទៅ​ប្រកបដោយ​សមត្ថភាព និង​មាន​ទឹកចិត្ត​ក្នុងការ​បំពេញភារកិច្ច​តាម​តួនាទី​ក្នុង​បំណង​បម្រើ​ប្រជាពលរដ្ឋ​៕