ភ្នំពេញៈ អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រកាសផ្ដល់ការគាំទ្រជំនួយបច្ចេកទេសដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ចាប់ផ្តើមអនុវត្តគម្រោង ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ហៅកាត់ថា PEARL ដើម្បីលើកកម្ពស់កសិកម្ម ភាតរបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុ របស់ប្រជាសហគមន៍ នៅភាគខាងជើងបឹងទន្លេសាបប្រមាណ ៤៥ ម៉ឺននាក់។
ការប្រកាសនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពីគម្រោង PEARL នៅសណ្ឋាគារភ្នំពេញ ថ្ងៃទី ២៧ ខែតុលា ដើម្បីប្រមូលធាតុចូលបន្ថែម និងបង្ហាញពីគោលបំណង នីតិវិធី និងវិធានការ ក្នុងការអនុវត្តគម្រោងនេះសម្រាប់រយៈពេល ៦ ឆ្នាំ។
លោកស្រី Rebekah Bell តំណាងអង្គការ FAO កម្ពុជា បានថ្លែងថា គម្រោង PEARL គឺជាគម្រោងរបស់កម្ពុជា ដែលជាផលិតផលទាក់ទង និងតួនាទីរបស់រាជរដ្ឋាភិបាលក្នុងប្រទេសនេះ ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន។
លោកស្រីបញ្ជាក់ថា គម្រោងនេះ មិនមែនជារបស់អង្គការ FAO ទេ។ អង្គការ FAO គ្រាន់តែជាអ្នកជួយសម្របសម្រួល ឱ្យកម្ពុជាបានទទួលជំនួយឥតសំណងពីមូលនិធិអាកាសធាតុបៃតង (GCF) ប៉ុណ្ណោះ។
លោកស្រីបន្តថា គម្រោងនេះនឹងជួយលើកស្ទួយផលិតផលកសិកម្មកម្ពុជា ព្រមទាំងរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដោយជួយដល់កសិកររហូតដល់ ៤៥ ម៉ឺននាក់ ស្មើនឹង ៣ ភាគរយ នៃប្រជាជនទូទាំងប្រទេស។ តាមរយៈភាពជាដៃគូនេះ កសិករខ្នាតតូចអាចមានឱកាសផលិតដំណាំពាណិជ្ជកម្ម ដែលមានតម្លៃខ្ពស់មួយចំនួន ដូចជាស្វាយ ស្វាយចន្ទី អង្ករសរីរាង្គ និងពពួកបន្លែស្លឹកជាដើម។
លោកស្រី Rebekah Bell ថ្លែងថា៖ «គម្រោងនេះជួយដល់កសិករខ្នាតតូចជាច្រើន ដែលពឹងពាក់ទៅលើផលិតផលកសិកម្ម ហើយវាមិនត្រឹមតែជួយផ្តល់លទ្ធភាព ដែលទទួលបានពីគម្រោងនេះប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវតែបង្កើនឱកាសទីផ្សារកាន់តែប្រសើរ និងប្រើប្រាស់ធនធាននានា ដែលមានដើម្បីកាត់បន្ថយភាពងាយរងគ្រោះ ដែលបណ្តាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ»។
លោក Marc Dumas Johansen តំណាង GCF ថ្លែងតាមវីដេអូ conference ក្នុងពិធីនោះឱ្យដឹងថា តំបន់ខាងជើងបឹងទន្លេសាប ជាកន្លែងសំខាន់សម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែជាក់ស្តែងតំបន់នោះមានការប្រែប្រួល និងមានប្រតិកម្មនានាកើតឡើង។ ហេតុនេះការផ្តល់ជូនមូលនិធិជំនួយឥតសំណងនេះ គឺដើម្បីជួយកសាងភាពធន់ ភាពខ្លាំង និងរឹងមាំនៅផ្នែកនៃតំបន់នោះ ជាពិសេសគឺធ្វើយ៉ាងណាជួយបង្កើនលក្ខណៈជីវសាស្ត្រ ប្រកបដោយភាពចម្រុះ និងកាន់តែមានភាពល្អប្រសើរ ព្រមទាំង ជួយបង្កើនផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់ និងជួយដល់ការការពារជីវចម្រុះផងដែរ។
លោក កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីនោះថា PEARL ជាគម្រោងមួយសំខាន់ និងទាន់ពេលវេលាក្នុងការឆ្លើយតបជាមួយវិបត្តិចំនួន៣ ដែលកំពុងបន្តកើតឡើងទាំងក្នុងតំបន់ និងក្នុងប្រទេសជាតិ រារាំងដល់ការអភិវឌ្ឍប្រទេស និងការជំរុញលើកកម្ពស់ជីវភាពរបស់ប្រជាជន ពិសេសការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម។ លោកបញ្ជាក់ថា វិបត្តិទាំង៣នោះរួមមាន បញ្ហាកូវីដ ១៩ បញ្ហាការប្រទាញប្រទង់នៃភូមិសាស្ត្រនយោបាយ និងបញ្ហាវិបត្តិនៃការប្រែប្រួលអាកាសធាតុ។
លោក សេរីរដ្ឋា ថ្លែងថា៖ «ខ្ញុំរង់ចាំជានិច្ចក្នុងការចូលរួមសហការជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍគម្រោងដែលមានរយៈពេល ៦ ឆ្នាំ ជារយៈពេលមួយវែង ថ្វីដ្បិតតែយើងមិនដឹងថា ថ្ងៃស្អែកយើងនឹងទៅណា និងមានរឿងអីកើតឡើង តែនេះជាគម្រោង១ដែលស្ថិតនៅសម្រាប់ប្រយោជន៍កម្ពុជាទាំងមូល»។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គម្រោង PEARL គឺមានការផ្សាភ្ជាប់ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី ពាក់ព័ន្ធការប្តេជ្ញាចិត្ត ក៏ដូចជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយ ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោកបន្តថា គម្រោងនេះក៏មានការផ្សារភ្ជាប់ជាមួយគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្តោតលើអាទិភាពចំនួន៤ផងដែរ គឺទី១ ការកសាងចង្វាក់ផលិតកម្ម និងតម្លៃទីផ្សារ។ ទី២ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេសចំនួន ១ ៦០០ រូប។ ទី៣ ការរៀបចំចងក្រងសមាគម និងសហគមន៍កសិករ និងទី៤ គឺការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងជលផលប្រកបដោយចីរភាព។
លោក យ៉ង សាំងកុមារ ថ្លែងថា៖ «តាមរយៈគម្រោងនឹងជួយដល់ការពង្រឹងសមត្ថភាពដល់កសិករយើង ជួយក្នុងការផ្តល់ទុន ការវិនិយោគផ្សេងៗទៅដល់កសិករ និងសហគមន៍កសិករ និងជួយដល់ការផ្សារភ្ជាប់គ្នាក្នុងចង្វាក់ប្រព័ន្ធ ផលិតកម្ម និងតម្លៃជាមួយតួអង្គសំខាន់ៗដែលចូលរួម»។
តាមរយៈហ្វេសប៊ុក នាថ្ងៃទី ១៨ ខែមីនា ក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោង PEARL ជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួត រវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន និងសង្គមស៊ីវិល ក្រោមការគាំទ្រជំនួយបច្ចេកទេសពីអង្គការ FAO និងហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង (GCF)។
គម្រោងនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ GCF កាលពីថ្ងៃទី ១៥ ខែមីនា មានរយៈពេល ៦ ឆ្នាំ ដែលមានថវិកាសរុបចំនួនប្រមាណ ៤៣ លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៣៦,២ លានដុល្លារអាមេរិក ជាជំនួយឥតសំណងពីមូលនិធិ GCF និង ៦,៦ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអង្គការ FAO ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥ ម៉ឺននាក់ និងខ្សែច្រវាក់តម្លៃនៅភាគខាងជើងបឹងទន្លេសាប រួមមានខេត្ត កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ៕