ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នយោបាយ ឈ្នះ ឈ្នះ និង​ខួប ៥ ឆ្នាំ នៃ​ការកសាង​វិមាន​ឈ្នះ ឈ្នះ ដោយមាន​សមាសភាព ២៩ រូប ដែល​នឹង​ប្រារព្ធ​ឡើង​នា​ខែធ្នូ ឆ្នាំ​ ២០២៣ ខាងមុខនេះ​។​


​សេចក្តីសម្រេច​បង្កើត​គ​ណៈ​កម្ម​ការ​អន្តរក្រសួង ដែល​ចុះហត្ថលេខា ដោយ​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣ បាន​លើកឡើងថា គណៈកម្មការ​អន្តរក្រសួង​នេះ​មាន​សមាសភាព ចំនួន ២៩ រូប​ដែល​ក្នុងនោះ​មាន​លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជា​ប្រធាន​និង​មាន​អនុប្រធាន​ចំនួន​១០​រូប ដែលជា​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​នៃ​ក្រសួង​-​ស្ថាប័ន​ផ្សេងៗ និង​សមាជិក​ចំនួន​១៨ រូប ដែលជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផងដែរ​។

​សេចក្តីសម្រេច​បញ្ជាក់ថា​៖«​គណៈកម្មការ​អន្តរក្រសួង​នេះ​មាន​តួនាទី និង​ភារកិច្ច ដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​ពិធី​ខួប​លើក​ទី​២៥ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ ឈ្នះ និង​ខួប​៥​ឆ្នាំ នៃ​ការកសាង​វិមាន​ឈ្នះ ឈ្នះ​, គ្រប់គ្រង​ការងាររដ្ឋបាល ហិរញ្ញវត្ថុ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ពិធី​,​ចាត់ចែង និង​ត្រួតពិនិត្យ​ដំណើរការ​រៀបចំ​ពិធី​ឱ្យមាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​, ធ្វើ​របាយការណ៍​លទ្ធផល​ជូន​រាជរដ្ឋាភិបាល​និង​បំពេញភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការប្រគល់​ជូន​រប​ស់រាជ​រដ្ឋាភិបាល​»​។​


​គណៈកម្មការ​អន្តរក្រសួង​នេះ មាន​ទីតាំងនៅ​ក្រសួងការពារជាតិ និង​មាន​សិទ្ធិ​ប្រើ​ត្រា​របស់​ក្រសួងការពារជាតិ​ដើម្បី​ដំណើរការ​ការងារ​រប​ស់​ខ្លួន ហើយ​គណៈកម្មការ​នេះ​ក៏មាន​សិទ្ធិ​ប្រើ​ថវិកា​រាជរដ្ឋាភិបាល និង​ប្រភព​ថវិកា​ស្របច្បាប់​ផ្សេងៗ​ទៀត ដើម្បី​ដំណើរ​ការងារ​របស់ខ្លួន​បាន​ផងដែរ​។​

​លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៣០ ខែតុលា ថា ការសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​២៥​នៅពេលនេះ ព្រោះ​រាជរដ្ឋាភិបាល​យល់ឃើញ​ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​។​


​លោក​បន្តថា ក្នុងនោះ គឺ​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង បន្ទាប់ពី​អូសបន្លាយ​ជិត ៣ ទសវត្សរ៍ និង​ការបញ្ចប់​សង្គ្រាម​ដោយ​នយោបាយ​ឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដោយ​ឥតមាន​ភាគី​ណាមួយ​ស្រក់ឈាម​នោះទេ​។​

​លោក ប៉ែន បូ​ណា បញ្ជាក់ទៀតថា ស្រប​ពេលដែល​នៅក្នុង​បរិបទ​ពិភពលោក​ជួប​បញ្ហា​ប្រឈម​ទៅនឹង​សង្គ្រាម រូបមន្ត​នយោបាយ​ឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន ដែល​បាន​រកឃើញ​សម្រាប់​សន្តិភាព​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​រូបមន្ត​ដ៏​មានតម្លៃ​ខ្លាំងណាស់ មិន​ត្រឹមតែ​ប្រជាជន​កម្ពុជា​នោះទេ សម្រាប់​ប្រជាជន​នៅលើ​ពិភពលោក​ទាំងមូល​ដែល​ពួកគេ​ត្រូវតែ​ដឹង និង​គួរ​តែម​ករៀន​ពី​រូបមន្ត​ទាំងនេះ ដើម្បី​យកទៅអនុវត្ត​ដើម្បី​ស្វែងរក​សុខសន្តិភាព សម្រាប់​ប្រទេស​របស់​ពួកគេ​។​បើ​សន្តិភាព​មួយ​រកបាន​ដោយ​សម្លាប់​គូសត្រូវ មិនមែនជា​សន្តិភាព និង​ជយ​ជម្នះ​ពិតប្រាកដ​នោះទេ​។​

​លោក​ថ្លែងថា​៖«​អ៊ីចឹង ដោយ​សារភាព​សំខាន់​ហ្នឹងហើយ ដែល​រាជរដ្ឋាភិបាល​ចាំបាច់​ប្រារព្វ​ខួប​២៥ ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម និង​៥ ឆ្នាំ នៃ​ការកសាង​វិមាន​ឈ្នះ ឈ្នះ ដែលជា​និមិត្តរូប​នៃ​ការបញ្ចប់​សង្គ្រាម​ដោយ​នយោបាយ​ឈ្នះ ឈ្នះ ដើម្បីឱ្យ​ប្រជាជន​យើង​ចងចាំ រៀនសូត្រ កុំឱ្យ​ប្រវត្តិសាស្ត្រ​ធ្លាក់​ទៅក្នុង​សង្គ្រាម​វិញ ហើយក៏​ដូចជា​ទុកឱ្យ​ពិភពលោក​ទាំងមូល​រៀនសូត្រ​ពី​កម្ពុជា ផងដែរ​»​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃទី​៣០ ខែតុលា បាន​ប្រាប់​ដែរ​ថា កម្ពុជា​ឯកភាព​ទៅលើ​ទឹកដី ដែល​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​តែ​១ ខណៈ​កាលពី​មិនទាន់បាន​បញ្ចប់សង្គ្រាម ប្រទេស​កម្ពុជា ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​លើសពី​១ រួមមាន​រដ្ឋាភិបាល​ក្រុងភ្នំពេញ រដ្ឋាភិបាល​ត្រីភាគី ឬ​រដ្ឋាភិបាល​និរទេស ជាដើម​។​

​លោក យង់ ពៅ បញ្ជាក់ថា ក្រោយ​ពេលដែល​នយោបាយ​ឈ្នះ ឈ្នះ ទទួលបាន​ជោគជ័យ​នៅក្នុង​រយៈពេល ២៥​ឆ្នាំ មកនេះ កម្ពុ​ជាមាន​រដ្ឋាភិបាល​១​គ្រប់គ្រង​ទឹកដី​១ មាន​ឯកភាព​ជាតិ និង​ធ្វើឱ្យ​ប្រទេស​កម្ពុជា មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​ឱ្យមាន​ការរីកចម្រើនរ​ហូត​មកទល់នឹង​បច្ចុប្បន្ននេះ​។ ដូច្នេះ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើតឡើង​នូវ​គណៈកម្មការ​អន្តរក្រសួង​នៅពេលនេះ​គឺ​រៀបចំ​ធ្វើឱ្យ​ធំ និង​អធិកអធម ដើម្បី​ដាស់​ស្មារតី​ឱ្យ​ជា​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចងចាំ​នៅក្នុង​ចិត្ត នូវ​ព្រឹត្តិការណ៍​សង្គ្រាម និង​សន្តិភាព ដែល​ខ្មែរ​ខំ​រកបាន​។​

​លោក យង់ ពៅ បាន​ថ្លែងថា​៖«​ដូច្នេះ ការរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​២៥​នេះ គឺ​ដើម្បី​ជាការ​រំឭកស្មារតី តស៊ូ ស្មារតី​នៃ​ការបង្រួបបង្រួម​ជាតិ​កម្ពុជា ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ មហាជន​ខ្មែរ ក៏ដូចជា​សហគមន៍​អន្តរជាតិ​បាន​ស្វែងយល់​អំពី តម្លៃ​សន្តិភាព គុណ​តម្លៃ​សន្តិភាព ដែល​ខ្មែរ​ទទួលបាន បើ​គ្មាន​សន្តិភាព​ទេ គឺ​មិនអាច​អភិវឌ្ឍ​មិនមាន​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​លើក​មក​និយាយ​បានទេ​»៕