ភ្នំពេញៈ ​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ បាន​ថ្លែងថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អនុវត្ត​នូវ​ការងារ​ចំពោះមុខ ក្នុង​ឆ្នាំ​ ២០២៣ ចំនួន​ ៦​ ចំណុច និង​ការងារ​អាទិភាព​ក្នុង​រយៈពេល ​២​ ឆ្នាំ​ខាងមុខ ចំនួន​៤​ចំណុច​ទៀត សំដៅ​បង្កើន​ប្រាក់ចំណូល ការធានា​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​សម្រាប់​កម្មករ​និយោជិត​។​


​លោក​រដ្ឋមន្ត្រីបាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​រោងចក្រ​កាត់ដេរ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២៨ ខែតុលា ដោយ​លោក​បញ្ជាក់ថា ក្រសួង​ក៏​នឹង​ពង្រឹង​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវ​: កិច្ច​គាំពារ​សង្គម និង​ជំនាញ​វិជ្ជាជីវ​: ជូន​កម្មករនិយោជិត រួម​នឹង​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការងារ​អាទិភាព​ទាំង ​៦​ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាននិងកំពុង​អនុវត្ត ក៏ដូចជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ គឺជា​ប្រយោជន៍​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករនិយោជិត​ទូទាំងប្រទេស​»​។


​លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បានបង្ហាញ​ពី​ការគាំទ្រ និង​ពេញចិត្ត​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដាក់ចេញ​នូវ​ការងារ​អាទិភាព​ចំនួន​៦ សម្រាប់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វី​ជ្ជា​ជីវៈ​អនុវត្ត​ក្នុង​ឆ្នាំ​២០២៣​នេះ​។

​លោក​បាន​លើកឡើងថា ការងារ​អាទិភាព​ទាំង​៦​ចំណុច​នេះ ជា​យន្តការ​ដ៏​ល្អប្រសើរ​ក្នុងការ​ផ្តល់​ការងារ ការផ្តល់​ការ​គាំពារ​សុខមាលភាព ក៏ដូចជា​អត្ថប្រយោជន៍​ជាច្រើន មិន​ត្រឹមតែ​សម្រាប់​កម្មករនិយោជិត​ផ្ទាល់​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ​ផងដែរ​។


​លោក ហ្វា សាលី បាន​បញ្ជាក់ថា ៖ «​ក្នុងនាម ជា​ប្រធាន​សហជីព​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ ជាច្រើន​ឆ្នាំ​មកហើយ ខ្ញុំ​សង្កេតឃើញថា មាន​យន្តការ​ថ្មីៗ​ជាច្រើន ត្រូវបាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ជា​បន្តបន្ទាប់ ដែលជា​ការតភ្ជាប់​គ្នា​ចាប់តាំងពី​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រហូតដល់​អាណត្តិ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​»​។​

​បើតាមលោក ហេង សួរ បានបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការងារ​អាទិភាព​ទាំង​៦​ចំណុច ដែល​ក្រសួង​ការងារ​បាននិងកំពុង​អនុវត្ត​ក្នុង​ឆ្នាំ​២០២៣​នេះ រួមមាន​៖(​ទី​១) ការសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឡើងដល់​ចំនួន​២០៤​ដុល្លារ​ក្នុង​១​ខែ សម្រាប់​ឆ្នាំ​២០២៤​សម្រាប់​កម្មករនិយោជិត​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​, (​ទី​២)​ការដាក់ឱ្យ​អនុវត្តរ​បប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​។​

​លោក​បន្តថា (​ទី​៣) ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រង​ហានិភ័យ និង​បងប្អូន​កម្មករនិយោជិត​‎​ចំនួន​ប្រមាណ​១,៥​លាន​នាក់​,(​ទី​៤) ការជំរុញ​កាតព្វកិច្ច​ហ្វឹកហ្វឺន​កូនជាង​, (​ទី​៥) កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ទាំង​មុនពេល​សម្រាលកូន​, ពេល​សម្រាលកូន​, និង​ក្រោយពេល​សម្រាលកូន​ឱ្យបាន​ល្អ និង​កាន់​តែមាន​ភាពងាយស្រួល បាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ មក និង (​ទី​៦) បាន​បង្កើត​ក្រុមការងារ​ដើម្បី​រៀបចំ​យន្តការ​វាយតម្លៃ​និង​កំណត់​លក្ខណវិនិច្ឆ័យ «​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​»​ដោយ​ពិគ្រោះ​យោបល់​និង​សហការ​ជាមួយ​ដៃគូ​សង្គម សំដៅ​ឈានទៅ​ការដាក់ចេញ​យុទ្ធនាការ​ប្រឡងប្រណាំង​ចាប់ពី​ឆ្នាំ​២០២៤៕