កំពង់ស្ពឺៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យបណ្តាអាជ្ញាធរខេត្ត-ស្រុកត្រៀមសហការជាមួយក្រុមការងារនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត-ស្រុកនាពេលខាងមុខ ក្រោយពេលសេចក្ដីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានចូលជាធរមាន។
លោក ហ៊ុន ម៉ាណែត បានថ្លែងណែនាំបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣។
លោកបានថ្លែងថា៖ «អ៊ីចឹង អាជ្ញាធរខេត្ត អាជ្ញាធរស្រុក ត្រៀមផ្តល់កិច្ចសហការគាំទ្រឱ្យបានពេញលេញនិងសហការឱ្យបានល្អ រួមជាកម្លាំងដើម្បីជួយគ្នា ដោះស្រាយលើបញ្ហានេះ ហើយពីណាអ្នកបានផលគឺប្រជាពលរដ្ឋដែលមានវិវាទ»។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋដើម្បីបង្ហាញឱ្យឃើញពីសារប្រយោជន៍នៃយន្តការនេះ ដើម្បីឱ្យពួកគាត់ចូលរួមក្នុងការដោះស្រាយរកយុត្តិធម៌ និងរកមធ្យោបាយទាំងអស់គ្នាដើម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «ការដោះស្រាយរកយុត្តិធម៌ មិនចាំបាច់តែតុលាការទេ គឺដោះស្រាយរកការសម្របសម្រួល ភាគីទាំង២ឯកភាព មានទម្ងន់ ដើម្បីឱ្យចប់រឿង គឺជាកិច្ចការល្អបំផុត យើងមិនចង់ឈ្នះចាញ់ទេ ចប់សង្គ្រាមក៏នយោបាយឈ្នះ-ឈ្នះដែរ»។
បើតាម លោក ហ៊ុន ម៉ាណែត ទោះបីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមិនមានចរិតចាប់បង្ខំ ដូចយន្តការតុលាការ ក៏ប៉ុន្តែជាប្រពៃណីទៅហើយដែលយន្តការនេះបានរួមចំណែកបញ្ចប់ទំនាស់ផ្សេងៗយ៉ាងច្រើននៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ តាមរយៈការចេញមុខសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ឬចាស់ទុំជាដើម។
លោកបានសង្កត់ធ្ងន់ថា ផលប្រយោជន៍នៃការបង្កើតយន្តការនេះគឺដើម្បីបង្ខិតសេវាយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព គុណភាព និងឆាប់រហ័សឱ្យបានកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ផ្ដល់ជូនប្រជាពលរដ្ឋនូវយន្តការដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាសសន្តិភាព និងភាពសុខដុមរមនាក្នុងសង្គមតាមគោលការណ៍ឈ្នះ-ឈ្នះ ជាពិសេសគឺជួយដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា៖«ទំនាស់ដែលបានដោះស្រាយហើយនិងមានការព្រមព្រៀងទទួលយកលទ្ធផលតាមយន្តការក្រៅប្រព័ន្ធតុលាការនេះត្រូវចាត់ទុកថាបានដោះស្រាយរួចរាល់ជាស្ថាពរដោយមិនចាំបាច់ប្ដឹងបន្តទៅតុលាការ ព្រោះកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដោយមានការចូលរួមពីអាជ្ញាធរនេះ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពរតុលាការ»។
ជុំវិញបញ្ហានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី៣០ ខែតុលា បានឱ្យដឹងដែរថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ លោកនឹងត្រៀមខ្លួនផ្តល់កិច្ចសហការឱ្យបានល្អជាមួយក្រុមការងារនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅពេលខាងមុខ ខណៈកន្លងមកនេះរដ្ឋបាលខេត្តក៏ធ្លាប់បានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែរប៉ុន្តែមិនមានប្រសិទ្ធភាពនោះទេ ព្រោះគូទំនាស់មិនទទួលយកការសម្រុះសម្រួល។
លោកបានបញ្ជាក់ថា៖«ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីគឺជាការយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកុំឱ្យអស់លុយច្រើនដោយសារតែឡើងចុះតុលាការ។ដូច្នេះបានជាសម្តេចបង្កើតយន្តការហ្នឹងមួយទៀតដើម្បីធ្វើយ៉ាងណាសម្របសម្រួលបងប្អូនប្រជាពលរដ្ឋដោះស្រាយតាមរយៈអាជ្ញាធរជាតិហ្នឹងហើយខេត្តក៏នឹងត្រៀមខ្លួនក្នុងការចូលរួមកិច្ចសហការនេះឱ្យដំណើរការនិងប្រព្រឹត្តទៅល្អ ដើម្បីប្រពលរដ្ឋយើង»។
ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូនៅថ្ងៃទី៣០ ខែតុលា ក៏បានលើកឡើងដែរថា ការពង្រីកការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈយន្តការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទៅដល់ថ្នាក់ខេត្ត និងស្រុក នៅពេលនេះ គឺជាការបង្ខិតសេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកបានថ្លែងថា៖«បើវិវាទរដ្ឋប្បវេណីបានដោះស្រាយនៅមូលដ្ឋានរបស់គាត់គឺជារឿងល្អដែលពួកគាត់ស្ម័គ្រចិត្តទទួលយកការដោះស្រាយរបស់អាជ្ញាធរដោះស្រាយវិវិទក្រៅប្រព័ន្ធតុលាការដែលចៀសវាងទំនាស់តូចក្លាយទៅជាទំនាស់ធំតែបើទៅដល់តុលាការ នឹងធ្វើឱ្យពួកគាត់មើលមុខគ្នាមិនត្រូវ»។
លោកបន្តថា តែយ៉ាងណា គួរតែមានកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយ និងបង្កើនជំនឿទុកចិត្តពីភាគីពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ដែរថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣បានលើកឡើងដែរថា សេចក្ដីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានរៀបចំធ្វើឡើងក្នុងការបង្ខិតសេវាជូនដល់ប្រពលរដ្ឋនៅមូលដ្ឋានដោយសម្រុះសម្រួលដោះស្រាយវិវាទមួយចំនួនដែលអាចធានាបានសន្តិភាពនិយម ភាពសុខដុមរមនានៅក្នុងសង្គម និងជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមតុលាការ។
លោកបានបញ្ជាក់ថា៖«អាជ្ញាធរជាតិដោះស្រាយវិវាទដែលត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យនេះជាយន្តការថ្មី ដើម្បីបំពេញបន្ថែមដែលមានស្រាប់ ហើយអាជ្ញាធរជាតិថ្មីនេះនឹងមិនជំនួសយន្តការដែលមានស្រាប់នោះទេហើយយន្តការដែលមានស្រាប់នៅបន្តតួនាទីនិងភារកិច្ចរបស់ខ្លួនដដែល ប៉ុន្តែយន្តការថ្មីនេះនឹងផ្តល់ការគាំទ្របច្ចេកទេសនិងផ្តល់កិច្ចសហការដល់អាជ្ញាធរមូលដ្ឋានដែលជាតួអង្គសំដៅលើកកម្ពស់និងប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយប្រើវិធីសម្រុះសម្រួល និងផ្សះផ្សាវិវាទ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តសេចក្ដីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។
សេចក្ដីព្រាងព្រះរាជក្រឹត្យនេះមាន៦ជំពូក និង២២មាត្រា និងបានកំណត់ពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា៕