បាត់ដំបងៈ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រណាំងទូក និង​អបអរ​បុណ្យ​ចេញ​ព្រះវស្សា​នៅ​ខេត្តបាត់ដំបង កាល​ថ្ងៃទី​ ២៩ ខែតុលា លោ​ក ស ខេង ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បានជំ​រុញឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​បង្កើន​ឆន្ទៈ​ចូលរួម​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​នៅ​កម្ពុជា​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​។​


​លោ​ក ស ខេង បាន​ចាត់ទុកថា បញ្ហា​គ្រឿងញៀន​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិ​សុខ​សង្គម សេដ្ឋកិច្ច និង​សុខុមាល​ភាព​របស់​ប្រជាជន​ដែល​ទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​នៅក្នុង​ប្រទេស និង​ក្នុង​តំបន់​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូមឱ្យ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ ប្រជាពលរដ្ឋ ពិសេស​យុវជន ចូលរួម​ជំរុញ​ការអនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិ​ភាព ពិសេស​បញ្ហា​គ្រឿងញៀន​ដែលជា​បញ្ហា​ដ៏​គ្រោះថ្នាក់ ប្រសិនបើ​យើង​មិនបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទេនោះ​»​។​


​លោ​ក ស ខេង បាន​បន្តថា​៖ «​ខ្ញុំ​នៅចាំ​បាន​ថា​ក្នុង​អាណត្តិ​ទី៦ កន្លងទៅនេះ ខ្ញុំ​តែង​បាន​រំឭក និង​លើក​ឡើងជា​បន្ត​បន្ទាប់​ថា យើង​ត្រូវ​គ្រប់គ្រង​ស្ថានភាព​គ្រឿងញៀន​ឱ្យបាន ដោយ​យើង​មិន​ត្រូវឱ្យ​គ្រឿងញៀន​គ្រប់គ្រង​យើង​ទេ​»​។​

​ថ្វី​ដ្បិត​បច្ចុប្បន្ន​បញ្ហា​គ្រឿងញៀន​អាច​គ្រប់គ្រង​បាន តែ​ការរីក​រាលដាល​នៃ​ការប្រើប្រាស់​គ្រឿងញៀន បាននិងកំពុង​វិ​វ​ឌ្ឍ​ប្រែប្រួល​មិនជា​ល្អ​ប៉ុន្មាន​ទេ ហើយ​ប្រសិនបើ​គ្មាន​វិធាន​ទប់ទល់​ណាមួយ​ទេ បញ្ហា​នេះ​នឹង​កាន់តែ​រីក​រាលដាល​រហូត​គ្រប់គ្រង​មិនបាន​ដែល​នោះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ វា​ក៏​ប៉ះពាល់​ដល់​ធនធាន​ក្នុងសង្គម​ថែមទៀត​។ នេះ​បើតាម​ការ​ថ្លែង​បន្ថែម​ពី​លោក ស ខេង​។​


​ហេតុនេះ​ដើម្បី​ដោះស្រាយ និង​ទប់​ស្កាត់​បញ្ហា​គ្រឿងញៀន​ឱ្យមាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានលើកឡើង​ថា កិច្ចការ​នេះ គឺ​ទាមទារ​ឱ្យ​គ្រប់​អ្នកពាក់ព័ន្ធ​ទាំង​អស់ សហការគ្នា និង​ត្រូវមាន​ឆន្ទៈ​ឱ្យបាន​មោះមុត និង​ដាច់ខាត ដោយ​ត្រូវ​គាំទ្រ និង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អប់រំ និង​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿង​ញៀន​នេះ​ផងដែរ​។​

​ជុំវិញ​រឿងនេះ​ដែរ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​បាន​ថ្លែងថា បញ្ហា​នេះ​កំពុងតែ​ធ្វើឱ្យ​យុវជន​កម្ពុជា​ទទួលរ​ង​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ដែលជា​គ្រឿង​បំផ្លាញ​អនាគត​របស់​ពួកគេ ប្រសិនបើ​មិនមាន​ការ​ទប់​ស្កាត់​បាន​ទាន់ពេលវេលា​ទេនោះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បញ្ហា​នេះ ​គឺ​ទាមទារ​ឱ្យ​ពង្រឹង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ជាពិសេស​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ឱ្យ​កាន់តែ​ល្អ និង​មាន​ប្រសិទ្ធភាព​ថែមទៀត ព្រោះ​បច្ចុប្បន្ន​មាន​បទល្មើស​ការជួញដូ​រ និង​ប្រើ​ប្រាស់​គ្រឿងញៀន​កាន់តែច្រើន និង​ត្រូវ​បង្កើន​កិច្ចសហការ​ល្អជា​មួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​កាត់បន្ថយ​បញ្ហា​គ្រឿងញៀន​ក្នុងចំណោម​យុវជន ក៏ដូចជា ពលរដ្ឋ​កម្ពុជា​ឱ្យ​ទទួលបាន​ជោគជ័យ​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធ​ផល​នានា​នៅ​ខេត្តកំពង់ស្ពឺ ព្រមទាំង​ប្រកាស​ខេត្តកំពង់ស្ពឺ​ជា​ខេត្ត​អស់​មីន​នៅ​ថ្ងៃទី​ ៣០ ខែតុលា ដែរ​ថា នៅ​ទូទាំង​កម្ពុជា​ស្ទើរតែ​អស់​គ្រាប់មីន​ហើយក៏​លែង​ជា​ក្តីបារម្ភ​របស់​ប្រជា​ពលរដ្ឋ ប៉ុន្តែ​អ្វី​ដែលជា​ក្តីបារម្ភ​របស់​ពលរដ្ឋ គឺ​សុវត្ថិភាព​ពី​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន​។​

​លោក​មានប្រសាសន៍ថា​៖ «​ហានិភ័យ​ពី​សង្គ្រាម ហានិភ័យ​ពី​គ្រាប់មីន យើង​លែងមាន​ហើយ តែ​ហានិភ័យ​នៃ​ការ​​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​យើង​គឺ​ពី​រឿង​បញ្ហា​សុខ​សុវត្ថិភាព​សង្គម គឺ​សំខាន់​បញ្ហា​គ្រឿងញៀន បញ្ហា​បងធំ បងតូច បញ្ហា​ល្បែងស៊ីសង​ផ្សេងៗ​គឺជា​កង្វល់​»​។

​យ៉ាងណាមិញ ទាក់ទង​នឹង​ការបង្ក្រាប​គ្រឿងញៀន លោក​ក៏បាន​ប្រកាស​ពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​គ្រប់​គ្រង​គ្រឿងញៀន​ដោយមាន​ក្រុមមន្ត្រី​ជាន់ខ្ពស់​មកពី​ក្រសួង​ពាក់ព័ន្ធ​ដែល​សុទ្ធសឹង​តែមាន​សមត្ថភាព​សំដៅ​ធ្វើយ៉ាងណា​ឈានទៅ​កាត់បន្ថយ និង​លុបបំបាត់​គ្រឿងញៀន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា ទោះបីជា​បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រឿងញៀន ក៏ពិតមែន តែ​ក៏​មិនទាន់​បង្ក្រាប​ឱ្យអស់​ភ្លាមៗ​នោះទេ គឺ​ត្រូវតែមាន​ការចូលរួម និង​សហការគ្នា​ផងដែរ​៕