ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព ដល់ជនមានពិការភាព ដើម្បីលើកកម្ពស់ផលប្រយោជន៍ជនមានពិការភាពតាមប្រព័ន្ធគាំពារសង្គម និងសេវាសង្គមផ្សេងទៀតប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព ដល់ជនមានពិការភាព នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងថា ការចេញបណ្ណសម្គាល់ជនមានពិការភាព គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គមសេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ពីវិស័យសាធារណៈ, វិស័យឯកជន, អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាផ្សេងៗ ប្រកបដោយសមធម៌។
លោកបញ្ជាក់ថា៖ «ពិតណាស់ថា ថ្វីដ្បិតតែយើងសម្រេចបានសមិទ្ធផលយ៉ាងធំធេង ទៅលើវិស័យសុខុមាលភាពរបស់ជនពិការយ៉ាងណាក៏ដោយ ក៏បងប្អូនជនមានពិការភាព នៅមានឧបសគ្គជាច្រើនទៀត ដែលយើងត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនោះឱ្យកាន់តែទូលំទូលាយ និងក្តាប់បានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ»។
ជាមួយគ្នានោះដែរ លោក Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) បានមានប្រសាសន៍ដែរថា នៅក្នុងឆ្នាំ ២០២០ ដោយសារមានការគាំទ្រពីសហភាពអឺរ៉ុប អង្គការ UNICEF បានផ្តល់ការគាំទ្របច្ចេកទេសដល់ក្រសួងសង្គមកិច្ចក្នុងការបំពាក់បំប៉ន ដល់មន្ត្រីរដ្ឋាភិបាលប្រមាណជាង ៤ ០០០ នាក់ ចំពោះជំនាញចាំបាច់ក្នុងការចុះឈ្មោះ និងកំណត់អត្តសញ្ញាណជនមានពិការភាពនៅទូទាំង ១ ៦៥២ ឃុំ សង្កាត់។
ការធ្វើបែបនេះ គឺដើម្បីអនុវត្តការកំណត់អត្តសញ្ញាណជនមានពិការភាពតាមប្រព័ន្ធឌីជីថលទូទាំងប្រទេស ដោយប្រើប្រាស់ App ទូរស័ព្ទ និងកម្មវិធីថ្នាលនៅលើគេហទំព័រ សម្រាប់ចុះឈ្មោះជនមានពិការភាពប្រមាណ ២៨ ម៉ឺននាក់ និងកំណត់អត្តសញ្ញាណជនមានពិការភាពប្រមាណ ២៦ ម៉ឺននាក់បន្ថែមទៀត នៅក្នុងប្រព័ន្ធគ្រប់គ្រងជនមានពិការភាពនេះ។
លោក Will Parks បញ្ជាក់ថា៖ «យើងរំពឹងទុកថា ជនមានពិការភាព ដែលបានកំណត់អត្តសញ្ញាណទាំងអស់នេះ ជាពិសេសជនមានពិការភាព ដែលគាត់មកពីគ្រួសារដែលកាន់បណ្ណក្រីក្រនឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គមដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងអំឡុងខែធ្នូ ឆ្នាំនេះ»។
លោក សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទា ក៏បានថ្លែងឱ្យដឹងដែរថា កន្លងទៅក្រសួងសង្គមកិច្ចបានធ្វើការកំណត់អត្តសញ្ញាណកម្មជនពិការក្រីក្រតាមរយៈសាលាកបត្រព័ត៌មានពិការភាព ដែលអនុវត្តដោយក្រុមការងារសង្កាត់ ឃុំក្នុងគោលបំណងផ្តល់ប្រាក់របបគោលនយោបាយជាផ្លូវការជូនដល់ជនពិការក្រីក្រដោយគ្មានលក្ខខណ្ឌ ប៉ុន្តែការធ្វើបែបនេះមានការយឺតយ៉ាវ។
លោកបញ្ជាក់ថា៖ «ការប្រើប្រាស់ទិន្នន័យ គឺសម្រាប់កំណត់ក្រុមគោលដៅនៃកម្មវិធីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមផ្សេងៗទៀត ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានជួយជំរុញការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មជនមានពិការភាពឱ្យមានសម្ទុះគួរឱ្យកត់សម្គាល់ ក្នុងនោះជនពិការមានចំនួន ២៨៨ ៦៩០ នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មនៅតាមសង្កាត់ ឃុំ និងបានផលិតបណ្ណសម្គាល់ជនពិការបានចំនួន ២ ២២១ ១៤៨ បណ្ណ ស្មើនឹង ៣២ ភាគរយនៃចំនួនជនពិការទូទាំងប្រទេស គិតត្រឹមថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣»។
រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២០២ អ.ន.ក្រ.បក ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ស្តីពីការកំណត់អត្តសញ្ញាណកម្មជនពិការតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងប្រកាសលេខ ២២៧ សអយ ចុះថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព ដើម្បីរៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម ជនមានពិការភាពឱ្យមានបទដ្ឋានរួមមួយប្រកបដោយសង្គតិភាពតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការគ្រប់គ្រងជនមានពិការភាពជាមូលដ្ឋានកំណត់ និងក្រុមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់ជីវភាព និងការទទួលសេវាសង្គម ការអភិវឌ្ឍដល់ជនមានពិការភាព។
បើតាមរបាយការណ៍របស់លោក សន សុផល គិតមកដល់ឆ្នាំ ២០២៣ នេះ កម្មវិធីផ្តល់ប្រាក់របបគោលនយោបាយចំពោះជនក្រីក្រតាមសហគមន៍ពង្រីកបាន ២៥ រាជធានី-ខេត្ត ស្មើនឹង ៦០ ក្រុង-ស្រុក-ខណ្ឌ ដែលជនពិការក្រីក្រ តាមសហគមន៍ ទទួលរបបចំនួន ១៩ ៨៧៤ នាក់។
បើតាមក្រសួងសង្គមកិច្ច បណ្ណសម្គាល់ជនមានពិការភាព ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានពិការភាពអចិន្រៃ្តយ៍ ដែលមានទីលំនៅពិតប្រាកដ ហើយបានចូលរួមក្នុងដំណើរការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងមានលក្ខណវិនិច្ឆ័យគ្រប់គ្រាន់។
បណ្ណនេះ ចែកចេញជា ៣ កម្រិត រួមមាន កម្រិតធ្ងន់, កម្រិតមធ្យម និងកម្រិតស្រាល ដោយមានសុពលភាពនៅពេលណាទិន្នន័យអត្តសញ្ញាណកម្មជនមានពិការភាពត្រូវបានលុបចេញពីប្រព័ន្ធបច្ចេកទេសសម្រាប់ការគ្រប់គ្រងជនពិការ៕