ភ្នំពេញៈ​មជ្ឈ​មណ្ឌល​សកម្មភា​ព​កំចាត់​មីន​កម្ពុជា (CMAC) រួម​នឹង​អង្គ​ការ​ប្រព័ន្ធ​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ជប៉ុន (JICS) បាន​បើក​វគ្គ​ហ្វឹក​ហ្វឺន​ស្តី​ការ​ប្រើប្រា​ស់ និង​ការថែ​ទាំ​គ្រឿង​ចក្រ​ក្នុង​កិច្ច​ប្រតិ​បត្តិការ​បោស​សម្អាត​មីនដល់​សិក្ខា​កាម​ចំនួន​ ៨​ នាក់​ មកពី​ប្រទេស​កូ​ឡុំ​ប៊ី ចាប់ពី​ថ្ងៃទី​៣០ ​ខែតុលា ដល់​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ​២០២៣​ នៅ​សារ​មន្ទីរ​តេ​ជោ​សន្តិ​ភាព ខេត្ត​សៀម​រាប​។​


​យោង​តាម​ហ្វេ​ស​ប៊ុ​ក CMAC បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី​៣០​ ខែតុលា​ថា វ​គ្គ​ហ្វឹក​ហ្វឺន​នេះ ​មាន​រយៈ​ពេល​៥​សប្តាហ៍ដែល​វគ្គ​ហ្វឹក​ហ្វឺន​គ្រឿង​ចក្រ​មាន​គ្រូ​បង្គោល​ចំនួន​៤​រូប​ដែល​ត្រូវ​ផ្តល់​កា​រហ្វឹក​ហ្វឺន​ដល់​សិក្ខា​កាម​ទាំង​ផ្នែក​ទ្រឹស្តី ​និង​ការ​អនុវត្ត​នៅ​ទីវាល​ផ្ទាល់ ​ហើយ​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ត្រូវ​បាន​គាំទ្រ​ថវិកា​ទាំង​ស្រុង​ដោយ​អង្គការ​JICS​។​

​សូម​បញ្ជក់​ដែរ​ថា​ អង្គភាព​ស៊ីម៉ាក់​ក៏​ធ្លាប់​បណ្តុះ​បណ្តាល​វគ្គ​ហ្វឺ​ក​ហ្វឺ​ន​គ្រឿង​ចក្រ​នេះ​ដល់​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ រួម​មាន​ ប្រទេស​អ៊ី​រ៉ាក់ និង​ប្រ​ទស​ឡាវ​។​


​លោក ​អ៊ុំ ភូមិ​រ៉ូ អគ្គ​នាយ​ករង​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា ​(CMAC) បាន​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ដោយ​លោក​បាន​អរគុណ​ដល់​រដ្ឋាភិ​បាល​ជប៉ុន ក៏ដូច​ជា អង្គការ​ប្រព័ន្ធ​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ជប៉ុន (JICS) ​ដែល​បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង​។​

​លោក​ក៏​បង្ហាញ​ក្តី​សង្ឃឹម​ដែរ​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ​នឹង​ដំណើរ​ការ​ទៅ​ដោយ​រលូន ​និង​ជោគ​ជ័យ ​ហើយ​សិក្ខា​កាម​ដែល​មកពី​កូ​ឡុំ​ប៊ី​នឹង​មាន​លទ្ធ​ភាព​ក្នុង​ការ​រៀន​សូត្រ​ពី​ការ​ប្រើប្រា​ស់​គ្រឿង​ចក្រ​នេះ​។​


​លោក ​អ៊ុំ ភូមិ​រ៉ូ មាន​ប្រសាសន៍ថា ៖ «​កិច្ចសហ​ប្រតិ​បត្តិការ​រវាង​ស៊ីម៉ាក់ ​និង​កូ​ឡុំ​ប៊ី​ បាន​ចាប់ផ្តើម​យូរ​មក​ហើ​យ គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ​មក​។ អ៊ី​ចឹ​ង ស៊ីម៉ាក់ ​និង​កូ​ឡុំ​ប៊ី បាន​ចែករំ​លែក​បទពិ​សោធន៍​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ហើយ​ឥឡូ​វនេះ​យើង​ក៏​ទើប​បាន​ចាប់​ផ្តើម​គម្រោង​បច្ចេក​ទេស​ថ្មី​មួយ​ដែល​នឹង​ចាប់​ផ្តើម​ពី​ឆ្នាំ២០២៣​នេះ រហូត​ដល់​ឆ្នាំ​២០២៦»​។​

​លោក​បន្ថែម​ថា ចាប់ពី​ឆ្នាំ​២០២៣ រហូត​ដល់​ឆ្នាំ​២០២៦ អង្គ​ភាព​ស៊ីម៉ាក់ និង​កូ​ឡុំ​ប៊ី នឹង​សហ​ការគ្នា​ក្នុង​ការជួយ​កែ​លម្អ ​ការ​សាក​ល្បង​បច្ចេក​វិទ្យា​ថ្មីៗ​មួយ​ចំនួន​ដើម្បី​ជួយ​ជំរុញ​ការ​ដោះមី​ន​នៅ​កូ​ឡុំ​ប៊ី​ឱ្យបាន​លឿន​។​

​លោក​បាន​បញ្ជាក់​ថា ៖ «​ស៊ីម៉ា​ក់ យើង​ប្រើ​ប្រាស់​ឧបក​រណ៍​ចំនួន​ ៣ ​សំខាន់​ក្នុងការ​បោសស​ម្អាត​មីន ក្នុង​នោះ​មាន ការ​ដោះមី​ន​ដោយ​ដៃ ការ​ដោះ​មីន​ដោយ​សុ​នខ និង​ការប្រើ​ប្រាស់​គ្រឿង​ចក្រ​ ហើយ​ស៊ីម៉ាក់​មាន​សមត្ថ​ភាព​បោស​សម្អាត​មីន​បាន​លើក​ផ្ទៃដី​ជាង ​២០០ ​គីឡូ​ម៉ែត្រ​ការ៉េ​ ឬ​ជិត​ ៣០០ ​គីឡូ​ម៉ែត្រ​ការ៉េ​ ក្នុង​ ១ ​ឆ្នាំ​»​។​

​លោក​ថា ដោយ​សារកម្ពុ​ជាមាន​បទ​ពិសោធន៍​ច្រើន​ក្នុងការ​បោសស​ម្អាត​មីន​កន្លង​មក​នេះ ​អង្គភាព​ស៊ីម៉ាក់​ក៏​បាន​ធ្លាប់​ផ្តល់​បទ​ពិសោធន៍​នេះ​ទៅ​កាន់​ប្រទេស​ជាច្រើន​ហើយ​ដែរ ​ជាពិ​សេស​ដូច​ជា កូ​ឡុំ​ប៊ី និងឡាវ ​ជាដើម​។​

​លោក ​អ៊ុំ ភូមិ​រ៉ូ បាន​ឱ្យដឹង​​ដែរ​ថា កម្ពុជា​បាន​ជួយ​ហ្វឹក​ហ្វឺន និង​ផ្តល់​បទ​ពិសោធន៍​ស្តីពី​ការប្រើ​ប្រាស់ និង​ការ​ថែទាំ​គ្រឿង​ចក្រ​ក្នុង​កិច្ចប្រ​តិប​ត្តិការ​បោស​សម្អាត​មីនដល់​សិក្ខាកា​ម​ចំនួន​៨​នាក់​មកពី​ប្រទេស​កូ​ឡុំ​ប៊ីដែល​មាន​រយៈ​ពេល​៥​សប្តាហ៍ក្នុង​គោលបំ​ណង​ជួយ​ឱ្យ​កូ​ឡុំ​ប៊ី​បោស​សម្អាត​ផ្ទៃដី​ដែល​មាន​មីន​ឱ្យបាន​លឿន ហើ​យ​ការ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​នេះ គឺ​បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​សកម្ម​ភាព​បោស​សម្អាត​មីន​។​

​សូម​បញ្ជាក់​ថា តាម​រយៈ​អាជ្ញាធរ​មីន​ រយៈពេ​ល​ជាង ៣០​ឆ្នាំ​កម្ពុជា​បាន​រំដោះ​ផ្ទៃដី​ពី​ការ​គំរាម​ដោយ​សារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ចំនួន ​២ ៧៩៥​ គីឡូ​ម៉ែត្រ​ការ៉េ ​ដោយ​បាន​រ​កឃើញ និង​បំផ្លាញ​ចោល​មីន ​និង​យុទ្ធ​ភណ្ឌ​មិនទា​ន់​ផ្ទុះ​បាន​រាប់​លាន​គ្រាប់​ និង​ផ្តល់​​អត្ថប្រយោជន៍​ជូន​ពលរដ្ឋ​ជាង ១១​ លាន​នាក់​។ ​កម្ពុជា​បន្ត​នៅ​សល់​ផ្ទៃដី​មាន​មីននិង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រមាណ​ជា ​១ ៨១៧​ គី​ឡូម៉ែត្រ​ការ៉េ​ និង​មាន​ប្រជា​ពលរដ្ឋ​ជាង១,១ ​លាននាក់​ កំពុង​បន្ត​រស់​នៅ​លើ​តំបន់​ដែល​មានការ​សង្ស័យ​ទាំង​នោះ​៕