ភ្នំពេញៈ ក្រុម​ហ៊ុន​ខេម​បូឌាន​ព្រីមៀរ​លីគ (CPL) បានសម្រេច​មិនបន្ត​កុង​ត្រា​ថ្មី​ដល់​នាយក​ប្រតិបត្តិ​​លោក Satoshi Saito ទៀត​​ទេ ក្រោយ​កុងត្រា​របស់​បុរស​ជនជាតិ​ជប៉ុន ដ៏​មាន​បទពិសោធន៍​​​រូប​នេះ ត្រូវ​បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​​២០២៣​ បន្ទាប់ពី​​លោក​បាន​ចូល​ដឹកនាំ​ក្រុម​ហ៊ុន​ខេមបូ​ឌាន​ព្រីមៀលីគ កាលពី​ខែតុលា ឆ្នាំ​២០២១។


ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវបាន​ CPL ប្រកាស​ជា​ផ្លូវ​ការ កាល​ពី​ព្រឹក​ថ្ងៃទី​​៣១ ខែ​តុលា ឆ្នាំ​២០២៣ ហើយ​សេចក្តី​ប្រកាស​ព័ត៌​មាន​នេះ ត្រូវបាន​ធ្វើ​ឡើង​ទៅតាម​ការ​សម្រេច​​របស់​​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុម​ហ៊ុនខេមបូឌាន​ព្រីមៀរលីគ ក្រោយ​មាន​ការ​ប្រជុំ​ពិភាក្សា​ជាមួយ​​ក្លិប​​បាល់​ទាត់​ជា​សមាជិករួចមក។

ការ​ប្រកាស​ពី​ការ​មិន​បន្តកុង​ត្រា​ថ្មី​ដល់​លោក Satoshi Saito នេះ បាន​ធ្វើ​ឱ្យ​​អ្នក​ស្នេហា​វិស័យ​កីឡាបាល់​ទាត់​នៅកម្ពុជា និង​នៅ​ក្នុងតំបន់ មានការ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​លោក Satoshi Saito បាន​និង​កំពុង​ធ្វើ​ឱ្យ​មានការ​ផ្លាស់ប្តូរលើ​វិស័យ​បាល់​ទាត់នៅកម្ពុជាដ៏គួរ​ឱ្យកត់​សម្គាល់ ជាមួយ​បទពិសោធន៍​​កម្រិត​អន្តរជាតិក៏ជោកជាំ​របស់លោក។


យ៉ាង​ណា​ក៏​ដោយ CPL បាន​បញ្ជាក់​នៅ​ក្នុងសេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា៖​ «ក្រុម​ហ៊ុន​ខេមបូឌាន​មៀរ​លីគ នឹង​ធ្វើ​ការ​កំណែទម្រង់​លើ​រចនាសម្ព័ន្ធម្ចាស់​ភាគ​ហ៊ុន ឱ្យ​មាន​ក្លិប​ដែល​ជា​​សមាជិក ​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុនភាគ​ច្រើន​របស់​ក្រុម​ហ៊ុន។ កំណែទម្រង់​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​​ក្លិប​ជាសមាជិក​មាន​សំឡេង​ភាគ​ច្រើន ​ក្នុង​ក្រុម​ប្រឹក្សាភិបាល​របស់​ក្រុម​ហ៊ុន​ក្នុង​ការ​សម្រេច​ចិត្ត និង​គ្រប់​គ្រង​សកម្មភាព ដំណើរ​ការ​អភិវឌ្ឍន៍​លីគ»។


សេចក្តី​ប្រកាសដដែលនេះ បាន​បន្ថែម​ថា៖ «នៅ​ក្នុង​កំណែទម្រង់​នេះ ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ នឹងមិន​បន្ត​កុងត្រា​ជាមួយ​នាយក​ប្រតិបត្តិ លោក Satoshi Saito ​ទេ ក្រោយ​កុងត្រា គាត់​​ត្រូវ​បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ ដោយ​ក្រុម​ប្រឹក្សា​ភិបាល​បច្ចុប្បន្ន ទុកភារ​កិច្ច​ក្នុង​ការ​រៀបចំ​រចនា​​សម្ព័ន្ធ​គ្រប់​គ្រង​ថ្មី ក៏​ដូច​ជា​សមាស​ភាព​បុគ្គលិក (នាយក​ប្រតិបត្តិ នាយកទីផ្សារ នាយក​បច្ចេក​ទេស…) ឱ្យ​ទៅ​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី​ក្រោយ​ធ្វើ​ការ​កំណែទម្រង់»។


CPL បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្លាស់​ប្តូរ​នេះ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​​​នៃ​ក្រុម​ហ៊ុនខេមបូឌាន​ព្រីមៀរ​លីគ នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ដឹកនាំ​ប្រតិបត្តិ​ដល់​ការ​ប្រកួត​លីគ រហូត​ដល់​ការ​រៀបចំ​រចនាសម្ព័ន្ធ​ម្ចាស់​ភាគ​ហ៊ុន​ថ្មី​ បាន​រួច​រាល់។

គួររំឭក​ថា លោក Satoshi Saito ត្រូវបានសហព័ន្ធកីឡាបាល់​ទាត់កម្ពុជា (FFC) ប្រកាស​​តែង​តាំង​​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុនខេមបូឌាន​ព្រីមៀរ​លីគ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ហើយ​ក្នុង​រយៈ​ពេល​​២ឆ្នាំ​នេះ បុរសជន​ជាតិ​ជប៉ុន ដែលទទួល​សញ្ញាបត្រ​ច្បាប់ពី​សាកល​​វិទ្យាល័យ Keiko ប្រទេស​ជប៉ុន និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម​ពី​សាលា​ពាណិជ្ជកម្ម នៅ​ប្រទេស​អេស្ប៉ាញ រូបនេះ បាន​ធ្វើកំណែ​​ទម្រង់ច្រើន​ទៅលើការ​ប្រកួត​លីគកំពូល​​ និង​លីគ​២កម្ពុជា ដើម្បី​ឱ្យ​ឈាន​ទៅរក​ភាពស្តង់​ដា។

ដោយ​ធ្លាប់មាន​បទពិសោធន៍​ជា​អ្នក​គ្រប់​គ្រងផ្នែកទី​ផ្សារនៅក្លិប​FC Barcelona, ជា​អនុ​​ប្រធាន​​នៃ​ការិយាល័យ​បេសកកម្ម​ពិសេស នៅសមាគ​មកីឡា​បាល់​ទាត់ជប៉ុន (JFA), ជា​នាយក​​ទីផ្សារ​​នៅសហព័ន្ធ​កីឡាបាល់​ទាត់​អាស៊ី (AFC) និង​ធ្លាប់ជាទី​ប្រឹក្សា​របស់សហព័ន្ធ​កីឡា​បាល់​​ទាត់​ពិភពលោក (FIFA) ផង​នោះ លោក Satoshi Saito ធ្លាប់​​បាន​​បង្ហាញ​​ផែនការ​ច្បាស់លាស់ ក្នុងការ​អភិវឌ្ឍ​វិស័យបាល់​ទាត់​នៅ​កម្ពុជា ដើម្បី​ឱ្យ​ក្លាយ​​​ជាលី​គ​អាជីព​ដ៏​លេចធ្លោ​មួយ​នៅក្នុង​តំបន់​អា​ស៊ាន។

លោក Satoshi Saito ​​បានដាក់​គោលដៅ​រួចហើយ​ថា ក្រុម​ចេញពី​លី​គ​កំពូល​កម្ពុជា នឹង​​​​​បាន​ចូលទៅ​លេង​នៅក្នុង​ការប្រកួត​ពាន AFC Champions League នៅ​ឆ្នាំ​​២០២៥ ហើយ​នឹង​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្លាយ​ជា​ក្រុម​កំពូល​តារាង​ទាំង​​៤ ក្នុង​ពាន Asian Cup Final នៅ​ឆ្នាំ​២០២៧ ពិសេស​កម្ពុជា នឹង​ក្លាយជា​ក្រុម​ជម្រើសជាតិ ដ៏​ជោគជ័យ​មួយ ចេញពី​តំបន់​​អាស៊ាន ដើម្បី​បាន​ទៅ​ចូល​លេង​ក្នុងការ​ប្រកួត​បាល់​​ទាត់​ពិភពលោក ឆ្នាំ​​២០៣០​។​

តែទោះបីជា​យ៉ាង​ណា លោក Satoshi Saito មិន​អាច​បន្ត​បំពេញ​ក្តីស្រមៃ​ជាមួយបាល់​ទាត់​នៅកម្ពុជា បានទៀត​​​ទេ បន្ទាប់ពី​ភារកិច្ចជា​នាយក​ប្រតិបត្តិនៃ​ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរ​លីគ​​របស់​លោក ត្រូវ​អស់​សុពលភាព នៅឆ្នាំ​២០២៣​ ដោយការ​ងារ​​ទាំង​អស់ ត្រូវ​ប្រគល់​​ទៅ​ឱ្យ​​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី​របស់​CPL ជា​អ្នក​ធ្វើ​បន្ត ហើយ​អ្នក​គាំ​ទ្រ ក៏កំពុង​ទន្ទឹង​រង់ចាំ​មើល​​ពី​ដំណើរការ​ថ្មីនេះដែរ​ថា វាដើរទៅ​មុខ ឬក៏ថយ​ក្រោយ? ខណៈ​​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទើប​តែ​​បាន​​ធ្លាក់​ចេញពីការ​ប្រកួត​ជម្រុះ​ជាបឋម​នៃ​ពាន​រង្វាន់ FIFA World Cup 2026 ​ក្រោយ​ចាញ់ក្រុម​ប៉ាគី​ស្ថាន ១-០ សម្រាប់​ការ​ប្រកួត​ទាំង​២​ជើង។

យ៉ាង​ណាក៏​ដោយ ក្លិប​តំណាង​ឱ្យ​កម្ពុជា ភ្នំពេញ​ក្រោន ​បាន​និងកំពុង​បង្កើត​ឱ្យមានក្តី​សង្ឃឹម​ថ្មី សម្រាប់​លីគកំពូល​កម្ពុជា តាម​រយៈការដណ្តើម​បាន​ជ័យជម្នះ​ជាប់ៗ​គ្នា ក្នុងការ​ប្រកួត​​វគ្គ​​ចែក​​ពូល​​នៃ​​ពាន​រង្វាន់ AFC Cup ដោយ​ពេល​នេះ ភ្នំពេញ​ក្រោន បាន​និង​កំពុង​ឈរ​រៀងទី​១​នៃពូល​F ជាបណ្តោះអាស​ន្ន បន្ទាប់ពី​បាន​យក​ឈ្នះក្រុម Shan United FC ​របស់មី​យ៉ាន់ម៉ា ៤-០ ព្រមទាំង​​ឈ្នះ​​ក្រុម DH Cebu របស់ហ្វី​លីពីន និង​ក្រុមលីគកំពូល​របស់​អូស្រ្តាលី MacarthurFC ៣-០ ដូចគ្នា​នោះ តែ​នេះ​គ្រាន់តែជា​លទ្ធផល​ការ​ប្រកួត​ជុំទី​១​ទេ គឺ​នៅ​សល់​៣​​ប្រកួត ក្នុង​ជុំទី​២​ទៀត៕