ភ្នំពេញៈក្រសួង​ការប​រទេស​ និង​សហ​ប្រតិប​ត្តិការ​អ​ន្តរជាតិ បាន​បញ្ជាក់​ថា ក​ម្ពុជា និង​អូស្ដ្រាលី នឹ​ង​ពង្រឹង​ ទំនាក់​ទំនងនិង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគី​បន្ថែម​ទៀត​ ខណៈ​អ្នក​ជំនាញ​ជំរុញ​ឱ្យ​កម្ពុជា​បន្ត​ពង្រឹង​ និង​ពង្រីក​​លើ​វិស័យ​សេដ្ឋកិ​ច្ច និង​វិនិយោគ​ជាមួយ​ប្រទេស​នេះ ​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​។

​ការអះអាង​​នេះ​ធ្វើ​ឡើង​​នៅក្នុង​ជំនួប​រវាង​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី​ ​សុខ ចិន្តា​សោភា ​ រដ្ឋមន្ត្រី​ក្រសួង​ការប​រទេស​ និង​សហ​ប្រតិ​បត្តិការ​អន្ត​រជា​តិជា​មួយ​លោក​Justin Whyatt​ ឯ​កអគ្គរដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ កាល​ពី​ថ្ងៃទី​ទី​២៧​ ខែតុលា ឆ្នាំ​២០២៣​។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេសដែលទើប​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី៣០ ​ខែតុលា​។​


​តាម​សេច​ក្តី​ប្រកាស​​ព័ត៌មាន​នេះ ​ក្នុង​ជំនួប​នេះ​ លោក​ សុខ ​ចិន្តា​សោភា និ​ង​លោកJustin Whyatt​ បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ចំណងមិ​ត្តភា​ព​ សាមគ្គី​ភាព និង​កិច្ច​សហប្រ​តិបត្តិ​ការ​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​២​ ជា​ច្រើន​ឆ្នាំ និង​បាន​ពិភាក្សា​ពី​វិធី​ស្វែងរក​លទ្ធ​ភាព​កាន់​តែ​ទូលំ​ទូលាយក្នុ​ង​ការ​ជំរុញ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ លើ​វិស័យដែ​លមាន​សក្តានុព​ល​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​ ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ប្រជា​ជន​នៃប្រទេស​ទាំង​២​។

​ប្រភព​ដដែល​បន្ត​ថា ភាគី​ទាំង២​ត្រៀម​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​​ថ្នាក់​ឧ​ត្ត​ម​មន្ត្រីលើក​ទី​៤ រវាង​ក្រសួង​ការ​បរទេស​ទាំង​២​ ដែល​នឹង​រៀប​ចំ​នៅ​កម្ពុជា ​នៅ​ឆ្នាំ​២០២៤ ​ដើម្បី​ជំរុញ​ទំនា​ក់ទំនង​ទ្វេភា​គី​បន្ថែម​ទៀត​។​


​នា​ឱកាស​នោះដែ​រ​ លោក សុខ ចិន្តា​សោភា​ បាន​ថ្លែង​អំណរ​គុណ​ជាថ្មី​ចំពោះ​ការគាំទ្រ​និង​ការបន្ត​ផ្ដល់​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​អូស្ត្រាលី​ដល់​កម្ពុជា ​ក្នុង​វិស័យ​នានា​ ជា​ពិសេស វិ​ស័យ​កសិ​កម្ម ​អប់រំ និង​សុខា​ភិបាល ​រួមទាំង​ការ​ផ្តល់​វ៉ាក់​សាំង​កូ​វីដ​១៩​ផង​ដែរ​។

​ចំណែក​ឯកអ​គ្គរ​ដ្ឋទូត​អូស្ត្រាលី​ក៏​បាន​កោត​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​និង​ប្តេជ្ញា​រិះរក​វិស័យ​ថ្មីៗ​នៃ​កិច្ច​សហ​ប្រ​តិ​បត្តិការ​ដើម្បី​ពន្លឿន​បន្ថែម​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​។​

​ជា​មួយ​គ្នា​នោះដែ​រ លោក​ សុខ ចិន្តា​សោភា ក៏​បាន​កោតស​រសើរ​ចំពោះ​ការចូ​លរួម​យ៉ាង​សកម្ម​របស់​អូស្ត្រាលី ​នៅក្រោម​​ក្របខ័ណ្ឌ​អាស៊ាន ​និង​បាន​បញ្ជាក់​អំពី​វ​ត្តមាន​ដ៏​ខ្ពង់​ខ្ពស់​រ​បស់លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ​ដែល​នឹង​រៀប​ចំ​នៅ​ប្រទេស​អូស្ត្រា​លី ​នៅ​ថ្ងៃទី​៤-​៦ ខែមីនា ឆ្នាំ​២០២៤​ តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​អូស្ត្រា​លី​។

អ្នក​នាំ​ពាក្យ​ក្រសួងកា​រប​រទេស និង​សហប្រ​តិប​ត្តិការ​អន្ត​រជាតិ​ លោក ​អាន សុខឿន​ មិន​អាច​ទាក់​ទង​សុំ​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​បាន​ទេ​ នៅ​ថ្ងៃទី​៣១​ ខែតុលា ឆ្នាំ​២០២៣​។​

ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ច​ក្ខុវិស័យ​អាស៊ី (AVI) ​លោ​ក ថុង ម៉េង​ដាវី​ត​ នៅ​ថ្ងៃទី​៣១​ ខែតុលា បាន​ថ្លែង​ថា ភាគី​ទាំង​២ កម្ពុជា​-​អូស្ត្រា​លី គួ​រតែ​ពង្រីក ​និង​ពង្រឹង​ទំនាក់ទំ​នង​លើ​កិច្ច​សហប្រ​តិបត្តិការ​ដែល​មាន​ស្រាប់ឱ្យ​កាន់តែ​ល្អថែ​មទៀត​។​

​លោក​បាន​ឱ្យដឹង​ថា ប្រទេស​អូស្ត្រា​លី គឺជា​ប្រទេស​អាជ្ញា​កណ្តាល​មួយ​នៅក្នុង​តំបន់ ​ដែល​មាន​តួនាទី​ក្នុង​កា​ររក្សា​សន្តិសុខ​ដ៏​ធំ​។ ដូច្នេះ ​កម្ពុជា​គួរតែ​ផ្តោត​លើក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត ​មិនមែន​តែ​លើ​កត្តា​យោធា​ប៉ុណ្ណោះ​ទេ​ តែ​ជា​កត្តា​យុទ្ធ​សាស្ត្រ និង​សេដ្ឋ​កិច្ច​ផង​ដែរ​។​

​លោក ​ថុង ម៉េង​ដា​វិត បាន​បញ្ជាក់ថា​ ៖ «​កម្ពុជា​គួរតែ​ពង្រីក​កិច្ច​សហប្រតិ​បត្តិ​ការ​សេដ្ឋកិ​ច្ច ​ក៏ដូចជា​ជំរុញ​ឱ្យ​អ្នកវិ​និយោគ​ប្រទេស​អូស្ត្រា​លី​មក​វិនិយោគ​នៅក្នុ​ង​ប្រទេស​កម្ពុជា ​បន្ថែ​ម​ទៀត ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​ប្រព្រឹត្តិ​កម្ម​ការទូ​ត​ផង ក៏​ដូ​ចជា​ធ្វើ​ប្រព្រឹត្តិ​កម្ម​សេដ្ឋកិ​ច្ច​ការទូ​ត​ផង​ដែរ​។ ដូច្នេះ ​កម្ពុជា​គួរ​ជំរុញនិង​អំពាវ​នាវ​បន្ថែម​ទៀ​តឱ្យ​ក្រុមហ៊ុន​អូស្ត្រាលី​មក​វិនិយោគ​បន្ថែម​ទៀត​»៕