ភ្នំពេញៈ គ្រូបង្រៀន និង​សិស្ស​សរុប​ចំនួន​ ១១ ​នាក់ ​ត្រូវបាន​ជ្រើសរើស​ជា​បេក្ខជន​ជយ​លា​ភី​តំណាង​កម្ពុជា​ទៅ​ចូលរួម​កម្មវិធី​ជំរំ​សម្រាប់​សិស្ស និង​សិក្ខាសាលា​សម្រាប់​គ្រូ​រយៈ​​ពេល​ ៦ ​ថ្ងៃ ​នៅ​សាធារណរដ្ឋ​កូរ៉េ​នា​ខែធ្នូ​ខាងមុខនេះ​។


​ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​ ASEAN-COSTI របស់​អគ្គ​នា​​យក​ដ្ឋា​ន​វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍ នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​(​ឧ​.​វ​.​ប​.​ន​.)​ បានរៀបចំ​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន និង​សិស្ស តាមរយៈ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត ដើម្បី​ផ្តល់ឱកាស​ដល់​គ្រូបង្រៀន និង​សិស្ស​ដែល​ចាប់អារម្មណ៍​ដាក់ពាក្យ​ប្រកួតប្រជែង​ចូលរួម​កម្មវិធី​នេះ​ កាលពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា​កន្លងមក​។ ក្រោយពី​ការ​​ការផ្សព្វផ្សាយ​មក ក្រុមការងារ​ទទួលបាន​ការដាក់​ពាក្យ​ពី​បេក្ខជន​ជា​គ្រូបង្រៀន​ចំនួន​ ១០ ​រូប និង​បេក្ខជន​ជា​សិស្ស​ចំនួន ៧៧ ​រូប​។

​ជា​លទ្ធផល គ្រូបង្រៀន​ចំនួន​ ២ ​រូប និង​សិស្ស​ចំនួន​ ៩ ​រូប ​ត្រូវបានសម្រេច​ជ្រើសរើស​ជា​បេ​ក្ខ​ជន​ជយលាភី ដើម្បី​ចូលរួម​កម្មវិធី​នេះ នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ ទី​ ១៧ ដល់​ ២២ ខែ​​ធ្នូ ឆ្នាំ ​២០២៣​។ នេះ​បើ​យោងតាម​ក្រសួង ​ឧ​.​វ​.​ប​.​ន​នា​ថ្ងៃទី ​៣១ ខែតុលា​នេះ​។


​ក្រសួង ឧ​.​វ​.​ប​.​ន បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​ ២៦ ខែតុលា​ថា​៖ «​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍​សូម​សម្ដែង​ការអបអរសាទរ​ចំពោះ​បេក្ខជន​ជយលាភី​ទាំង​ ១១​ រូប ដែល​ពោរ​ពេញ​ដោយ​សមត្ថភាព​ខ្ពស់ ក្នុងការ​បំពេញ​ភារៈ​ជា​តំណាងឱ្យ​ប្រទេស​កម្ពុជា​ចូលរួម​កម្មវិធី​ជំរំ​សម្រាប់​សិស្ស និង​សិក្ខាសាលា​សម្រាប់​គ្រូ ដែល​នេះ​ជា​ឱកាស​ក្នុងការ​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ក្នុង​ឆាក​អន្តរជាតិ និង​ការ​សិក្សា​ស្វែងយល់​បន្ថែម​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ថ្មីៗ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អាស៊ាន​បូក​ ៣ ជាដើម​»៕