ភ្នំពេញៈ ក្រសួងសង្គមកិច្ច យុទ្ធជន និងយុវនីតិសម្បទា បានបើកវគ្គបណ្តុះបណ្តាលសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌ដល់ក្រុមអ្នកអនុវត្តច្បាប់នៅកម្ពុជា ដើម្បីជំរុញការគាំពារដល់ជនមានពិការភាពដែលជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ជនមានពិការភាពនៅកម្ពុជា។
នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងសង្គមកិច្ចសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌»។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងសម្រាប់ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមេធាវី មកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។លោកឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងក្នុងឱកាសនោះថា វគ្គបណ្តុះបណ្តាលនេះជាបច្ច័យចំណេះដឹងបន្ថែមថ្មីមួយទៀតសម្រាប់ជូនចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមេធាវីមកពីរាជធានី-ខេត្តចំនួន ៤ នេះ ដែលជាអ្នកអនុវត្តច្បាប់នៅកម្ពុជា។
លោកបានបន្តថា ពួកគាត់ជាតួអង្គយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការសម្រេចបាននូវស័ក្តិសិទ្ធិភាពនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សជាសកល បទដ្ឋានអន្តរជាតិ និងច្បាប់ជាតិនានា ក្នុងកិច្ចគាំពារដល់ជនមានពិការភាពដែលជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ជនមានពិការភាពនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមចាត់ទុកថាវាគឺជាដំណើរការមួយឈានទៅដល់ការលើកកម្ពស់នៃការផ្តល់សេវាយុត្តិធម៌ សម្រាប់ជនមានពិការភាព ជាពិសេសស្ត្រី និងកុមារមានពិការភាព។ យើងត្រូវរួមគ្នាផ្តល់សេរីភាពដល់ជនមានពិការភាពឱ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន រួមទាំងការផ្តល់កិច្ចការពារសុចរិតភាពនៃបុគ្គល, សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរលំនៅឋាន, សញ្ជាតិ, ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជូនជនមានពិការភាពក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ»។
លោក ឯម ច័ន្ទមករា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានការពារសិទ្ធិក្នុងការចល័តទីផ្ទាល់ខ្លួនរបស់ជនមានពិការភាព ហើយបានផ្តល់សេរីភាពនៃការបញ្ចេញមតិយោបល់ រួមទាំងផ្តល់សិទ្ធិក្នុងការធ្វើជាម្ចាស់អចលនទ្រព្យ និងសន្តតិកម្ម ដែលមានសិទ្ធិត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុផ្ទាល់ខ្លួន,សិទ្ធិទទួលបានការចុះបញ្ជីអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ និងបណ្ណបើកបរជាដើម។«ជនមានពិការភាពកម្ពុជាក៏មានសិទ្ធិទទួលបានព័ត៌មាន,សិទ្ធិនៃការទទួលបានការគោរពជាលក្ខណៈបុគ្គល,ការអប់រំ, ការមើលថែសុខភាព និងការស្តារលទ្ធភាពពលកម្ម,សិទ្ធិទទួលបានការងារ និងមុខរបរដើម្បីឱ្យមានជីវភាពសមរម្យរួមទាំងកិច្ចគាំពារសង្គមដែលកំពុងត្រូវបានអនុវត្ត»។ លោក ឯម ច័ន្ទមករា បានបញ្ជាក់បន្ថែម។
លោកស្រី Roueida Adel El Hage តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាក៏បានថ្លែងដែរថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយនៃគម្រោង UN One ដែលពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជាដោយផ្តល់មូលនិធិសប្បុរសធម៌ក្នុងភាពជាដៃគូរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាព។
លោកស្រីបានបន្ថែមថា ការទទួលបានយុត្តិធម៌ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការធានាភាពរីករាយនៃសិទ្ធិហើយអនុសញ្ញាស្តីពីសិទ្ធិជនពិការបានផ្តល់ក្របខ័ណ្ឌដ៏រឹងមាំមួយសម្រាប់រឿងនេះ។ នេះចាប់ផ្តើមជាមួយនឹងសិទ្ធិក្នុងការទទួលស្គាល់ស្មើគ្នាចំពោះមុខច្បាប់។ នេះជាសិទ្ធិកម្រិតមួយដែលតម្រូវឱ្យជនពិការអាចទទួលបានសិទ្ធិចូលរួមរបស់ខ្លួនក្នុងនាមជាចុងចោទ ជនរងគ្រោះ ឬសាក្សី។
លោកស្រីបញ្ជាក់ថា៖ «យើងប្តេជ្ញាគាំទ្រដល់ការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ជនពិការក្នុងការងាររបស់យើង។ខ្ញុំសូមអរគុណពួកគេសម្រាប់ការគាំទ្ររបស់ពួកគេ ហើយខ្ញុំប្រាកដថា ការរួមចំណែករបស់អ្នកទាំងអស់គ្នានាពេលនេះនឹងទទួលបានលទ្ធផលជាផ្លែផ្កាច្រើនពីការបណ្តុះបណ្តាលនេះ»។
បើតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការកាលពី ១១ ឆ្នាំមុន។ អនុសញ្ញានេះ មានការទទួលស្គាល់ និងអនុវត្តតាមការងារជាច្រើនទសវត្សរ៍របស់អង្គការសហប្រជាជាតិដើម្បីផ្លាស់ប្តូរអាកប្បកិរិយា និងវិធីសាស្ត្រចំពោះជនមានពិការភាព។ អនុសញ្ញាកំពុងតែបំផុសគំនិតក្នុងលក្ខខណ្ឌនៃសិទ្ធិដែលផ្តល់សម្រាប់ជនមានពិការភាពលើសិទ្ធិ និងយន្តការពេញលេញដើម្បីទាមទារសិទ្ធិទាំងនោះ៕