ភ្នំពេញៈ ក្រសួងបរិស្ថានបានបើកយុទ្ធនាការផ្សព្វផ្សាយអនុវត្តលើប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាម ក្រុង ស្រុក សាលារៀន និងរោងចក្រ ជិត ៤ ពាន់ទីតាំងនៅទូទាំងប្រទេសដែលមានសិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋប្រមាណជិត ៤ លាននាក់ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបានចាប់ផ្ដើមក្នុងអំឡុងពេល ២ ខែចុងក្រោយនេះ។ នេះបើយោងតាមការផ្សព្វផ្សាយតាមហ្វេសប៊ុករបស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។
យោងតាមសារនៅលើហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីម្សិលមិញ ដោយបានស្រង់សម្ដី លោក អ៊ាង សុផល្លែត ថ្លែងថា៖ «យុទ្នាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានគ្របដណ្តប់លើផ្ទៃប្រទេស ដែលបង្កើនសកម្មភាពចូលរួមឱ្យបរិស្ថានស្អាត នៅតាមមូលដ្ឋាននានា ក្រៅពីនៅតាមសាលារៀន រោងចក្រ សហគ្រាស»។
សារដដែលនេះបានបញ្ជាក់ថា៖ «ជោគជ័យនៃយុទ្ធនាការនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រ និងការចូលរួមពីភាគីពាក់ព័ន្ធនានា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងម្នាក់ៗ ដែលមានគោលដៅ ចូលរួមកែប្រែឥរិយាបថរបស់មនុស្សទាំងក្នុងជំនាន់នេះ និងនាពេលអនាគតផងដែរ»។
ហ្វេសប៊ុកដដែលនេះបានឱ្យដឹងទៀតថា៖ «លោករដ្ឋមន្ត្រី បានសម្ដែងនូវក្តីសង្ឃឹមថាយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក ជាមួយនឹងសារដ៏សាមញ្ញ ប៉ុន្តែមានលក្ខណៈស៊ីជម្រៅ ដែលបានលើកទឹកចិត្តពួកយើងម្នាក់ៗ ឱ្យពិចារណាឡើងវិញពីជម្រើស និងទម្លាប់ការរស់នៅប្រចាំថ្ងៃ ដោយការបោះជំហានយ៉ាងសំខាន់មួយ ឆ្ពោះទៅកម្ពុជាស្អាត នៅពេលខាងមុខ»។
ហ្វេសប៊ុកដដែលបានអះអាងថា យោងតាមទិន្នន័យសរុបទូទាំងប្រទេសបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ សិស្សា-នុសិស្សសរុបចំនួន ១ ៨៦១ ២២៣ នាក់ រួមជាមួយលោកគ្រូអ្នកគ្រូ សរុបចំនួន ៦៦ ៥០៣ នាក់ មកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចំនួន ៣ ៩៦៩ សាលា ទូទាំងប្រទេស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចំនួនជាង ៦ ពាន់លើក រួមទាំងកម្មករកម្មការិនីនៅតាមរោងចក្រ សហគ្រាស ចំនួន ៨៣ កន្លែង។
តាមរយៈក្រសួង លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖ «ប្រសិនបើសិស្សម្នាក់ ឬគ្រូម្នាក់ ក៏ដូចជាប្រជាពលរដ្ឋម្នាក់ បានចូលរួមក្នុងយុទ្ធនាការនេះ នឹងមានមនុស្សយ៉ាងហោចណាស់ ៣ នាក់ទៀត រួមមាន ឪពុក ម្តាយ បង ឬប្អូន បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ»។
តាមរបាយការណ៍របស់ក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០២២ សំរាមនៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាង ៤ លានតោនក្នុង ១ ឆ្នាំៗ ហើយបើគិតក្នុង ១ ថ្ងៃ ប្រមាណជាង ១ ម៉ឺនតោន។ ក្នុងចំណោមសំរាម ១០០% មានតែ ៦៤% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម និងនៅសល់សំរាម ៣៦% ទៀត បានចោលរាយប៉ាយនៅតាមកន្លែងសាធារណៈផ្សេងៗ។
កញ្ញា Mona Sur អ្នកគ្រប់គ្រងការអនុវត្តនៃធនាគារពិភពលោកលើកឡើងនាពេលជួបពិភាក្សាការងារជាមួយនឹងលោក អ៊ាង សុផល្លែត ថា នឹងរួមដៃគ្នាជាមួយក្រសួងបរិស្ថានលើការងារអាទិភាពរបស់ក្រសួង ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយសំណល់ប្លាស្ទិកទៅលើសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្ត្រចក្រាឆ្នាំ ២០២៣-២០២៨។
រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ក្រសួងបើកទ្វារទទួលស្វាគមន៍ជានិច្ចចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលចង់រួមចំណែកជួយឱ្យកម្ពុជាស្អាត និងចែករំលែកភាពស្អាតនេះទៅដល់ប្រទេសជិតខាងរបស់កម្ពុជា ជាពិសេសប្រទេសស្ថិតក្នុងតំបន់អាស៊ាន។
លោក អ៊ីន វីរជាតិ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ស្នើសុំគោលការណ៍ដើម្បីដាក់ឱ្យអនុវត្ដ «យុទ្ធនាការសាលារៀន ស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣- ២០២៤ តទៅ។
លោកបានសរសរថា៖ «រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ជូនក្រសួងអប់រំដាក់ឱ្យអនុវត្តយុទ្ធនាការសាលារៀនស្អាតគ្មានសំរាមនៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ តទៅ»។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃទី ៣១ ខែតុលាថា លោកពិតជាចូលរួមអបអរសាទរ និងគាំទ្រណាស់នូវយុទ្ធនាការនេះ ហើយក្រសួងបរិស្ថានក៏គួរតែធ្វើសកម្មភាពយុទ្ធនាការនេះឱ្យបានញឹកញាប់ និងធ្វើជារៀងរាល់ឆ្នាំ ព្រោះបញ្ហាប្លាស្ទិក នៅតែជាក្ដីកង្វល់របស់មនុស្សគ្រប់គ្នា។ បញ្ហាប្លាស្ទិកនៅតាមសាលារៀននេះ ខាងមន្ទីរអប់រំតែងតែប្រជុំដឹកនាំក្រុមការងារនៅតាមនាយកសាលានីមួយៗ ដើម្បីជួយផ្សព្វផ្សាយទៅកាន់អាជីវករដែលលក់ដូរនៅក្នុងសាលា ក៏ដូចជាសិស្សានុសិស្ស ធ្វើយ៉ាងណាចៀសឆ្ងាយពីការប្រើប្រាស់ថង់ប្លាស្ទិក។
លោកបានថ្លែងថា៖ «អ្វីដែលជាទង្វើ សកម្មភាពរបស់ក្រសួងបរិស្ថាននេះ គឺខ្ញុំគាំទ្រ ហើយអ្វីដែលខ្ញុំគាំទ្រហ្នឹង គឺសុំឱ្យក្រសួងបរិស្ថានធ្វើយុទ្ធនាការនេះឱ្យបានច្រើនដង ហើយផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងផ្សារ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត»។
លោក ស៊ីណារ៉េត ថ្លែងថា ក្រោយពីយុទ្ធនាការនេះបានធ្វើរួចមកនៅតាមសាលារៀននានាឃើញថា សិស្សានុសិស្សនៅតាមសាលាមានការផ្លាស់ប្ដូរឥរិយាបថ ដោយមិនប្រើប្រាស់ថង់ប្លាស្ទិកនៅពេលទិញអាហារ ទឹក ឬទិញអ្វីផ្សេងៗនោះទេដោយជំនួសនូវការប្រើប្រាស់បំពង់ទឹក ថង់បរិស្ថានជាដើម។
ការងារកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ត្រូវតែមានការចូលរួម និងធ្វើទាំងអស់គ្នាពីសហគមន៍ គ្រួសារ ទើបវាអាចចូលរួមកាត់បន្ថយសំរាមប្លាស្ទិកនេះបាន។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានចូលរួមសាទរដែលក្រសួងបរិស្ថាន បានសម្រេចលទ្ធផលមានប្រជាពលរដ្ឋជាច្រើនបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ខណៈដែលការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា មានភាពទូលំទូលាយខ្លាំងណាស់៕