ភ្នំពេញៈ លោ​ក ស សុខា ឧ​ប​​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កលោក​ថា គិត​ត្រឹម​រយៈ ៩ ​ខែ ឆ្នាំ​ ២០២៣​ នេះ ក្រសួង​បានទទួល​សំណូមពរ និង​សំណួរ​របស់​ប្រជាពលរដ្ឋ​បាន ​៥៩៦​ គណនី និង​បានធ្វើ​ការដោះស្រាយ​ក៏ដូចជា​បាន​ឆ្លើយតប​ទៅ​ម្ចាស់​គណនី​បាន​ ២០៤ ​គណនី ខណៈ​ ២៥៦​ គណនី​ទៀត​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ដោះស្រាយ​បន្ត​។


​លោក​ឱ្យដឹងថា នៅ​ថ្ងៃទី​ ៣១ ខែតុលា ​លទ្ធផល​ទាំងនេះ​ទទួល​បាន​ពី​ក្រុមការងារ​តាមដាន​ពី​ការ​ដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋនៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក ស ខេង ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​។​

​លោក ស សុខា បញ្ជាក់ថា​៖ «​បានទទួល​សំណូមពរ និង​សំណួរ ចំនួន ៥៩៦​ គណនី​។ ក្រុម​ការ​​ងារ​ទទួលបាន​ការដោះស្រាយ និង​បាន​ឆ្លើយតប​ទៅ​ម្ចាស់​គណនី ​២០៤ ​គណនី និង​ ២៥៦ ​គណនី​ទៀត ​កំពុងស្ថិត​ក្នុងដំណាក់កាល​ដោះស្រាយ​»​។ ទន្ទឹមគ្នានេះ​ក៏មាន​សំណូមពរ សំណួរ និង​បញ្ហា​ខ្លះទៀត ត្រូវបាន​រកឃើញថា ខុសពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ និង​បាន​ជូន​យោបល់​បង្វែរ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​វិញ​។​


​ជាមួយគ្នា​នោះ​លោ​ក ស សុខា បានបញ្ជាក់​បន្ថែមថា ករណី​នៅ​សេសសល់​មិនទាន់បាន​ដោះ​ស្រាយ​ក្នុង​ឆ្នាំ​ ២០២០ រហូតដល់​ឆ្នាំ​ ២០២២ ​កន្លងទៅ​នេះដែរ​មាន​ចំនួន ៣៥៤​ គណនី គឺ​បាន​បន្តដំណើរ​ការដោះស្រាយ​រហូតមកដល់​ពេលនេះ​បាន ​១២៣ ​គណនី​បន្ថែមទៀត និង​ករណី​កំពុង​បន្ត​ការដោះស្រាយ​មាន​ចំនួន ២៣១ ​គណនី​។​

​លោក ស សុខា សង្កត់ធ្ងន់ថា​៖ «​វឌ្ឍនភាព​ការងារ​នេះ អាច​សម្រេចបាន​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការ​សហការគ្នា​ដ៏​ល្អ​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ក្រុមការងារ​តាម​ដាន​ពី​ការដោះស្រាយ​ចំពោះ​មតិយោបល់​ឬ​សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​»​។​


​លោក​រដ្ឋមន្ត្រីក៏បាន​សុំ​ការ​យល់យោគ​អធ្យាស្រ័យ ពី​ប្រជាពលរដ្ឋ ចំពោះ​ករណី​មួយចំនួនទៀត ដែល​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​នៅ​មិនទាន់បាន​ដោះ​ស្រាយ​ចប់សព្វគ្រប់ ដោយសារ​ករណីខ្លះ​មាន​ភាពស្មុគស្មាញ​ត្រូវ​ការ​ពេលវេលា​ក្នុងការ​ដោះស្រាយ​។​

​លោក​ ជ័យ តិច អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ថ្លែង​នៅ​ថ្ងៃទី ​៣១ ខែតុលា​ថា យន្តការ​នេះ គឺជា​រឿង​ល្អ ព្រោះ​ធ្វើឱ្យ​ការ​​ទទួល​សំណូមពរ និង​មតិ​យោ​ប​ល់រ​បស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង ហើយ​យន្តការ​នេះ ក៏​អាច​ដោះស្រាយ​បញ្ហា​បាន​ច្រើន​ផងដែរ​។

លោក​ថា ដើម្បីឱ្យ​ការ​ទទួល​សំណូមពរ និង​ការ​ដោះ​​ស្រាយ ជូន​ពលរដ្ឋ​ឱ្យបាន​កាន់​តែ​ច្រើន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គួរតែបង្កើត​ឱ្យមាន​ជា App ដើម្បី​អាច​ដំឡើង​នៅលើ​ទូរស័ព្ទ អនុ​ញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ចូលទៅ​ផ្តល់​មតិយោបល់​បន្ថែមទៀត​។ លើសពីនេះ​ក៏ត្រូវ​មាន​លេខ​ទូរស័ព្ទ ដើម្បី​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនចេះ​អក្សរ អាច​ផ្ញើ​មតិយោបល់ តាម​ការ​ទូរស័ព្ទ​ដោយផ្ទាល់​បាន​។​

​លោក​ថ្លែងថា​៖ «​ជា​យោបល់​របស់ខ្ញុំ ដើម្បីឱ្យ​ប្រសើរឡើង​ថែមទៀត គឺ​ធ្វើយ៉ាងណា​ការ​ផ្តល់យោបល់ និង​មតិ​របស់គាត់​តាម​​រយៈ​មធ្យោបាយ​ងាយស្រួល កាន់តែ​ល្អ​ដូចជា​យើង​មាន​ស្រាប់ ហើយ​ដូចជា Comments តាម​ហ្វេ​ស​ប៊ុ​ក​»​។

ជាមួយគ្នានេះ លោក​ក៏​ស្នើ​សុំឱ្យ​មានការ​លាក់​ការសម្ងាត់ និង​សុវត្ថិភាព ចំពោះ​ការផ្តល់​មតិ និង​យោបល់ របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។ បន្ថែម​ពីនេះ ក៏ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ បន្ថែមទៀត​តាម​បណ្តាញ​សង្គម និង​កម្មវិធី​ផ្សេងៗ ដែល​ថ្នាក់ដឹកនាំ​ចុះទៅ​មូលដ្ឋាន ខណៈ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ភាគច្រើន​មិនទាន់បាន​យល់​ពី​យន្តការ​នេះ នៅឡើយ​៕