ភ្នំពេញៈ លោកស្រី Jane Frances Connors ជំនួយ​ការ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ជនរងគ្រោះ បាន​កោតសរសើរ​និង​បង្ហាញ​ការពេញចិត្ត​ដល់​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា ​(CHRC) ចំពោះ​យន្តការ​ការពារ​សិទ្ធិ​ជន​​រងគ្រោះ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ក៏ដូចជា ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវភេទ​។​


​ការកោតសរសើរ​ពី​លោកស្រី​ភ្នាក់ងារ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដូច្នេះ ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោកស្រី ឡុង សូ​នី​តា អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​ កាលពី​ថ្ងៃទី​ ៣០ ខែតុលា ក្នុង​គោល​ដៅ​ស្វែងរក​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការបង្ការ ឆ្លើយតប និង​ពង្រឹង​ភាពជា​ដៃគូ​រវាង​ស្ថាប័ន​ទាំង​ ២ លើ​ការការពារ​សិទ្ធិ​ជន​រងគ្រោះ​ពី​ការកេងប្រវ័ញ្ច ការ​រំលោភបំពាន​និង​ការ​បៀតបៀន​ផ្លូវភេទ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា​។​

​នៅក្នុង​សេចក្តីប្រកាស​នោះ លោកស្រី ឡុង សូ​នី​តា បានបញ្ជាក់​ប្រាប់​ភាគី UN ថា បញ្ហា​រំលោភបំពាន ការ​បៀតបៀន​ផ្លូវ​​ភេទ​នេះ​បានកើត​ឡើង​ទៅលើ​មនុស្ស​គ្រប់រូប​ដែល​អាច​ក្លាយ​ជា​ជនរងគ្រោះ មិន​ចំពោះតែ​ស្ត្រី​និង​កុមារ​នោះទេ ដែល​ត្រូវមាន​ការយល់ដឹង​បន្ថែម​ពី​គ្រប់​មជ្ឈដ្ឋាន​។​


​លោកស្រីបាន​បញ្ជាក់ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុ​ជាមាន​យន្តការ​ជាច្រើន​ក្នុងការ​លើកកម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស​ដល់​ជនរងគ្រោះ​។ តួយ៉ាង​ការសរសេរ​របាយ​ការណ៍ ការទទួល និង​ដោះ​​ស្រាយ​ពាក្យបណ្តឹង​ដែល​ធ្វើឡើង​ដោយផ្ទាល់ ឬ​តាមរយៈ​បណ្តាញ​សង្គម​ដោយមាន​កម្មវិធី APP CHRC ការ​ស៊ើប​អង្កេត និង​ចុះ​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​ជាប្រចាំ​នៅតាម​ពន្ធនាគារ និង​ការផ្សព្វផ្សាយ​អប់រំ​ជាដើម​។​

​លោកស្រី ឡុង សូ​នី​តា បាន​បន្តថា​៖ «​យើង​មាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្រាប់​ជួយ​ពិគ្រោះ​យោបល់​ផ្លូវច្បាប់ និង​ការពារ​ក្តី​ជូន​ជនក្រីក្រ​រងគ្រោះ ដោយ​មិន​យក​កម្រៃ​»​។​


​ជាការ​ឆ្លើយតប​លោកស្រី Jane Frances Connors ​បង្ហាញ​ការពេញចិត្ត​ចំពោះ​វិធាន​​ការ ក៏ដូចជា យន្តការ​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាននិងកំពុង​អនុវត្ត​ហើយ​លោកស្រី​ក៏​ឆ្លៀត​បញ្ជាក់​ពី​ភារ​កិច្ច​សំខាន់​នៅក្នុង​កិច្ចការពារ​និង​លើកកម្ពស់​សំឡេង​ជនរងគ្រោះ​ពី​ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវភេទ​ផងដែរ ដែល​លោក​ចង់ឃើញ​ភាគី​កម្ពុជា​ពង្រឹង​ការអនុវត្ត​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ​អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លើកឡើង​នៅ​ថ្ងៃទី​ ៣១ ខែតុលា​ថា ការជួយ​ជនរងគ្រោះ​ពី​ការរំលោភបំពាន​ផ្នែក​ផ្លូវភេទ​ជា​រឿង​សំខាន់ ជា​ពិសេស​មួយរយៈ​ចុងក្រោយ​នេះ​កុមារី​ជា​អ្នក​ប្រឈម​ខ្លាំង​ជាង​ស្ត្រី​ទៅទៀត​។

​លោក​បាន​បន្តថា យន្តការ​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា និង​រដ្ឋាភិបាល​មាន​ភាព​សម្បូរបែប​ទៅហើយ ទាំង​ការចុះ​អង្កេត​ផ្ទាល់ និង​ទទួលបាន​បណ្តឹង​តាម​ប្រព័ន្ធ​អន​ឡាញ ប៉ុន្តែ​តាម​ការសង្កេតឃើញថា ហាក់​នៅ​មិនទាន់​ប្រសិទ្ធភាព​នៅឡើយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាម​យើង​មើលឃើញ ជនរងគ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ មិនទាន់​អាច​រក​យុត្តិធម៌​ជូន​ខ្លួន​​ឯង​ពេញលេញ​ឡើយ ដោយ​សារ​ជនល្មើស​ខ្លះ​រត់គេចខ្លួន ករណី​ខ្លះទៀត​ត្រូវបាន​សម្រប​សម្រួល​ក្រៅ​ផ្លូវច្បាប់ ខ្លះទៀត​តុលាការ​មិនបាន​អនុវត្តបាន​គ្រប់​ជ្រុងជ្រោយ​នោះទេ​។​ហេតុដូច្នេះ ការការពារ​ស្ត្រី​និង​កុមារ​រងគ្រោះ​ពី​ករណី​បំពាន​ផ្លូវភេទ​នេះ នៅមានកម្រិត​នៅឡើយ​»​។​

​លោក អំ សំអាត បាន​បន្ថែមថា កត្តា​សំខាន់​ដើម្បី​អាច​ការ​ពារ​សិទ្ធិមនុស្ស​ដល់​ជនរងគ្រោះ​ពី​ការបំពាន​ផ្លូវភេទ ​ឬ​ពី​ការបំពាន​ផ្សេងៗ​ទៀត​ គឺ​ការអនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​ពី​មន្ត្រីនគរបាល​យុត្តិធម៌ និង​ពី​ប្រព័ន្ធតុលាការ​ដែល​ត្រូវ​ធានា​ដល់​ការពារ​សិទ្ធិ​ជនរងគ្រោះ និង​ដាក់ទោស​ដល់​ជនល្មើស​៕