ភ្នំពេញៈ ការជួបគ្នារវាងជើងខ្លាំង ព្រំ សំណាង និងស្តេចប្រដាល់របស់មីយ៉ាន់ម៉ា Dave Leduc ក្នុងកម្មវិធី Wurkz សេនាគុនខ្មែរពិភពលោក នៅយប់ថ្ងៃ ៥ ខែវិច្ឆិកា ត្រូវបានគេចាត់ទុកថា ជា «មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ២០២៣»ព្រោះលំដាប់កីឡាករជើងខ្លាំងប្រចាំស្រុកខ្មែរចំនួន ៥ នាក់ទៀត ក៏ត្រូវដាក់ឱ្យប្រកួតជាមួយអ្នកប្រដាល់បរទេសកម្រិតខ្លាំងក្នុងពេលជាមួយគ្នានេះ ហើយតាមគម្រោងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏នឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍នេះផងដែរ។
នៅមុនការការប្រកួតដែលរៀបចំដោយសង្វៀនថោន នៅទីតាំងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ខាងមុខព្រំ សំណាង និង Dave Leduc បានឌឺដងដាក់គ្នាទាំងពាក្យសម្តី និងសកម្មភាពផ្សេងៗអស់រយៈពេលជាង១ខែមកហើយដោយម្នាក់ៗសុទ្ធតែបានអះអាងពីភាពខ្លាំងនិងជឿជាក់ដណ្តើមបានជ័យជម្នះដ៏សំខាន់នេះដូចគ្នា ដើម្បីទុកជាកំណត់ត្រាប្រវត្តិសាស្ត្រក្នុងអាជីពជាអ្នកប្រដាល់ ជាពិសេសលើកកម្ពស់ដល់ក្បាច់គុនតំណាងឱ្យប្រទេសរបស់ខ្លួន។
ជាមួយគ្នានេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងដៃគូឧបត្ថម្ភរបស់ខ្លួន បានយកគ្រូជំនួយចំនួន ១០ នាក់ ដើម្បីជួយបង្វឹកដល់ ព្រំ សំណាង និងសិក្សាពីចំណុចខ្លាំង ចំណុចខ្សោយរបស់ Dave Leduc។ ប៉ុន្តែការបង្ហោះពីសកម្មភាពហ្វឹកហាត់បច្ចេកទេសសំខាន់ៗដល់ ព្រំ សំណាង នៅលើបណ្តាញសង្គម ក្នុងន័យចង់សម្ញែងភាពអស្ចារ្យរបស់គុនខ្មែរទៅកាន់ Dave Leduc នោះ ត្រូវបានគេមើលឃើញថា ជាភាពកម្សោយទៅវិញទេ ព្រោះនៅក្នុងការប្រកួត គេមិនដែលបង្ហាញពីបច្ចេកទេស និងកលល្បិចប្រកួតដែលយើងបានត្រៀមឱ្យដៃគូប្រកួតបានដឹង មុនការប្រកួតនោះឡើយ។
ចំពោះសកម្មភាពទាំងអស់នេះ បានធ្វើឱ្យអ្នកចេះមើលប្រដាល់ និងគ្រូបង្វឹកមួយចំនួន បានបង្ហាញការហួសចិត្ត និងបានរិះគន់ខ្លាំងទៅលើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកពាក់ព័ន្ធ ដែលមិនបានលាក់ការហ្វឹកហាត់របស់ ព្រំ សំណាង ជាមួយគ្រូបង្វឹកទាំង១០ នាក់ ជារឿងសម្ងាត់ ដើម្បីនាំយកភាពខ្លាំងទាំងអស់នេះ ទៅបង្ហាញពេលប្រកួតជាក់ស្តែងជាមួយ Dave Leduc ក្នុងគោលបំណងដណ្តើមយកជ័យជម្នះលើកមុខមាត់ដល់គុនខ្មែរ។
ទន្ទឹមនឹងនេះកីឡាកររបស់មីយ៉ាន់ម៉ា Dave Leduc ក៏បានព្រលយពាក្យបែបចំអក ដល់សកម្មភាពនេះផងដែរ។ ភ្ជាប់ជាមួយរូបភាពរបស់គ្រូបង្វឹកគុនខ្មែរទាំង ១០ នាក់ ដែលកំពុងពិនិត្យ និងស្វែងរកចំណុចល្អៗ ដើម្បីបង្វឹកដល់ ព្រំ សំណាង នោះ Dave Leduc បានបង្ហោះសារបែបនេះថា៖ «ទោះបីជាគាត់ (ព្រំ សំណាង) មានគ្រូបង្វឹក ១០០ នាក់ ក៏នៅតែមិនគ្រប់គ្រាន់សម្រាប់គាត់ដើម្បីយកឈ្នះខ្ញុំ»។
យ៉ាងណាក៏ដោយ លោក ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហាក់មិនបានចាប់អារម្មណ៍លើការរិះគន់ទាំងអស់នេះទេ។ ផ្ទុយទៅវិញ លោកសុំឱ្យមានការលើកទឹកចិត្ត កុំប្រើពាក្យចាក់ដោតដាក់កីឡាករ នាំឱ្យពួកគេបាក់ទឹកចិត្ត និងអាចឈានទៅដល់ការសម្រេចចិត្តណាមួយ (ក្នុងការឈប់)។ លោកបានបញ្ជាក់ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ២៧ ខែតុលាថា៖ «រាល់កីឡាករទាំងអស់ សុំតែពាក្យលើកទឹកចិត្ត បានជោគជ័យ»។
ទន្ទឹមនឹងនេះ លោក ហេង សុឃន បានឱ្យដឹងទៀតថា សម្រាប់ការប្រកួត នៅថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខភាគី Dave Leduc សុំប្រកួតក្នុងទម្ងន់ ៨១ គីឡូក្រាម ចំណែក ព្រំ សំណាង ត្រូវសម្រកទម្ងន់ពី ៨៦ គីឡូក្រាមមក។ តែទោះបីជាយ៉ាងណា លោក សុឃន បានបញ្ជាក់ថា ព្រំ សំណាង បានខិតខំហ្វឹកហាត់ខ្លាំងណាស់ ហើយអាចសម្រកទម្ងន់បានហើយ និងមានសុខភាពល្អទៀត។
ចំណែក ព្រំ សំណាង ក៏មិនបានគិតច្រើនទៅលើការរិះគន់នេះដែរ ដោយរូបគេបានបញ្ជាក់តាមរយៈការផ្សាយផ្ទាល់ កាលពីថ្ងៃទី ២៩ តុលាថា៖ «ខ្ញុំខិតខំហ្វឹកហាត់ខ្លាំង ហើយនៅថ្ងៃទី ៥ ខែវិច្ឆិកានេះ ខ្ញុំមិនឱ្យបងប្អូនខកចិត្តនោះទេ! បងប្អូនដែលរិះគន់ នឹងភ្លឺភ្នែក។ អ្នកខ្លះរិះគន់ល្អ ក្នុងន័យកែលម្អ ចំណែកអ្នកខ្លះទៀត រិះគន់ក្នុងន័យស្អប់ ប៉ុន្តែខ្ញុំអត់ខឹងនោះទេ ទោះមានអ្នកស្អប់ខ្ញុំ សំខាន់ខ្ញុំធ្វើដើម្បីប្រជាជនកម្ពុជា និងវ៉ៃដើម្បីគុនខ្មែរ គឺអ្នកស្រឡាញ់គុនខ្មែរដូចពួកខ្ញុំហ៊ានបូជាឈាមស្រស់សាច់ស្រស់ដើម្បីគុនខ្មែរ»។
ដោយឡែកកីឡាករជើងខ្លាំងលំដាប់ប្រទេសចំនួន ៥ នាក់ទៀត រួមមាន ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, បឺត សង្ឃឹម, ឈុត សេរីវ៉ាន់ថងនិង ផល សោភ័ណ្ឌ ក៏ត្រូវប្រកួត នៅយប់ថ្ងៃទី ៥ ខែវិច្ឆិកានោះដែរ ដោយក្នុងនោះ ធឿន ធារ៉ា ត្រូវប៉ះម្ចាស់ខ្សែក្រវាត់របស់ប្រេស៊ីល DANIEL TORRES ក្នុងទម្ងន់ ៧២ គីឡូក្រាម រីឯ រឿង សោភ័ណ្ឌ ត្រូវប្រកួតជាមួយអ្នកប្រដាល់របស់អេស្ប៉ាញ MIKEL JESUA ក្នុងទម្ងន់ ៦៩ គីឡូក្រាម។
ចំណែកម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាល បឺត សង្ឃឹម ត្រូវដាក់ឱ្យប្រកួតក្នុងទម្ងន់ ៥៧ គីឡូក្រាម ជាមួយកីឡាករមកពីប្រទេសទីម័រ KYRGYZ ហើយម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ ២០២៣ ឈុត សេរីវ៉ាន់ថង ត្រូវជួបអ្នកប្រដាល់របស់រុស្ស៊ី MAZORIEV SHARIF ក្នុងទម្ងន់ ៦០ គីឡូក្រាម ខណៈ ផល សោភ័ណ្ឌ ត្រូវតទល់ជាមួយកីឡាករចិន LI TIANTAO ក្នុងទម្ងន់ ៦៥ គីឡូក្រាម។
ទន្ទឹមជាមួយគ្នានេះ ក្រុមអ្នករៀបចំកម្មវិធីរបស់សង្វៀនថោន បានឱ្យដឹងថា ការប្រកួត «Wurkz សេនាគុនខ្មែរពិភពលោក» ខាងមុខនឹងមិនមានការលក់សំបុត្រនោះទេ ដោយអាចចូលរួមទស្សនាដោយសេរី ហើយជាមួយគ្នានេះ សង្វៀនថោន ក៏បាននាំយកពិធីករអន្តរជាតិដ៏ល្បីឈ្មោះ២នាក់ មកធ្វើការអត្ថាធិប្បាយជាភាសាអង់គ្លេសក្នុងការប្រកួតនេះផងដែរ ក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរឱ្យបានខ្លាំងក្លាបំផុត ទៅកាន់ពិភពលោក។
លោក Tommy Kim ទីប្រឹក្សាស្ថានីយទូរទស្សន៍ថោន បានបង្ហោះសារបែបនេះ កាលពីថ្ងៃទី ៣០ តុលាថា៖ «ថ្ងៃនេះ ជាថ្ងៃជាវេលាល្អ ខ្ញុំសូមប្រកាសជាផ្លូវការ ស្វាគមន៍អ្នកអត្ថាធិប្បាយកម្មវិធីពិភពលោក គឺ Mr Andrew Whitelaw និង Mr Christopher Garridor មកចូលរួមធ្វើអត្ថាធិប្បាយនៅក្នុងកម្មវិធី Wurkz សេនាគុនខ្មែរពិភពលោក នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ៧:០០ យប់តទៅ។ ស្ថានីយទូរទស្សន៍ថោន នឹងធ្វើការឡាយ ជាភាសាខ្មែរផង និងភាសាអង់គ្លេសផង ទៅកាន់ពិភពលោក»។
ស្តេចប្រដាល់របស់មីយ៉ាន់ម៉ា Dave Leduc ដែលធ្លាប់បានឈ្នះខ្សែក្រវាត់ ONE Championship ផងនោះ បានធ្វើដំណើរ មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ១ ខែវិច្ឆិកា ហើយមុនពេលធ្វើដំណើរមកស្រុកខ្មែរនេះ រូបគេបានបង្ហោះសារបញ្ជាក់ពីការត្រៀមខ្លួនដូច្នេះថា៖«នេះជាសប្តាហ៍ប្រកួតគ្នា។ រាងកាយទាំងមូលរបស់ខ្ញុំ គឺជាអាវុធ ត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍»៕