ភ្នំពេញៈ​កម្ពុជា ​និង​សា​ធារណ​រដ្ឋ​កូរ៉េ​ បាន​ដាក់​ចេញ​ទិស​ដៅ​សកម្ម​ភាព​ថ្មី​ ក្នុង​គោល​ដៅ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេ​ភាគី ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ ​ជាពិ​សេស​ពាក់​ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជ​កម្ ម​ខណៈ​កូរ៉េ​ខា​ងត្បូង ​បញ្ជាក់​ថា​ កម្ពុជា​ ជា​ដៃ​គូ​សហ​ប្រតិ​បត្តិ​ការ​អភិវឌ្ឍ​ន៍​ធំ​បំផុត​របស់ខ្លួន​នៅ​ឆ្នាំ​២០២៣ ​នេះ​។​

​ការ​កំណត់​ទិសដៅ​របស់​ប្រទេស​ទាំង​២ដូ​ច្នេះ ​ធ្វើឡើង​តាម​រយៈ​ជំនួប​ពិភា​ក្សា​ការងារ​រវាង​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី សុខ​ ចិន្តា​សោ​ភា ​រដ្ឋ​មន្ត្រី​ការប​រទេស ​និង​សហ​ប្រតិប​ត្តិការ​អន្តរ​ជាតិ ​និង​លោក​ Chang Ho-jin ​អនុ​រដ្ឋមន្ត្រី​កា​របរ​ទេស​ទី​១ របស់​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​៣១ ​ខែតុលា ​ឆ្នាំ​២០២៣​។


​យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​នៃ​ក្រសួ​ងការ​បរ​ទេស​បាន​ឱ្យដឹង​ថា លោក ​សុខ ចិន្តា​សោភា បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋា​ភិ​បាល ​ប្រជា​ជន​កូរ៉េ​ខាង​ត្បូង​ចំពោះ​ការ​ជួយ​អភិ​វឌ្ឍ​សង្គម​-​សេដ្ឋ​កិច្ច​កម្ពុជា ​និង​ចំណង​កិច្ច​សហ​ប្រតិ​បត្តិ​ការនានា​។​

​លោក​បាន​​ប្រាប់​ភាគី​កូរ៉េ​ខាង​ត្បូង​ពី​តួនាទី​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ចៀស​វាង​ការយក​ពន្ធ​ត្រួត​គ្នា ​ច្បាប់​ស្តីពី​ការវិនិ​យោគ​របស់​កម្ពុ​ជា ​ក៏ដូច​ជា ​វេទិកា​រដ្ឋាភិ​បាល​-​ផ្នែក​ឯក​ជន​ ជាដើម ជា​ផ្នែក​នៃ​ការ​ជំរុញ​ពាណិ​ជ្ជ​កម្ម​ទ្វេ​ភាគី​កម្ពុជា​-​កូរ៉េ​ ខាង​ត្បូង​។


​តាម​សេចក្តី​ប្រកាស​ដដែល​ក្នុង​ឱកាស​នោះ ​លោក​ Chang Ho-jin បាន​កោត​សរសើរ​ចំពោះ​ការ​រីក​ចម្រើន​លូត​លាស់​របស់​កម្ពុជា ​ដែល​ស្តែង​ឡើង​តាម​រយៈ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​អគារ​ខ្ពស់ៗ​នៅ​រាជ​ធានី​ភ្នំពេញ​។​

​លោក ​Chang Ho-jin បាន​បញ្ជាក់ ​ថា​៖ «​កម្ពុជា​បាន​ក្លាយ​ជា​ដៃគូ​សហ​ប្រ​តិបត្តិ​ការ​អភិវឌ្ឍ​ន៍​ដ៏​ធំ​បំផុត​របស់​សារ​ធារ​ណ​រដ្ឋ​កូរ៉េ​នៅ​ក្នុង​ឆ្នាំនេះ​»​។​

​ទន្ទឹមនឹ​ងនោះ​ ភាគី​ទាំង​២ បាន​ពិភាក្សា​គ្នា​ពី​វិធាន​ក្នុងការ​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេ​ភាគី​ ការ​ព​ន្លឿ​ន​គម្រោង​ស្ពាន​មិត្ត​ភាព​កម្ពុជា​-​សា​ធារ​ណរដ្ឋ​កូរ៉េ ព្រម​ទាំង​លើក​ទឹកចិត្ត​ដល់​វិនិយោ​គិន​កូរ៉េខាង​ត្បូង​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​កសិ​កម្ម ការ​កែ​ច្នៃ​ម្ហូប​អាហា​រ​ ​។

​ក្រៅ​ពី​នេះ​ភាគី​ទាំង​២​បាន​ផ្ដោត​សំខាន់​លើការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​គ្នា​ក្នុង​កម្រិត​ខ្ពស់​ ក៏​ដូច​ជា​ផ្លាស់​ប្តូរ​យោ​បល់​គ្នា​លើ​បញ្ហា​តំបន់ ​អន្តរ​ជាតិ ​ជា​ពិ​សេស​បញ្ហា​ឧប​ទ្វីប​កូរ៉េ​។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​លោក​ថុង ម៉េង​ដា​វិត ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​(AVI)​ បាន​ថ្លែង​ថា ​កម្ពុជា​ក្លាយ​ជា​គោល​ដៅ​វិនិ​យោគ​សំខាន់​របស់​កូរ៉េខាង​ត្បូង​នៅ​ក្នុង​តំបន់ ​ដោយ​សា​រ​បរិយា​កាស​ធុរកិច្ច​នៅ​កម្ពុ​ជា​មាន​ភាព​អំណោយ​ផល ​និង​កត្តា​ធន​ធាន​មនុស្ស​ ព្រម​ទាំង​តម្លៃ​ពលកម្ម​ថោក​ បូកផ្សំ​នឹងច្បាប់​វិនិយោគ​ថ្មី​មាន​ភាព​ទាក់​ទាញ​និង​ផ្តល់​ប្រ​យោជន៍​ដល់​វិនិ​យោ​គិន​។​

​លោក​បាន​ប្រាប់​ថា​៖ «​កម្ពុជា​ក៏​ជា​តួអង្គ​រដ្ឋ​ដ៏​សំខាន់​មួយ​ផង​ដែរ​ ក្នុង​ការ​ស្វែងរក​សន្តិ​ភាព​នៅ​ឧបទ្វីប​កូរ៉េ ហើយ​កម្ពុជា​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​ច្រក​របៀង​វប្បធម៌​ដើម្បី​ឱ្យ​ប្រជា​ជន​កូរ៉េ​ទាំង២​អាច​ជួបគ្នា ​និង​បង្កើន​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ភាព​តាន​តឹង​ និង​ជម្លោះ​នៅ​ឧប​ទ្វីប​កូរ៉េ​»​។

​លោក​ ថុង ម៉េង​ដា​វិត​ បន្ថែម​ថា កូរ៉េ​ខាង​ត្បូង​ជា​ដៃគូ​អភិ​វឌ្ឍន៍​សំខាន់​របស់​កម្ពុជា​ក្រោម​មូល​និធិ​ទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កូរ៉េ​(KOICA) ដែល​ជា​ចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​ ជំនាញ​កសិ​កម្ម ​សុខាភិ​បាល ​និង​ធុរកិច្ច​យុវ​ជន ​ជាដើម​។ លើស​ពីនេះ ​កម្ពុជា​បាន​បញ្ជូន​ពលករ​ខ្លួន​រាប់​ពាន់​នាក់​ទៅ​បម្រើ​នៅ​កូរ៉េខាង​ត្បូង​ក្រោម​ការ​ជ្រោម​ជ្រែង​ពី​រដ្ឋាភិ​បាល​ទាំង​សង​ខាង​។​

​សម្រាប់​លោក​ស៊ឺន ​សម អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លើក​ឡើង​ថា​ ទំនាក់​ទំនង​កូរ៉េខាង​ត្បូង​-​កម្ពុជា​ ជា​ទំនាក់​ទំនង​សំខាន់​ ដែល​កម្ពុជា​ទទួល​បាន​ផល​ប្រយោ​ជន៍​ពី​ទំនាក់​ទំនង​ ទាំង​ជំនួយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ វិស័យ​ផ្លាស់​ប្តូរ​ការ​ងារ​ ធន​ធាន​មនុស្ស ​ជា​ពិសេស​ទំហំ​វិនិ​យោគ​របស់​កូរ៉េខាង​ត្បូង​មក​កាន់​កម្ពុជា​។​

​បើតាម​លោក​ ស៊ឺន សម ​សក្តានុ​ពល​ដែល​កម្ពុជា​អាច​ទាញ​យក​និង​រៀន​សូត្រ​បន្ថែម​ក្នុង​ទំនាក់​ទំនង​ជា​មួយ​កូរ៉េខាង​ត្បូង​ តួ​យ៉ាង​បច្ចេក​វិទ្យា​ ៤.០ ការ​រៀបចំ​ហេ​រដ្ឋា​រចនា​សម្ព័ន្ធ​ បែប​បទ​រដ្ឋ​បាល​សា​ធារណៈ​។​

​លោក​ថ្លែង​ថា​៖«​ទោះ​បីកម្ពុជា​តូច​ តែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ប្រទេស​សមា​ជិក​អាស៊ាន ​សមា​ជិក​ដង​ទន្លេ​មេគង្គ​ដែល​មាន​សក្តានុ​ពល​ ប៉ុន្តែ​ត្រូវ​ការ​ដៃគូ​សហ​ការ​និង​រកស៊ី​ជា​មួយ​ប្រៀប​បាន​ជា​ដុំ​ពេជ្រ​មិន​ទាន់​ច្នៃ​។ ចំណែក​កូរ៉េ​មាន​ធន​ធាន​ដែល​អាច​មក​ជួយ​ច្នៃ​កម្ពុជា​បាន​។ ដូច្នេះ​ ប្រទេស​ទាំង​២ ​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ផល​ប្រយោ​ជន៍​ទៅ​វិញ​ទៅ​មក​»​។​

លោក​ស៊ឺន ​សម បាន​បន្ត​ថា លោក​ចង់​ឃើញ​ភាគី​ទាំង​២ប​ង្កើន​សេចក្តីទុ​កចិត្ត​គ្នា បង្កើន​ចំណង​កិច្ច​សហ​ប្រតិ​បត្តិការ​នឹង​គ្នា​បន្ថែម​ទៀត​នៅលើ​វិស័យ​ធន​ធាន​មនុស្ស ​វិស័យ​យោធា ​វិស័យ​វិនិ​យោគ​និង​ពាណិជ្ជ​កម្ម​។

យ៉ាង​ណាក្ដី ​លោក​ថា រ​បាំង​ពាណិជ្ជ​កម្ម​មួយ​ដែល​កូរ៉េ​ខាង​ត្បូង​កំណត់​ស្តង់​ដា​ផលិត​ផល​នាំ​ចូល​ក្នុង​កម្រិត​ខ្ពស់​ពេក ​ខណៈ​ក​ម្ពុជា​មិន​ទាន់​អាច​មាន​លទ្ធភាព​គ្រប់​គ្រាន់​ ដោយ​លោក​ស្នើឱ្យ​ភាគី​ទាំង​២​ជជែក​គ្នា​បន្ថែម​លើ​បញ្ហា​នេះ​៕