​ភ្នំពេញៈ លោក ​ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​ជូនដំណឹង​ឱ្យមាន​ការប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​ចំនួន​ ២៥០ ​នាក់​សម្រាប់​បម្រើការ​ងា​រ​ក្នុង​ខេត្ត​ចំនួន​ ១៧ ដែលជា​ការចាប់ផ្តើម​នៃ​ការអនុវត្ត​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ​៧ ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​ចាំបាច់​នៃ​មន្ត្រី​បច្ចេកទេស​នៅតាម​ឃុំ​-​សង្កាត់​។​


​យោងតាម​សេចក្តីជូនដំណឹង​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៣ បញ្ជាក់ថា គណៈកម្មការ​រៀបចំ​កា​រ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ សម្រេច​បើក​ឱ្យមាន​ការ​​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​ចំនួន​ ២៥០ ​នាក់ សម្រាប់​ប្រភេទ​ក្របខ័ណ្ឌ ក​, ខ​, គ ដែលមាន​ជំនាញ​ឯកទេស​កសិកម្ម ចាប់ពី​វិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ​ឬ​សញ្ញា​ប​ត្រ​សមមូល​។​

​ការជ្រើសរើស​នេះ ដើម្បី​ឱ្យចូល​បម្រើការ​ងា​រ​នៅតាម​ឃុំ ស្រុក ខេត្ត ក្នុង​ក្របខ័ណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់​ឆ្នាំ​២០២៣​។ ការប្រឡង​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ទី​២​ នៃ​ធ្នូ ឆ្នាំ​ ២០២៣ ខាងមុខ​។​


​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា បេក្ខជន​ដែល​បាន​មានបំណង​ចូលរួម​ការប្រឡងប្រជែង ត្រូវ​ជ្រើសរើស​ទីកន្លែង​បំពេញការងារ​ជាក់លាក់ (​ឃុំ ស្រុក ខេត្ត​) ក្នុង​តារាង​ភ្ជាប់​ជាមួយ​ជា​​មុន និង​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ផ្លាស់​​ប្ដូរ​កន្លែង​ការងារ​ដោយហេតុ​ផល​ណា​​មួយ​ឡើយ​។ ការស្នើសុំ​ផ្លាស់ប្ដូរ​កន្លែង​ការងារ មានន័យថា សាមីជន​នោះ​បោះបង់​ក្របខ័ណ្ឌ​មន្ត្រីរាជការ​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​នឹងត្រូវ​ទទួលបាន​ប្រាក់បៀវត្សរ៍​ទាប​បំផុត​ចាប់ពី​ ១​ លាន​ ៤​ សែន​រៀល ទៅតាម​ប្រភេទ​ក្របខ័ណ្ឌ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន​ ១៦ ​ម៉ឺន​រៀល​ក្នុង​ ១ ​ខែ រួមទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​របស់​មន្ត្រីរាជកា​រ​ស៊ីវិល​។​ លោក​ យ៉ង សាំង​កុមារ រដ្ឋលេខា​ធិ​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា​ថា លោក​សង្កេតឃើញថា ក្រោយពី​ការប្រកាស​របស់​ក្រសួង​មុខងារ​សាធារណៈហើយ មាន​បេក្ខជន​ច្រើន​កុះករ​បាន​ទៅ​ដាក់ពាក្យ សម្រាប់​ការប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​នាពេលខាងមុខ​។​


​លោក​បាន​បន្ថែមថា ក្នុងការ​ជ្រើសរើស​ដំណាក់កាល​ដំបូង​ ២៥០​ នាក់​នេះ បេក្ខជន​ដែល​ប្រឡង​ជាប់​អាច​នឹង​ចាប់ផ្តើម​ការងារ​នៅ​ដើមខែ​មករា ឆ្នាំ ២០២៤​ ដោយ​ផ្តើមចេញពី​ការធ្វើ​មន្ត្រី​កសិកម្ម​ឃុំ នៅតាម​តំបន់​ដែល​សម្បូរ​ផលិតកម្ម​ស្រូវ​។​

​លោក យ៉ង សាំង​កុមារ បាន​បញ្ជាក់ថា​៖ «​យើង​បានសម្រេច​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​ដំបូង​ ២៥០​ នាក់​ សម្រាប់​ផលិតកម្ម​ស្រូវ ដោយសារតែ​យើង​មើលឃើញថា ស្រូវ​ជា​ដំណាំ​ស្បៀង​យ៉ាងសំខាន់​សម្រាប់​ក្នុងស្រុក និង​ទីផ្សារ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​។​នៅក្នុង​ចំណោម​ជាង​ ១ ៦៥២ ​ឃុំ មាន​ជាង​ ១ ០០០​ ឃុំ​ហើយ​ដែលជា​ឃុំ​ផលិត​ស្រូវ​ដូច្នេះ​វា​មាន​ភាពចាំបាច់​ដែល​យើង​ត្រូវ​ចាប់ផ្តើម​ពី​ដំណាំ​ស្រូវ​មុនគេ​»​។​

​លោក​បាន​បន្តថា សម្រាប់​ការ​រើស​ដំណាក់កាល​បន្តបន្ទាប់ ក្រសួងកសិកម្ម​នឹង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​សម្រាប់​ដំណាំ​សាកវប្បកម្ម​និង​ក​សិ​-​ឧស្សាហកម្ម​វិញ​ម្តង ដោយ​ដំណាំ​ស្វាយចន្ទី អាចជា​ដំណាំ​បន្ទាប់​សម្រាប់​ការជ្រើសរើស​នៅពេល​ក្រោយ​។​

​លោក​ លី វ​លក្ខណ៍ អតីត​និស្សិត​នៃ​វិទ្យាស្ថាន​កសិកម្ម​ព្រែកលៀប​ដែល​បច្ចុប្បន្ន​ជា​មន្ត្រីរាជការ​នៃ​ក្រសួង​មួយ​បានឱ្យដឹងថា លោក​មានបំណង​ចង់​ដាក់ពាក្យ​ប្រឡង​ធ្វើជា​មន្ត្រី​កសិកម្ម​ឃុំ នៅ​ស្រុកកំណើត​របស់លោក​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ដែរ ដោយសារតែ​វា​ត្រូវ​នឹង​ជំនាញ​របស់លោក​ដែល​បាន​សិក្សា​ផ្នែក​កសិកម្ម​ស្រាប់​។​

​លោក​បាន​បន្ថែមថា លោក​ពិតជា​សាទរ​យ៉ាងខ្លាំង​ចំពោះ​ការដាក់ចេញ​គោលនយោបាយ​ពង្រាយ​មន្ត្រី​ជំនាញ​កសិកម្ម​ឃុំ​របស់​រាជរដ្ឋាភិបាល​នេះ ដោយ​លោក​ថា គោលនយោបាយ​នឹង​ជួយ​ដល់​កសិករ​ច្រើន ជាពិសេស​ទាក់ទង​នឹង​ការផ្តល់​ព័ត៌មាន​ទីផ្សារ​កសិកម្ម ដោះស្រាយ​បញ្ហា​ប្រឈម និង​បច្ចេកទេស​ដល់​កសិករ​។​

​លោក​បាន​បន្តទៀតថា​៖ «​មនុស្ស​មួយចំនួន​តែងតែ​រិះគន់​ចំពោះ​អ្នករៀន​ជំនាញ​កសិកម្ម ប៉ុន្តែ​ពួកគាត់​មិនបាន​ដឹង​ទេ​ថា ផលិតផល​កសិកម្មរ​បស់​យើង​មិនមាន​ទីផ្សារ​ល្អ​ គឺ​ដោយសារ​យើង​ខ្វះ​អ្នកជំនាញ​ដើម្បី​ជួយ​ដល់​កសិករ​នេះឯង​»​។​

​ក្នុងនាម​ជា​អ្នករៀន​ផ្នែក​កសិកម្ម លោក​បាន​លើកទឹកចិត្ត​ដល់​និស្សិត​ផ្នែក​កសិកម្ម​ដទៃទៀត​ដែលមាន​ជំនាញ​សមស្រប​ទៅតាម​តម្រូវការ​របស់​ក្រសួង​អាចដាក់​ពាក្យ​ចូលរួម​ប្រឡង​បាន​ព្រោះនេះ​ជា​ឱកាសល្អ​សម្រាប់​យុវជន​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​គោលនយោបាយ​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​ចំនួន ១ ៦០០​ នាក់ ក្នុង​បេសកកម្ម​ធ្វើការ​បម្រើ​កសិករ ១,៦ ​លាន​គ្រួសារ ឬ​ស្មើនឹង​ចំនួន​ប្រជាជន​ ៧,៥ ​លាន​នាក់​នៅ​គ្រប់​ភូមិ​-​ឃុំ​ទូទាំងប្រទេស​ចាប់ពី​ឆ្នាំ​ ២០២៣ ដល់​ឆ្នាំ​ ២០២៨៕