បាត់ដំបងៈ ទីក្រុង​បាត់ដំបង បាន​ជាប់​ជា ​«​បណ្តាញ​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​ផ្នែក​ម្ហូប​​អាហារ​របស់​អង្គការ​យូណេស្កូ​» ក្នុងចំណោម​ទីក្រុង​ចំនួន ៥៥ ដែល​ត្រូវបាន​ដាក់បញ្ចូល​បន្ថែម​ក្នុង​បណ្ដាញ​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ (UCCN)​។​


​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ (UNESCO) បានឱ្យដឹង​នៅ​ថ្ងៃទី ​៣១ ខែតុលា​ថា នៅ​ថ្ងៃ​ទិវា​ទីក្រុង​ពិភពលោក ទីក្រុង​ចំនួន ៥៥ ត្រូវបាន​ដាក់បញ្ចូល​ប​ន្ថែ​ម​ក្នុង​បណ្តាញ​ទីក្រុង ដែលមាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​យូ​​ណេ​ស្កូ (UCCN) ខណៈដែល​ទីក្រុង​ថ្មី​ដែល​ទើបនឹង​ដាក់​បន្ថែម​រប​ស់​អង្គការ​យូណេស្កូ​នេះ​ត្រូវបាន​ទទួលស្គាល់​លើ​ភាព​ច្នៃប្រឌិត​ជា​ផ្នែក​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ វប្បធម៌ និង​ការរៀបចំ​ផែនការ​ទីក្រុង​ដែល​ផ្តោត​សម្រាប់​មនុស្ស​រស់នៅ​។

សេចក្តីប្រកាស​បន្តថា ទន្ទឹមនឹង​ការដាក់បញ្ចូល​ទីក្រុង​ថ្មី​បន្ថែមចំនួន ​៥៥ ជា​បណ្តាញ​ទីក្រុង​ច្នៃប្រឌិត (UNESCO Creative Cities Network ឬ​ហៅ​កាត់​ថា UCCN) បាន​កើន​ដល់​ចំនួន ៣៥០​ ទីក្រុង​នៅក្នុង​ប្រទេស​ជាង​ ១០០ ដែល​តំណាងឱ្យ​វិស័យ​ចំនួន​ ៧ ​រួមមាន​៖​សិប្បកម្ម និង​សិល្បៈ​ប្រជាប្រិយ​, ការ​រចនា​, ភាពយន្ត​, អាហារ​, អក្សរសាស្ត្រ​, សិល្បៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​តន្ត្រី​។​


​លោក Audrey Azoulay អគ្គនាយក​អង្គការ​យូណេស្កូ បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាសថា​៖ «​ទីក្រុង​នៅក្នុង​បណ្តាញ​ទីក្រុង​ច្នៃប្រឌិត​របស់​យើង​កំពុង​ឆ្ពោះទៅ​បង្កើន​លទ្ធភាព​ក្នុងការ​ពង្រឹង​ថាមពល​នៃ​ភាព​ច្នៃប្រឌិត​វប្បធម៌​សម្រាប់​ភាព​ធន់ និង​ការអភិវឌ្ឍ​ទីក្រុង​»​។

លោក​ Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា បាន​លើកឡើងថា យូណេស្កូ​សូម​អបអរសាទរ​ដល់ក​ម្ពុ​ជា​ចំពោះ​សមិទ្ធផល​ដំបូង​ដែល​មិន​ធ្លាប់មាន​នេះ​។ លោក​បញ្ជាក់ថា​៖ «​ការទទួលស្គាល់​ក្រុង​បាត់​ដំបង​ជាទី​ក្រុង​ច្នៃប្រឌិត​ផ្នែក​ម្ហូប​អាហារ​នេះ គឺជា​ការ​ស្ងើចសរសើរ​ដល់​សម្បត្តិ​វប្បធម៌​របស់​ទីក្រុង និង​មាន​សារៈសំខាន់​ក្នុង​ការលើក​​កម្ពស់​វប្បធម៌ និង​ភាព​ច្នៃប្រឌិត រួម​នឹង​ការលើកកម្ពស់​កំណើន​សេដ្ឋ​កិច្ច និង​ប្រាក់ចំណូល​ទេសចរណ៍​របស់​សហគម​ន៍​ផងដែរ​»​។​


​ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​សរសេរ​លើ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់លោក​ផងដែរ​ថា​៖ «​អបអរ​សាទរ ទីក្រុង​បាត់ដំបង​ដែល​ទទួល​​បាន​ការចុះ​ក្នុង​បញ្ជី បណ្តាញ​ទីក្រុង​ច្នៃប្រឌិត ផ្នែក​ម្ហូបអាហារ​របស់​អង្គការ​យូណេស្កូ​ (UCCN)»​។​

​រីឯ​លោ​ក ស សុខា ឧបនាយក​ដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី ​១ ខែវិច្ឆិកា​ផងដែរ ដោយ​ចូលរួម​អបអរសាទរ​ទីក្រុង​​បាត់ដំបង​ក្នុងឱកាស​ទទួលបាន​កា​រ​ចុះ​ក្នុង​បញ្ជី «​បណ្តាញ​ទីក្រុង​ច្នៃប្រឌិត​ផ្នែក​ម្ហូបអាហារ​របស់​អង្គការ​យូ​ណេ​ស្គូ (UCCN)​។​

​លោក​បញ្ជាក់ថា​៖ «​ខេត្ត​បាត់​ដំបង គឺជា​ខេត្ត​ខ្មែរ​ទី​១ ដែល​ត្រូវបាន​ទទួលស្គាល់​ក្នុង​បណ្តាញ​ខេត្ត ក្រុង​ពិភពលោក របស់​អង្គ​ការ​យូណេស្កូ ស្តីពី​ការច្នៃប្រឌិត​វប្បធម៌​ក្នុង​វិស័យ​ម្ហូបអាហារ​»​។​

​លោក ស សុខា បញ្ជាក់ថា បណ្តាញ​ទីក្រុង​ច្នៃប្រឌិត គឺជា​ដៃគូ​ឯកសិទ្ធិ​របស់​អង្គការ​យូ​​ណេ​ស្កូ មិន​ត្រឹមតែ​ជា​វេទិកា​សម្រាប់​ការឆ្លុះបញ្ចាំង​ពី​តួនាទី​នៃ​ការច្នៃប្រឌិត ជា​គន្លឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរ​​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​មូល​ដ្ឋា​ន​បង្កាត់​ពូជ​នៃ​សកម្មភាព និង​ការច្នៃប្រឌិត ជាពិសេស​សម្រាប់​ការអនុវត្ត​របៀបវារៈ​ឆ្នាំ ​២០៣០ សម្រាប់​និរន្តរភាព​នៃ​ការអភិវឌ្ឍ​។​

​ចំណែក​លោក​ ឆាយ ម៉ា​ទីណា​ល់ អភិបាលរង​ខេត្តបាត់ដំបង បាន​ថ្លែង​នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា​ថា ក្នុងនាម​ជា​អាជ្ញាធរខេត្ត​ពិតជា​សម្ដែង​ការ​សាទរ​ដែល​ក្រុង​បាត់ដំបង​បានជា​ប់​ជាទី​ក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​ផ្នែក​ម្ហូបអាហារ​របស់​អង្គការ​យូណេស្កូ​។

លោក​បន្តថា ក្រោយពី​ក្រុង​បាត់ដំបង​បានជា​ប់​ហើយ អាជ្ញាធរខេត្ត​កំពុង​គិតគូរ​នៅ​ចុងឆ្នាំ​ ២០២៣ ​នេះ គឺ​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ ដើម្បី​បង្ហាញ​ពី​ស្នាដៃ​ម្ហូបអាហារ​ខ្មែរ​នៅ​ខេត្តបាត់ដំបង​ឱ្យ​មហាជន​ចូលរួម​ភ្លក់​នៃ​រសជាតិ​ម្ហូប​អា​​ហារ​ទាំងនោះ​ផងដែរ​។​

​លោក​ឱ្យដឹងទៀតថា សម្រាប់​ម្ហូបអាហារ​ខ្មែរ​ទាំងនោះ​នៅ​ខាង​ខេត្តបាត់ដំបង​ដែល​ពេញនិយម​មានដូចជា​៖ អា​ម៉ុក បបរ​ផិ និង​ទឹកគ្រឿង​ជាដើម ខណៈដែល​ម្ហូប​ទាំងនេះ អ្នក​ខេត្ត​ផ្សេងៗ​ក៏​ចេះ​ធ្វើ​ដែរ ប៉ុន្តែ​ស្នាដៃ​អ្នក​ខេត្ត​បាត់ដំបង ធ្វើឡើង​រសជាតិ​ឆ្ងាញ់​ខុសប្លែក​ពី​ខេត្ត​ផ្សេង​។​

​លោក​ ឆាយ ម៉ា​ទីណា​ល់ បាន​ថ្លែងថា​៖ «​យើង​គិតថា ក្រុង​បាត់​ដំបង​ជាប់​ជាទី​ក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​ផ្នែក​ម្ហូបអាហារ​របស់​អង្គការ​យូណេស្កូ​នេះ​ពិត​ជាមាន​សារៈប្រយោជន៍​សំខាន់​ណាស់ ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​សកលលោក​ឱ្យ​ស្គាល់​ពី​ម្ហូប​ខ្មែរ​ក្នុង​ខេត្តបាត់ដំបង ជាពិសេស​កាន់តែ​ធ្វើឱ្យមាន​ការទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត មក​ទស្សនា​កម្សាន្ត និង​ភ្លក់​រសជាតិ​នៃ​ស្នាដៃ​របស់​អ្នក​ខេត្ត​យើង​»​។​

​លោក​បន្ថែមថា ក្រៅពី​ពិភព​លោក​បាន​ស្គា​ល់ពី​ខេត្ត​បាត់​ដំបង​ហើយ គោលដៅ​សំខាន់​មួយទៀត គឺជា​កន្លែង​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​មកលេង​កម្សាន្ត ឬក៏​អ្នកធ្វើ​ជំនួញ​ផ្នែក​ពាណិជ្ជកម្ម​ផ្សេងៗ ដើម្បី​ស្គា​ល់ពី​អត្តសញ្ញាណ​នៃ​ទីក្រុង​បាត់​​ដំបង ក៏ដូចជា​សមិទ្ធផល​លើ​វិស័យ​នានា​ផងដែរ​។​

​ចំណែក​លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ ក៏បាន​ថ្លែង​ដែរ​ថា កន្លងមក​មាន​អ្នក​ធ្លាប់​បង្អាប់​ពី​ម្ហូបអាហារ​របស់​ខ្មែរ​ថា មាន​រូបរាង​មិន​ចង់​បរិភោគ ក៏ប៉ុន្តែ​ឥឡូវនេះ​ម្ហូប​ខ្មែរ​បែរ​ជាមាន​ការឱ្យ​តម្លៃ ដោយ​ក្រុង​បាត់ដំបង​បានជា​ប់​ជា​បណ្ដាញ​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​ផ្នែក​ម្ហូបអាហារ​របស់​អង្គការ​យូណេស្កូ ហើយ​វា​ជា​មោទនភាព​ជាតិខ្មែរ និង​មោទនភាព​សម្រាប់​ប្រជាជន​ខ្មែរ​ទាំង​អស់ ដើម្បី​ចូលរួម​ថែរក្សា​តម្លៃ​ប្រពៃណី វប្បធម៌​របស់ខ្លួន​។​

​លោក​មានប្រសាសន៍ថា​៖ «​ម្ហូបអាហារ​ខ្មែរ​យើង​បាន​ជាប់​ហើយ ដូច្នេះ​យើង​គួរតែមាន​កម្មវិធី​អី ដើម្បីឱ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ បានដឹង​អំពី​ម្ហូប​អាហារ​របស់​ខ្មែរ​យើង និង​ការច្នៃ​ប្រឌិត​ក្នុង​ការធ្វើ​ម្ហូបអាហារ​ខ្មែរ​យើង ខណៈដែល​បច្ចុប្បន្ននេះ ខ្ញុំ​តែងតែ​ឃើញ​កម្មវិធី​មួយចំនួន ធ្វើ​តែ​ម្ហូបអាហារ​បែប​បរទេស​។ អ៊ីចឹង​វា​មិន​ទាក់ទង​ទៅនឹង​អត្ត​សញ្ញាណ​របស់​ខ្មែរ​យើង​ទេ​»​។​

​បើតាម​លោក សំបូរ មា​ណ្ណា​រ៉ា បាន​អះអាងថា នៅពេល​អង្គការ​យូណេស្កូ បានទទួល​ស្គាល់​ម្ហូប​អាហារ​របស់​ខ្មែរ និង​មាន​ការឱ្យ​តម្លៃ​បែបនេះ គឺ​វា​ជាការ​គាំពារ និង​ជំរុញ​ឱ្យ​ខ្មែរ ត្រូវ​ថែរក្សា​វប្បធម៌​របស់ខ្លួន​ឱ្យបាន​ល្អ ដូច្នេះ​វា​នឹង​ទទួលបាន​ផល​មកវិញ​ដូចជា​ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរ​ជាតិ​កាន់តែច្រើន​ចូលមក​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​។ សាស្ត្រា​ចា​រ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​ដដែល​បាន​បន្ថែមថា ក្រៅពី​ម្ហូបអាហារ​ខ្មែរ មានការ​ទទួលស្គាល់​ជុំវិញ​ពិភព​លោក​ហើយ នៅ​ប្រទេស​កម្ពុជា មាន​របស់​ផ្សេងៗ​ទៀត ដែល​បញ្ជាក់​ពី​តម្លៃ​វប្បធម៌ ប្រពៃណី​ខ្មែរ ជាពិសេស​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ជាតិខ្មែរ ដែល​តម្រូវឱ្យ​មនុស្ស​គ្រប់គ្នា ត្រូវ​ចូលរួម​ខិតខំ​ថែរក្សា និង​ឱ្យ​តម្លៃ​ផងដែរ​។​

​សូមបញ្ជាក់ថា បណ្តាញ​ទីក្រុង​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ (UCCN) ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៤ មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ទីក្រុង​នានា​ដែល​បានទទួល​ស្គាល់​ភាព​ច្នៃប្រឌិត​ជា​កត្តា​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕

ស្នាដៃគំនូរ​ ខ្ចៅ ទូច ​ភាគ​ច្រើន​ពោរពេញទៅ​ដោយពណ៌​ខៀវ ដែលធ្វើឱ្យអ្នកស្រី​រីករាយ​។ រូបថត សហ​ការី

គម្រោង​មន្ទីរពិសោធន៍​តេស្ត​រក​ជំងឺ​កូវីដ នៅ​ខេត្ត​ព្រះសីហនុ​ដែល​ចិន​ជួយ​ជា​បរិក្ខារ​សម្រាប់​បម្រើការ​។ រូប ស្ថានទូត​ចិន