​ភ្នំពេញៈ អង្ករ​ម៉ាក​សមូហភាព SKO ​ដែល​ផលិត​ចេញពី​ពូជ​ស្រូវ​សែន​ក្រអូប​ក្នុង​ឆ្នាំ​ ២០២៣​ នេះ បានឈ្នះ​ពានរង្វាន់​មាស​ពី​កម្មវិធី​វាយតម្លៃ​គុណភាព រស​ជាតិ​ប្រភេទ​អង្ក​រស​គ្រាប់​វែង​ចិន​-​អាស៊ាន លើក​ទី​១ ដោយ​ជយលាភី​នេះ​មានការ​សាទរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ ហើយ​រំពឹងថា ទីផ្សារ​អង្ករ​ក្រអូប​កម្ពុជា​នឹង​កាន់​តែមាន​សម្ទុះ​ខ្លាំង​ថែមទៀត​។​


​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាល​ថ្ងៃទី​ ៣១ ខែតុលា បាន​បញ្ជាក់ថា អង្ករ​ម៉ាក​សមូហភាព ​SKO​ ផលិត​ចេញពី​ពូជ​​ស្រូវ​សែន​ក្រអូប​បានឈ្នះ​ពាន​​រង្វាន់​មាស​ពី​កម្មវិធី​ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​វិទ្យា​សាស្ត្រ​ស្រូវ​នៃ​បណ្ឌិត្យសភា​វិទ្យា​សាស្ត្រ​កសិកម្ម​ខេត្ត Guangxi និង​មណ្ឌល​ការគ្រប់គ្រង​គ្រាប់ពូជ​នៃ​តំបន់​ស្វយ័ត Guangxi Zhuang របស់​ប្រទេស​ចិន កាល​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ ​២០២៣​។​

​ជា​លទ្ធផល​ពី​កិច្ច​ការប្រកួត​នៅក្នុង​ចំណោម​សំណាក​អង្ករ​នៃ​ពូជស្រូវ​សរុប​ចំនួន ​៦១ ដែល​ក្នុងនោះ​ចំនួន​ ១២ ​ប្រភេទ មកពី​ប្រទេស​អាស៊ាន​ចំនួន ​៥​ប្រទេស​និង​ចំនួន​ ៤៩ ​ប្រភេទ មកពី​តំបន់​ស្វយ័ត និង​ខេត្ត​ដែល​ដាំ​ដុះ​ស្រូវ​នៅក្នុង​ប្រទេស​ចិន​។​


​សេចក្តីប្រកាស​បន្តថា៖ «​ក្នុងនោះ អង្ករ​ម៉ាក​សមូហភាព SKO ដែលមាន​ពូជស្រូវ​ឈ្មោះ​សែន​ក្រអូប ​(SEN KRAOB)​ ត្រូវបាន​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ប្រកួត ជា​ពូជស្រូវ​ល្អ និង​មាន​រសជាតិ​ឆ្ងាញ់ ព្រមទាំង​ឈ្នះ​ពានរង្វាន់​មាស​ក្នុងចំណោម​ពានរង្វាន់​មាស​របស់​ពូជស្រូវ​របស់​ប្រទេស​ផ្សេងទៀត​»​។​

​ជុំវិញ​លទ្ធផល​នេះ សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ប្រជាកសិករ​ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ដាំ​ដុះ ថែទាំ និង​ផ្តល់​គ្រាប់ស្រូវ​ដែល​ផលិត​ចេញ​ជា​អង្ករ​មានគុណ​ភាព ឱជា​រស មិនតែប៉ុណ្ណោះ​សម្រស់​គ្រាប់​អង្ករ​បាន​យ៉ាង​ល្អ ដែលនាំឱ្យ​ទទួលបាន​ពានរង្វាន់​មាស​នៅពេលនេះ​ផងដែរ​។​


​ក្រៅពីនេះ សហព័ន្ធ​ស្រូវ​អង្ករ​ក៏បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​ដាំ​ដុះ​ពូជស្រូវ ដែល​ប្រកប​ដោយ​គុណភាព​នេះ​ជា​បន្តទៀត ហើយ​សហព័ន្ធ​បានបង្ហាញ​ការយល់ឃើញថា ការទទួលបាន​ពានរង្វាន់​មាស​នេះ​នឹង​ជួយ​ឱ្យ​តម្លៃ​អង្ករ​សែន​ក្រអូប​មានការ​ទទួលស្គាល់​កាន់តែ​ច្រើនឡើង និង​មាន​ទីផ្សារ​កាន់តែ​ធំ​ទូលាយ​ថែមទៀត​។​

​លោក​ ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកាថា នេះ​ជា​មោទនភាព​សម្រាប់​វិស័យ​កសិកម្ម និង​កសិករ​កម្ពុជា ហើយ​នេះ​មិនមែនជា​លើក​ទី​១​ ឡើយ​ ដែល​អង្ករ​ក្រអូប​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​បែបនេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមក​អង្ករ​ក្រអូប​ផ្ការំដួល​របស់​កម្ពុជា​បានឈ្នះ​ពានរង្វាន់​ជា​អង្ករ​ល្អ​ដាច់​គេ​ចំនួន​ ៥ ​ដង​រួចមកហើយ ហើយ​ឆ្នាំនេះ​យើង​បាន​បន្ថែម​ពី​ពូជស្រូវ​សែន​ក្រអូប​ផងដែរ ក្រសួង​យល់ថា តាមរយៈ​លទ្ធផល​នេះ​នឹង​បង្កើន​ភាព​ទាក់ទាញ​ដល់ទី​ផ្សារ​នាំចេញ​អង្ករ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ថែមទៀត​»​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម បាន​បន្ថែមថា ដើម្បី​ជំរុញ​ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា ក្រសួង​បាននិងកំពុង​ជំរុញ​ពូជ​​ស្រូវ​ចំនួន​ ២​ ប្រភេទ ​គឺ​ពូជស្រូវ​សែន​ក្រអូប និង​ពូជស្រូវ​ផ្ការំដួល ដែលជា​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​ដើម្បី​ធានាបាន​ពូជ​សុទ្ធ និង​ធានាបាន​គុណភាព​អង្ករ​កម្ពុជា​នៅលើ​ទីផ្សារ​ផងដែរ​។

​ទន្ទឹមគ្នានេះ ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​សហគមន៍​កសិក​ម្ម​អូរ​សារាយ ខេត្តតាកែវ លោក​ ប៉ាត សាវឿន ក៏បាន​លើកឡើង​ដែរ​ថា លទ្ធផល​នេះ​គឺ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​សហព័ន្ធ​ស្រូវ​អង្ករ ហើយ​លទ្ធផល​នេះ​ក៏​កម្លាំងចិត្ត​បន្ថែម​ដល់​សហគមន៍​កសិកម្ម​នៅ​កម្ពុជា ខិតខំ​ប្រឹងប្រែង​បង្កើន​ការដាំដុះ​ពូជស្រូវ​ក្រអូប​បន្ថែមទៀត​។​

​លោក​បាន​បន្តថា​៖ «​បច្ចុប្បន្ន​សហ​គម​ន៍​របស់ខ្ញុំ​មាន​សមាជិក​ជាង​ ៦០ ​នាក់ ហេតុនេះ​ខ្ញុំ​យល់ថា ដើម្បី​ជំរុញ​ទីផ្សារ​ស្រូវ​អង្ករ​ក្រអូប​កម្ពុជា​បន្ថែមទៀត​សូមឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្តល់ទុន​ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​កសិករ​សម្រួល​​មធ្យោបាយ​ដឹកជញ្ជូន​ស្រូវ​ឱ្យទាន់ពេល ពិសេស​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដាំ​ដុះ​បន្ថែមទៀត​ដើម្បី​បង្កើន​គុណភាព​អង្ករ​កាន់​តែមាន​ស្តង់​ដា​ស្របតាម​ទីផ្សារ​ចង់បាន​»​។​

​ទាក់ទិន​នឹង​ជយលាភី​នេះ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ប្រកាស​អបអរ​សាទរ អង្ករ​ពូជ​ស្រូវ​សែន​ក្រអូប​កម្ពុជា ដែល​បានឈ្នះ​ពានរង្វាន់​មាស​ក្នុង​កម្មវិធី​វាយតម្លៃ​គុណភាព​រសជាតិ​ប្រភេទ​អង្ក​រស​គ្រាប់​វែង​ចិន​-​អាស៊ាន​លើក​ទី ​១ ​នេះ​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា ពូជស្រូវ​សែន​ក្រអូប ជា​ពូជស្រូវ​មិន​ប្រកាន់​រដូវ​ដែល​ត្រូវបាន​ដាំ​ដុះ​ដោយ​ប្រជាកសិករ​តាំងពី​ពាក់កណ្តាល​ទសវត្សរ៍ ​៩០​។​

​ដើម្បី​ឆ្លើយតប​ទៅកាន់​ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​អគ្គនាយកដ្ឋាន​កសិកម្ម​និង​វិទ្យា​ស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា រួម​នឹង​កម្មវិធី​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី បានរៀបចំ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើ​បច្ចេក​ទេស​និង​ហិរញ្ញវត្ថុ​ដើម្បី​រៀបចំ​ឱ្យមាន​ពូជស្រូវ​សែន​ក្រអូប​មួយ​ច្បាស់លាស់​។​

​ឆ្លងតាម​ការសិក្សា និង​កិច្ចខិតខំ​របស់​អ្នកវិទ្យាសាស្ត្រ​ស្រូវ​នៃ​វិទ្យាស្ថាន​​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​សម្រាំង​ឡើង​ដោយ​ជម្រើស​ឯកទត្ត​ចេញពី​ពូជស្រូវ​ក្រអូប​ផ្សេងៗ​រហូត​ទទួលបាន​ពូជស្រូវ​សែន​ក្រអូប​មួយ​ដែល​ល្អ ហើយ​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ​ ២០១៩ ​ក្រោម​ឈ្មោះ​ជា​ផ្លូវការ​ថា ​«​សែន​ក្រអូប​ ០១»៕