ភ្នំពេញ: ពីក្មេងស្រីរស់នៅតំបន់អតីតចាក់សំរាមស្ទឹងមានជ័យ យុវនារីកម្ពុជា ២ នាក់គឺ ប៊ុន ម៉ាលីតា អាយុ ១៨ ឆ្នាំ និង លេន លាង អាយុ ២០ ឆ្នាំ បានទទួលអាហារូបករណ៍ទៅសិក្សានៅមហាវិទ្យាល័យ Trinity របស់ប្រទេសអូស្ត្រាលី។
ម៉ាលីតា និង លាង ស្ថិតក្នុងចំណោមសិស្សានុសិស្សរបស់អង្គការ CCF ដែលទទួលបានអាហារូបករណ៍ពេញលេញពី Trinity College និង University of Melbourne ដែលផ្តល់បេក្ខជន ២ រូប ឱ្យសិស្សានុសិស្ស CCF ជារៀងរាល់ឆ្នាំ។
លោក ស្កុត នីសុន ស្ថាបនិក CCF បាននិយាយថា៖ «អាហារូបករណ៍ គឺជាហ្គេមផ្លាស់ប្តូរជោគវាសនាសម្រាប់សិស្សទាំងនេះ។ យើងមានមោទនភាពចំពោះសមិទ្ធផលរបស់ពួកគេ»។
CCF ជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅស្ទឹងមានជ័យ គឺជាអ្នកផ្តល់ក្តីសង្ឃឹមដល់កុមារក្រីក្រជិត ១ ៨០០ នាក់ក្នុង ១ ឆ្នាំៗ។ អង្គការនេះដំណើរការ Neeson Cripps Academy ដែលផ្តល់ការអប់រំប្រកបដោយគុណភាពដល់កុមារ និងមានឱកាសទទួលបានអាហារូបករណ៍អន្តរជាតិបន្ទាប់ពីថ្នាក់ទី១២។ ចាប់តាំងពីឆ្នាំ ២០១៧ មហាវិទ្យាល័យ Trinity បានសហការជាមួយ CCF ដើម្បីផ្តល់អាហារូបករណ៍ពេញលេញសម្រាប់កម្មវិធីឆ្នាំមូលដ្ឋានរបស់ពួកគេ។
លោក Scott Charles ជាអ្នកជំនួយការនៅមហាវិទ្យាល័យ Trinity College បានសាទរដូចគ្នាចំពោះភាពជាដៃគូ ដោយបង្ហាញពីភាពខ្នះខ្នែងចំពោះបញ្ញវន្ដអនាគត។
យុវតីទាំង ២ បានរំឭកអំពីការប្រឡងអាហារូបករណ៍ទៅរៀននៅមហាវិទ្យាល័យ Trinity College នៅប្រទេសអូស្ដ្រាលី ដោយពួកគេសុទ្ធតែមិនរំពឹងខ្ពស់ថា នឹងទទួលបានជោគជ័យ ពីព្រោះពួកគេត្រូវប្រកួតប្រជែងជាមួយសិស្សានុសិស្សជាច្រើននាក់ទៀត។
ម៉ាលីតា បានឱ្យដឹងថា៖ «វារាងលំបាកបន្ដិច ដោយសារពេលខ្ញុំប្រឡងអាហារូបករណ៍នោះ ខ្ញុំក៏កំពុងតែសិក្សាថ្នាក់ទី១២។ ដូច្នេះ ខ្ញុំត្រូវខិតខំសិក្សាទាំង ២ ដើម្បីត្រៀមបញ្ចប់ថ្នាក់វិទ្យាល័យផង និងចាប់យកឱកាសសិក្សានៅបរទេសផង។ ប៉ុន្ដែខ្ញុំផ្ដោតសំខាន់លើការប្រឡងថ្នាក់ទី១២ ច្រើនជាង»។
កញ្ញាលាងបន្ថែមថា អ្នកចូលរួមប្រឡងភាគច្រើនពូកែភាសាអង់គ្លេស ដែលធ្វើឱ្យកញ្ញាគ្មានជំនឿចិត្ដក្នុងការយកជ័យជម្នះ ពីព្រោះយុវតីរូបនេះក៏ធ្លាប់បានបោះបង់ការប្រឡងនៅមហាវិទ្យាល័យអូស្ដ្រាលីម្ដងរួចហើយ។
តាំងពីឆ្នាំ ២០១៧ មកដោយមើលឃើញរៀមច្បង ២ នាក់រៀងរាល់ឆ្នាំ មានឱកាសបានទៅបន្ដការសិក្សានៅប្រទេសអូស្ត្រាលីតាមរយៈអាហារូបករណ៍ Trinity College ពួកគេមានក្ដីស្រមៃចង់ចេញទៅមើលពិភពលោកដ៏ធំល្វឹងល្វើយដោយខិតខំឆក់យកឱកាសមាស ខណៈជីវភាពរបស់គ្រួសារខ្លួនមិនអាចទៅរួច។
ម៉ាលីតា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ទោះជាប់ ឬមិនជាប់ ក៏យើងនៅតែខិតខំ យ៉ាងហោចណាស់ យើងបានដឹងអំពីសមត្ថភាពរបស់យើងដែរ»។
បច្ចុប្បន្ននេះ យុវតីទាំង ២ រូបកំពុងតែរៀនត្រៀមនៅមហាវិទ្យាល័យ Trinity College រយៈពេល ១ ឆ្នាំមុនពេលចូលរួមសាកលវិទ្យាល័យអូស្ដ្រាលី។ ម៉ាលីតា ដែលសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះ មានគោលបំណងចង់ក្លាយជាផលិតករភាពយន្ដ និងយកចំណេះដឹងដែលខ្លួនមានមកផលិតភាពយន្ដនៅកម្ពុជា។
យ៉ាងណាក្តី កញ្ញា លាង ដែលដំបូងឡើយចាប់យកជំនាញផ្នែកពាណិជ្ជកម្មជាមួយគោលបំណងធ្វើការផ្នែកគ្រប់គ្រង និងបើកអាជីវកម្មខ្លួនឯង បានប្ដូរមកប្រព័ន្ធផ្សព្វផ្សាយវិញដោយសារតែជួបបញ្ហាភាសាអង់គ្លេសលើមុខវិជ្ជាពាណិជ្ជកម្ម។
យុវតី លាង បានសារភាពថា៖ «ក្រោយការផ្លាស់ប្ដូរមុខវិជ្ជាសិក្សានេះ នៅពេលអនាគត ខ្ញុំមិនទាន់ដឹងថាត្រូវធ្វើអ្វីទេ។ ខ្ញុំត្រូវរង់ចាំចូលដល់ថ្នាក់សាកលវិទ្យាល័យសិន»។
ប្រវត្ដិដ៏ជូរចត់របស់យុវតី ម៉ាលីតា ជាអ្នកខេត្ដព្រៃវែង កញ្ញា លាង មកពីគ្រួសាររកព្រឹកខ្វះល្ងាច ដែលមានបងប្អូនស្រីទាំង ៤ នាក់ ដោយមករាជធានីភ្នំពេញតាំងពីអាយុ ៤ ឆ្នាំជាមួយឪពុកម្ដាយ និងបំផ្លាស់ទីផ្ទះជួលជារឿយៗ។ មកដល់តំបន់ស្ទឹងមានជ័យ ពួកគេបានជួបលោក ស្កុត នីសុន ដែលបានហៅពួកគេទាំង ៤ នាក់ឱ្យចូលរៀននៅសាលាអង្គការ។
ចំណែកឆាកជីវិតរបស់ ម៉ាលីតា គឺនាងបានជួបរឿងរ៉ាវអកុសលតាំងពីកុមារភាពមកម្ល៉េះ។ កាលពីអាយុ ២ ឆ្នាំ ម៉ាលីតា និងម្ដាយបានជួបគ្រោះអាក្រក់បំផុត ដែលត្រូវបានជនមិនស្គាល់អត្ដសញ្ញាណជះទឹកអាស៊ីតដាក់នៅក្នុងអំឡុងពេលជិះម៉ូតូ។ ហេតុការណ៍នេះបានធ្វើឱ្យម្ដាយខូចសម្រស់មុខមាត់ និងធ្លាក់ខ្លួនពិការភ្នែកទាំងសងខាងខណៈកុមារីតូចដែលអង្គុយលើម៉ូតូខាងមុខម្ដាយ រងទឹកអាស៊ីតពីម្ដាយជោកពេញមុខរហូតដល់ខ្លួន និងដៃ។
ម៉ាលីតា ដែលមានបងប្អូន ២ នាក់ទៀត និងមិនស្និទ្ធស្នាលជាមួយគ្នា បានរំឭកថា៖ «កាលនោះ ខ្ញុំមិនចាំពីហេតុការណ៍នោះទេ។ ប៉ុន្ដែម្ដាយខ្ញុំបានប្រាប់ខ្ញុំថា ដោយសារតែខ្ញុំយំខ្លាំង ទើបប្រហែលមិនធ្វើឱ្យភ្នែកខ្ញុំពិការ។ ខ្ញុំគ្រាន់តែដឹងថា ពេលនោះ មុខ និងរាងកាយរបស់ខ្ញុំក្ដៅខ្លាំង ហើយមានបងប្អូនប្រជាពលរដ្ឋយើងជួយយកអាសា»។
ជាអ្នករាជធានីភ្នំពេញស្រាប់ ស្ថានភាពគ្រួសារ និងភាពកក់ក្ដៅកាន់តែរសាយនៅពេលដែលឪពុក កាន់តែបែកចិត្ដពីភរិយាពិការ និងកូនខូចមុខមាត់ ដោយនៅពេលនោះគ្រាន់តែផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ ខណៈការរស់នៅរបស់ម្ដាយ និងកូនស្រី ត្រូវបានកាត់ផ្ដាច់ពីស្វាមី និងបងប្អូនដទៃទៀត។
ម៉ាលីតា និងម្ដាយ ត្រូវបានឪពុកជួលផ្ទះនៅម្ដុំស្ទឹងមានជ័យ ហើយដោយសារតែមានការភ័យខ្លាចក្នុងការប្រឈមមុខសង្គមខាងក្រៅ ម្ដាយ និងកូនស្រី តែងតែបិទទ្វារផ្ទះ សម្ងំរស់នៅតែដាច់ដោយឡែកពីអ្នកជិតខាង។ រហូតដល់ថ្ងៃ១ លោក ស្កុត នីសុន បានមកគោះទ្វារបន្ទប់ និងបានហៅកុមារីរូបនេះចូលរៀននៅអង្គការ។ នេះមិនមែនជាការចូលរៀនលើកដំបូងទេ ដោយ ម៉ាលីតា ធ្លាប់ចូលរៀនម្ដងរួចហើយ ដោយមានអ្នកម្ដាយតែងតែអង្គុយរង់ចាំក្បែររបងសាលាជានិច្ច ពីព្រោះកុមារីរូបនេះ មានអារម្មណ៍ខ្លាច និងបាក់ស្បាត។
លោក នីសុន មិនត្រឹមតែបានជួយ ម៉ាលីតា បានចូលរៀនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយម្ដាយពិការភ្នែកមានការងារធ្វើសម្រាប់ផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួនថែមទៀត។ កញ្ញាបានឱ្យដឹងថា៖ «ការរស់នៅជាមួយម៉ាក់ពិការពិតជាលំបាក។ គាត់ទ្រាំពុះពារចិញ្ចឹមខ្ញុំបីបាច់ខ្ញុំទោះក្នុងស្ថានភាពគាត់លំបាកយ៉ាងណាក៏ដោយ។ គាត់អាចដាំបាយ និងធ្វើម្ហូបអាហារបាន ហើយពេលខ្លះក៏បានការជួយពីអ្នកជិតខាងក្នុងការទិញគ្រឿងម្ហូបពីផ្សារផងដែរ»។
យុវតីដែលរងស្លាកស្នាមពេញទម្រង់មុខ និងរាងកាយរូបនេះបានបន្ដថា៖ «ខ្ញុំមិនធ្លាប់បែកឆ្ងាយពីគាត់ទេ។ មករៀនឆ្ងាយនេះ ខ្ញុំពិតជាមិនដាច់ចិត្ដឡើយ។ ប៉ុន្ដែបានបងៗ ពេលពួកគាត់ធំដឹងក្ដី ពួកគាត់តែងតែមកសួរសុខទុក្ខ និងមើលម៉ាក់។ ខ្ញុំមានអារម្មណ៍កក់ក្ដៅបន្ដិច»។
ដំណើរនៅលើដែនដីថ្មីយុវតី ម៉ាលីតា បានឱ្យដឹងថា មកដល់ប្រទេសអូស្ដ្រាលីលើកដំបូងបញ្ហាចំពោះកញ្ញាគឺអាកាសធាតុត្រជាក់។ បន្ស៊ាំខ្លួនតែនៅក្នុងទីកន្លែងស្នាក់ ១ សប្ដាហ៍ ទើប ម៉ាលីតា និងលាង រួមទាំងសិស្សដទៃទៀតត្រូវបាននាំដើរទស្សនកិច្ចសាលា។
អ្នកទាំង ២ ត្រូវការពេលវេលាសម្របខ្លួនទាំងអាកាសធាតុ និងមុខវិជ្ជាសិក្សា ដែលមុខវិជ្ជាខ្លះ ពួកគេនិយាយថា មិនមាននៅក្នុងកម្មវិធីសិក្សាកម្ពុជាទេ។ អ្នកទាំង ២ ចាប់ផ្ដើមចូលថ្នាក់រៀនមូលដ្ឋាន ១ ឆ្នាំ ដើម្បីត្រៀមខ្លួនសិក្សានៅថ្នាក់មហាវិទ្យាល័យ។
ម៉ាលីតា ដែលនៅឆ្នាំនេះមានអាយុ ១៨ ឆ្នាំ បាននិយាយថា៖ «ដោយសារខ្ញុំចាប់យកមុខវិជ្ជាបរិញ្ញាបត្រសិល្បៈ (Bachelor of Arts) ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំត្រូវខិតខំយកពិន្ទុឱ្យបាន ៨០ ដើម្បីបំពេញលក្ខខណ្ឌ»។
ដោយមានមូលដ្ឋានភាសាអង់គ្លេសច្រើនគួរសមពីសាលា Neeson Cripps Academy (NCA) របស់លោកស្កុត នីសុន ម៉ាលីតា បានឱ្យដឹងថា កញ្ញាមិនបារម្ភចំពោះរឿងភាសាទេ ហើយកញ្ញាបានបន្ដថា ថ្នាក់សិក្សារបស់កញ្ញាភាគច្រើនមានសិស្សានុសិស្សមកពីចិន ដែលមិនសូវពូកែភាសាអង់គ្លេសឡើយ។
ក្រៅពីភាសាអង់គ្លេស ម៉ាលីតា ត្រូវពង្រឹងលើមុខវិជ្ជាទាក់ទងប្រព័ន្ធផ្សព្វផ្សាយ ដូចជា «History of Idea» ឱ្យគ្រប់យ៉ាងតិច ៨០ ពិន្ទុ ទើបអាចបន្ដចូលរៀននៅថ្នាក់មហាវិទ្យាល័យបាន។
កញ្ញា លេន លាង ដែលឆ្នាំនេះមានអាយុ ២០ ឆ្នាំ បាននិយាយថា កញ្ញាមានការបារម្ភលើភាសាអង់គ្លេស ដែលទាមទារឱ្យយុវតីចេញពីតំបន់ស្ទឹងមានជ័យរូបនេះត្រូវខិតខំស្វែងយល់ពីមេរៀនជាភាសាអង់គ្លេស៕