ភ្នំពេញៈ ក្រុមបេសកកម្ម Article IV Consultation របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកោតសរសើររដ្ឋាភិបាលកម្ពុជា ទៅលើកិច្ចការប្រឆាំងការលាងលុយកខ្វក់ និងការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ដែលកម្ពុជាអាចរំដោះខ្លួនចេញពីបញ្ជីតាមដានរបស់ FATF កាលពីខែកុម្ភៈកន្លងទៅ ហើយក្រុមការងារ IMF លើកទឹកចិត្តឱ្យខិតខំលើកិច្ចការងារនេះបន្ថែមទៀត ក៏ដូចជាពង្រឹងអភិបាលកិច្ច និងតម្លាភាព។
ការកោតសរសើររបស់ក្រុមបេសកកម្ម IMF ដូច្នេះធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីក្រុមបេសកកម្មដែលដឹកនាំដោយលោក Davide Furceri ប្រធានបេសកកម្មបញ្ចប់ដំណើរទស្សនកិច្ចរយៈជិតកន្លះខែ នៅកម្ពុជាចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៣១ ខែតុលា ដោយបានជួបពិភាក្សាការងារជាមួយបណ្តាក្រសួងស្ថាប័ន វិស័យឯកជន ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធដើម្បីតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងកំណត់ទស្សនវិស័យសម្រាប់អនាគត។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក Davide Furceri បានផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងវិស័យអភិបាលកិច្ច និងតម្លាភាព ដែលលោកយល់ថា ជាធាតុសំខាន់ក្នុងការទាក់ទាញការវិនិយោគដោយផ្ទាល់កាន់តែច្រើនពីបរទេស និងអាចធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលអាចបង្កើនការត្រួតពិនិត្យស្ថានភាពសេដ្ឋកិច្ច និងការបង្កើតគោលនយោបាយ។ លោកលើកទឹកចិត្តឱ្យរដ្ឋាភិបាលគិតគូរកំណែទម្រង់ផ្នែករចនាសម្ព័ន្ធសេដ្ឋកិច្ចសំដៅធ្វើពិពិធកម្មជាមួយដៃគូពាណិជ្ជកម្ម ជំរុញការវិនិយោគថ្មីៗជាពិសេសការផ្តល់ទុនសមស្របទៅតាមការផ្លាស់ប្តូរបរិយាកាសសេដ្ឋកិច្ច ខណៈ IMF ធានាបន្តផ្តល់ជំនួយផ្នែកបច្ចេកទេស និងផ្នែកកសាងសមត្ថភាព។
ក្នុងនោះដែរ ក្រុមបេសកកម្ម IMF បានព្យាករថា៖ «បំណុលសាធារណៈរបស់កម្ពុជានឹងកើនឡើងក្នុងកម្រិតមធ្យម តែទោះជាយ៉ាងណាហានិភ័យនៃវិបត្តិបំណុលនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែបំណុលឯកជនមានការកើនឡើងគួរកត់សម្គាល់ដែលទាមទារឱ្យមានការត្រួតពិនិត្យល្អិតល្អន់»។
សូមបញ្ជាក់ថា ក្រុមបេសកកម្ម IMF ក៏បានបញ្ចេញការព្យាករសេដ្ឋកិច្ចកម្ពុជាផងដែរដោយព្យាករថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចត្រឹម ៥,៣% នៅឆ្នាំ ២០២៣ និងអាចកើនដល់រង្វង់ ៦% នៅឆ្នាំ ២០២៤ ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ ការនាំចេញបន្ទះសូឡា គ្រឿងបង្គុំអគ្គិសនី ខណៈការនាំចេញផ្នែកសម្លៀកបំពាក់នៅទន់ខ្សោយនៅឡើយ ហើយវិស័យសំណង់ និងអចលនទ្រព្យកំពុងងើបឡើងវិញក្នុងភាពយឺតយ៉ាវ។
IMF ថា ទស្សនវិស័យទៅអនាគតនៅមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយបន្ទាប់ពីក្រោយវិបត្តិកូវីដ ១៩ ខណៈតម្រូវការពីបណ្តាប្រទេសខឿនសេដ្ឋកិច្ចជឿនលឿន និងចិនជាដើម កំពុងធ្លាក់ចុះតម្រូវការជាងការរំពឹងទុក ខណៈសហរដ្ឋអាមេរិក កំពុងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ហើយពិភពលោកកំពុងមានវិបត្តិការប្រជែងភូមិសាស្ត្រនយោបាយ រីឯកម្ពុជាខ្លួនឯងកំពុងពើបប្រទះនឹងវិបត្តិបំណុលឯកជនក្នុងស្រុកខ្ពស់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសម្តែងការពេញចិត្តចំពោះការលើកឡើងរបស់ក្រុម IMF ចំពោះកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ និងការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ខណៈរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ហើយបានចាត់វិធានការជាក់ស្តែងដ៏មានប្រសិទ្ធភាព ស័ក្តិសមនឹងមតិកោតសរសើរនេះ។
លោកបានថ្លែងថា៖ «ទាំងរដ្ឋាភិបាលសម្តេចតេជោពីមុន ទាំងសម្តេចធិបតីសព្វថ្ងៃ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងការងារប្រឆាំងការលាងលុយកខ្វក់សំដៅទាក់ទាញការវិនិយោគមកកម្ពុជា»។ លោក ប៉ែន ប៉ូណា បានបន្ថែមថា រដ្ឋាភិបាលធានាធ្វើយ៉ាងណាបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគពីបរទេស ដើម្បីបង្កើតការងារជូនពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិ។
សម្រាប់លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញដែរថា នេះជាសញ្ញាណល្អមួយដែលក្រុមបេសកកម្ម IMF បានកោតសរសើរកម្ពុជា ដូច្នេះដែលអាចជាមុខមាត់កិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាបង្កើនសេចក្តីទុកចិត្តពីសហគមន៍អន្តរជាតិក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោកបន្តថា៖ «អ្វីដែលរដ្ឋាភិបាលគួរបន្តធ្វើគឺការពង្រឹងអភិបាលកិច្ច ដែលក្នុងនោះមានការពង្រឹងតម្លាភាព គណនេយ្យភាព ការឆ្លើយតប និងផ្តល់ព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម ដែលជារួម ជាអាវក្រោះ ឬជារនាំងការពារអ្នកវិនិយោគ ជាមួយដៃគូពាណិជ្ជកម្មទាំងក្នុង និងក្រៅស្រុកដែលពាក់ព័ន្ធនឹងការបណ្តាក់ទុន ការរកស៊ីជាមួយកម្ពុជាយើង ដែលយើងអាចមើលសិង្ហបុរីជាគំរូបាន»។
លោកលើកទឹកចិត្តដូចគ្នាផងដែរ ឱ្យរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ជាពិសេសការពង្រឹងផ្នែកអភិបាលកិច្ច៕