ភ្នំពេញៈ សិស្ស​វិទ្យាល័យ​ចំនួន ​៥ ​ក្រុម ក្នុងចំណោម ​៣០ ក្រុម មកពី​វិទ្យាល័យ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​ជ្រើសរើស​ឱ្យទទួល​ជយលាភី​ក្នុងការ​ប្រកួត​ឌី​ហ្សា​ញ​ផលិតផល​មេកា​ត្រូ​និក​ថ្នាក់ជាតិ​លើក​ទី​១ ​កាលពី​ថ្ងៃទី​ ៣០ ខែតុលា​។​


​ក្រុម​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យទទួល​ជយលាភី​មាន​ក្រុម​បង្កើត​ឧបករណ៍​បំប្លែង​ជាតិ​ទឹក ដោយ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ដើម្បី​ស​ម្ងួ​ត​វត្ថុ​ផ្សេងៗ ក្រុម​បង្កើត​ម៉ាស៊ីន​ដែល​ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ក្រុម​​បង្កើត​ម៉ាស៊ីន​ដែល​អាច​ទាញ​លោហៈ​ដែល​លាយឡំ​ចេញពី​អង្ករ ក្រុម​រួមបញ្ចូល​បច្ចេកវិទ្យា​ដែល​ទ្រទ្រង់​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ និង​ក្រុម​បង្កើត​ម៉ាស៊ីន​ច្រូតស្រូវ​ដែល​គ្រប់គ្រង​ពី​ចម្ងាយ​។​

​នៅក្នុង​ការប្រកួតប្រជែង​ការ​ឌី​ហ្សា​ញ​ផលិតផល​មេកា​ត្រូ​និក​ថ្នាក់ជាតិ​លើក​ទី​១ ដែល​ធ្វើឡើង​សម្រាប់​សិស្សានុសិស្ស​នៅ​ថ្នាក់មធ្យមសិក្សា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​​សហការគ្នាជាមួយ​មូលនិធិ​ស្រាវ​ជ្រាវ​គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ (RCI Fund) និង​អង្គការ STEM Cambodia បានប្រកាស​ឈ្មោះ​ក្រុម​បេក្ខជន​ដែល​បានឈ្នះ​ជយ​លា​ភី​កាលពី​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ ​២០២៣​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចុះ​នៅ​ថ្ងៃទី ​៣១ ខែតុលា​។​


​ការប្រកួត​នេះ ផ្តល់ឱកាស​ឱ្យ​សិស្ស​ទាំងអស់​នៅ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំង​សាលា​រដ្ឋ និង​សាលា​ឯកជន​ទូទាំងប្រទេស​ចូលរួម​ប្រកួតប្រជែង​។ ការប្រកួត​នេះ​បាន​បង្កើតឡើង​ដើម្បី​ជំរុញ​ភាព​ច្នៃប្រឌិត នៅក្នុង​ការកែច្នៃ​លើ​វិស័យ​មេកា​ត្រូ​និក​។ នៅក្នុង​វិស័យ​មេកា​ត្រូ​និក​ដែល​កំពុង​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ បានរួម​បញ្ចូល​គ្នា​រវាង​វិស្វកម្ម​អគ្គិសនី មេកា​និក និង​កុំព្យូទ័រ​។​

​ជាមួយគ្នានេះដែរ នៅក្នុង​ការ​ប្រកួតប្រជែង​នេះ​បានផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​ក្នុងការ​បង្ហាញ​សមត្ថភាព​របស់​ពួកគេ​នៅក្នុង​ការបង្កើត​គម្រោង​ដែល​អាច​ដោះស្រាយ​បញ្ហា​សង្គម ក្នុងនោះ​ក៏​ស្តែង​ឱ្យឃើញ​ពី​ភាព​ឆ្លាត​វៃ និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​ផងដែរ​។ ក្នុងនោះ​មាន​សិស្ស​ចំនួន ៣០ ​ក្រុម ដែល​បាន​ចូលរួម​ប្រកួត​ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ​៣០ ខែតុលា ហើយ​មាន​សិស្ស​ចំនួន ៩ ​ក្រុម បាន​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ និង​មានតែ​ក្រុម ៥​ ក្រុម​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​ក្រុម​ទទួល​ជយលាភី​។


​យោងតាម​សេចក្តីប្រកាស​បានឱ្យដឹង​ថា គណៈកម្មការ​នៅក្នុង​ការប្រកួត​នេះ​មានដូចជា លោក សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អេ​លេន តាន់ ស្ថាបនិក របស់ STEM Cambodia លោក យឹម រី​ឆាត អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ផលិត​ឌីជីថល​កម្ពុជា​-​ជប៉ុន និង​លោកស្រី លី ប៉ោ​ហួរ អ្នកគ្រប់គ្រង​ផលិតផល​កម្ពុជា​របស់ Boost Capital​។​

​នៅក្នុង​ពិធី​ប្រគល់​មេដាយ​កាលពី​ថ្ងៃទី​ ៣០ ខែតុលា លោក សាន វ​ឌ្ឍ​នា​ថ្លែងថា​៖ «​កម្មវិធី​នេះ​បានផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​សិស្សានុសិស្ស​។ ដោយសារតែ​ការរៀន​ដោះស្រាយ​បញ្ហា​ជាមួយ​ការដោះស្រាយ​បញ្ហា​ជា​ក្រុម សិស្សានុសិស្ស​អាច​រួមគ្នា​ផ្លាស់​​ប្តូរ​ការគិត​ថ្មី​មួយ ដែលមាន​ប្រយោជន៍​សម្រាប់​ពួកគេ​ដែល​អាចជួយ​ឱ្យ​ពួកគេ​ទទួលបាន​បទពិសោធន៍​ថ្មី​មួយ​តាមរយៈ​ការរៀនសូត្រ និង​ការបង្កើត​ថ្មី​»​។​

​លោក សាន វ​ឌ្ឍ​នា ឱ្យដឹងថា​៖ «​សិស្យ​ដែល​បាន​ចូលរួម​ប្រកួត​បាន​ជួប​ជាមួយនឹង​អ្នកជំនាញ​ដែលមាន​បទពិសោធន៍​ជាច្រើន​នាក់​សម្រាប់​ការណែនាំ និង​បណ្តុះបណ្តាល​នៅក្នុង​កម្មវិធី​មួយ​នេះ​។ គ្រូបង្ហាត់​បង្រៀន ស្ថា​ប័ន​អប់រំ និង​សិស្សានុសិស្ស​ទាំង​អស់​គួរតែ​អនុវត្ត​ការច្នៃប្រឌិត​ជំនាញ​ដោះស្រាយ​បញ្ហា និង​ការកត់សម្គាល់​បញ្ហា​សង្គម​ដែលមាន​នៅក្នុង​ថ្នាក់រៀន ក៏ដូចជា​នៅក្រៅ​ថ្នាក់រៀន​»​។​

​ជាមួយគ្នានេះ​លោក អេ​លេន តាន់ ក៏បាន​ថ្លែង​ដែរ​ថា​៖ «​នៅ​ថ្ងៃ​នេះ ពួកយើង​បានឃើញ​ពី​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​ការ​អប់រំ​ស្ទែ​ម​នៅ​កម្ពុជា​។ នៅ ៥ ​ឆ្នាំមុន ពួកយើង​មិនដែល​ស្រមៃ​ថា សិស្ស​វិទ្យាល័យ​នឹង​អាចបង្កើត​គំនិត និង​បង្កើត​គម្រោង​គួរឱ្យ​ចាប់អារម្មណ៍​បែបនេះ​ទេ​។ វា​គឺជា​អ្វីដែល​ពិតជា​គួរឱ្យ​កត់ចំណាំ​ទុក​»​។​

​ក្រុម​ដែល​បានឈ្នះ​នៅក្នុង​ការប្រកួត​នេះ មានដូចជា ចំណាត់ថ្នាក់​លេខ​ ១ ក្រុម “M4TB” មកពី​ខេត្ត​ត្បូងឃ្មុំ តំណាងឱ្យ​វិទ្យាល័យ ហ៊ុន សែន អូររាំងឪ បាន​បង្កើត​ឧបករណ៍​បំប្លែង​ជាតិ​ទឹក ដោយ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ដើម្បី​ស​ម្ងួ​ត​វត្ថុ​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​ដូចជា បន្លែ ត្រី សាច់ ផ្លែឈើ និង​វត្ថុ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ជាមួយគ្នានេះដែរ ក្រុម​ដែល​នៅ​ចំណាត់ថ្នាក់​លេខ​ ២ គឺ​ក្រុម “Builder Max” នៅ​រាជធានី​ភ្នំ​​ពេញ តំណាងឱ្យ​វិទ្យាល័យ​ព្រែក​លៀប បាន​បង្កើត​ម៉ាស៊ីន​ដែល​ដំណើរការ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​ជួយ​គ្រប់គ្រង​ដំណាំ​ដោយ​ស្វ័យប្រវត្តិ ដែល​ផ្តល់​ទឹក​នៅពេលដែល​ដី​ស្ងួត​ដោយ​ប្រើប្រាស់​ទូរស័ព្ទដៃ​។ ក្រុម​ដែលជា​ប់​ចំណាត់ថ្នាក់​លេខ​ ៣ គឺ “​ក្រុមយុវជន​ថ្នាក់​ទី​១២” នៅ​រាជធានី​ភ្នំពេញ តំណាងឱ្យ​សាលា​បញ្ញា​សាស្ត្រ​អន្តរជាតិ បាន​បង្កើត​ម៉ាស៊ីន​ដែល​អាច​ទាញ​លោហៈ​ដែល​លាយឡំ​ចេញពី​អង្ករ​ដោយ​ប្រើប្រាស់​ដែក​ឆក់​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​។

​ក្រុម​ដែលជា​ប់​ចំណាត់ថ្នាក់​លេខ​ ៤ គឺ​ក្រុម “Teen Bot” មកពី​ខេត្ត​កំពង់​ឆ្នាំង​តំណាងឱ្យ​សាលា​ចំណេះ​ទូទៅ​ឯកជន​បុរី​វិជ្ជា​ដែល​បានរួម​បញ្ចូល​បច្ចេកវិទ្យា​ដែល​ទ្រទ្រង់​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ និង​ម៉ា​ស៊ីន​បូមទឹក​ដោយ​ស្វ័យប្រវត្តិ ដែល​ប្រាប់​បាន​ពី​កម្រិត​ជាតិ​ទឹក​ក្នុង​ដី និង​កម្ពស់​ទឹក​តាមរយៈ​អេក្រង់ LCD​។ ចំណែក​ក្រុម​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​ ៥ គឺ “​ក្រុម​បន្ទាយមានជ័យ​” មកពី​ខេត្ត​បន្ទាយមានជ័យ តំណាងឱ្យ​វិទ្យាល័យ​សិរីសោភ័ណ ដែល​បង្កើត​ម៉ាស៊ីន​ច្រូតស្រូវ​ដែល​គ្រប់គ្រង​ពី​ចម្ងាយ​ដោយ​ការបញ្ជា​ពី​ទូរស័ព្ទដៃ​៕

​កុសល សិរី​កន្យា​