ភ្នំពេញៈ លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) បានស្នើសុំអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ផ្តល់វគ្គហ្វឹកហ្វឺន អប់រំ និងផ្សព្វផ្សាយបន្ថែម ស្តីអំពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំងមុនចល័តទៅតំបន់បេសកកម្មដើម្បីពង្រីកចំណេះដឹងដល់កងកម្លាំងឱ្យកាន់តែទូលំទូលាយ។
ការស្នើរបស់លោក សែម សុវណ្ណនី ដូចនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី Jane Frences Connors ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានចូលជួបពិភាក្សាការងារ អំពីអាណត្តិអ្នកតស៊ូមតិសិទ្ធិជនរងគ្រោះ(Victims’ Rights Advocate) ស្តីពីការកេងប្រវ័ញ្ចផ្លូវភេទ, ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។
កិច្ចពិភាក្សានេះធ្វើឡើង ដើម្បីស្វែងយល់ពីមធ្យោបាយផ្សេងៗសម្រាប់កិច្ចសហការក្នុងការបង្ការ និងការឆ្លើយតប រួមទាំងពង្រឹងបន្ថែមនូវភាពជាដៃគូរវាងអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
យោងតាមហ្វេសប៊ុករបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពលោក សែម សុវណ្ណនី បានលើកឡើងថា គ្រប់កងកម្លាំងរក្សាសន្តិភាព តែងទទួលបានការហ្វឹកហាត់មុនពេលចល័ត លើប្រធានបទពាក់ព័ន្ធនឹងការរំលោភ និងការកេងប្រវ័ញ្ចផ្លូវភេទជាដើម។
លោកបានបន្តថា៖ «កម្ពុជា បានបញ្ជូនកម្លាំងនារីនៅតំបន់បេសកកម្មរហូតដល់ ៤៧ភាគរយ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង, ៤៨ ភាគរយ នៅសាធារណរដ្ឋម៉ាលី និងមានមេបញ្ជាការជានារី នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលផងដែរ។ ការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនកម្លាំងនារីឱ្យបានលើស ២០ភាគរយ ខណៈបច្ចុប្បន្ន កម្ពុជា ទទួលបានលេខរៀងទី១០ លើ១២៣ប្រទេសក្នុងការបរិច្ចាគកងកម្លាំង និងលេខ ១ ក្នុងអាស៊ាន»។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សែម សុវណ្ណនី បានស្នើសុំដល់ អ.ស.ប ផ្តល់វគ្គហ្វឹកហ្វឺន អប់រំ និងផ្សព្វផ្សាយបន្ថែម ស្តីអំពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារដល់កងកម្លាំងមុនចល័តទៅតំបន់បេសកកម្មដើម្បីពង្រីកចំណេះដឹងដល់កងកម្លាំងឱ្យកាន់តែទូលំទូលាយ។
ជាការឆ្លើយតប លោកស្រី Jane Frences Connors រីករាយចំពោះសំណើរបស់លោក សែម សុវណ្ណនី ទោះបីជាកាតព្វកិច្ចលោកស្រី គឺផ្តោតទៅលើការបណ្តុះបណ្តាលកងកម្លាំងឱ្យដឹងពីក្រមសីលធម៌ស្តង់ដា ជាពិសេសផលប៉ះពាល់ដែលកើតមានលើស្រ្តី និងកុមារក៏ដោយតែលោកស្រី នឹងនាំយកសំណើនេះរាយការណ៍ជូនថ្នាក់ដឹកនាំ និងជូនដំណឹងមកកម្ពុជាវិញ នាពេលក្រោយ។
ទាក់ទងនឹងការហ្វឹកហ្វឺន និងអប់រំបន្ថែមនេះ លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ នៅថ្ងៃទី១ ខែវិច្ឆិកា បានបង្ហាញការគាំទ្រចំពោះកម្ពុជាដែលបានស្នើដល់អង្គការសហប្រជាជាតិ ស្តីពីការផ្តល់វគ្គហ្វឹកហ្វឺន អំពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំងកម្ពុជា មុនចល័តទៅតំបន់បេសកកម្ម នៅក្រៅប្រទេសស្ថិតក្រោមឆត្រ អង្គការសហប្រជាជាតិ គឺជារឿងល្អ។
លោក អំ សំអាត បានថ្លែងថា៖«នៅពេលដែលពួកគាត់បានយល់ដឹងនូវបញ្ហានេះច្រើន នោះគឺកាន់តែល្អប្រសើរ ក្នុងការជួយនៅពេលដែលកងកម្លាំងរបស់យើងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសផ្សេងៗ។ ការបណ្តុះបណ្តាលបន្ថែមដល់កងកម្លាំង កាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអនុវត្តតួនាទីនិងភារកិច្ចនេះ»។
សូមបញ្ជាក់ថា អ្នកតស៊ូមតិការពារជនរងគ្រោះ(VRA) គឺជាអាណត្តិ ដែល អ.ស.ប និងបុគ្គលិកពាក់ព័ន្ធដាក់ចេញក្នុងកាតព្វកិច្ចលើកកម្ពស់សំឡេងជនរងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន លើកកម្ពស់គោលនយោបាយរបស់អគ្គលេខាធិការ ក្នុងការដាក់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេនៅជួរមុខនៃសកម្មភាពពាក់ព័ន្ធរបស់ អ.ស.ប ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះកំហុសទាំងនោះ៕