ភ្នំពេញៈក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀងបាន ​និង​កំពុង​ធ្វើការ​ជា​មួយ​មេធាវី​កីឡា​អន្តរ​ជាតិ ​ដើម្បី​ប្តឹង​ទៅ​ឧទ្ធរណ៍ប្រឆាំង​នឹង​ការស​ម្រេច​របស់​គណៈ​កម្មាធិ​ការវិ​ន័យ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) ដែល​បាន​ពិន័យ​ទៅលើ​កីឡា​ករ​ប្រេ​ស៊ីល​ Gabriel Silva Costa របស់ខ្លួន​។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ផ្លូវការ​របស់​ក្លិប​ មាន​មូល​ដ្ឋាន​នៅ​ខេត្ត​ស្វាយ​រៀង​មួយ​នេះ កាល​ពី​ថ្ងៃទី​១ ខែវិច្ឆិកា​។​

​សេចក្តី​ថ្លែង​ការណ៍​នេះបាន​សរស​រថា​៖ «​បន្ទាប់​ពី​មាន​ការ​ចេញ​លិខិត​ពិន័យ​កាល​ពី​ថ្ងៃទី​៣១ ​ខែតុលា ​ឆ្នាំ​២០២៣ ​ដោយ FFC និង​ការ​ដាក់​ពិន័យ​ជា​បន្ត​បន្ទាប់​មក​លើ​កីឡាករ​ Gabriel Silva Costa​។ ក្លិប​សូម​ប្រកាស​ជា​ផ្លូវ​ការ​ថា ក្លិប​មិន​ទទួល​យក​ការ​សម្រេច​នេះ​ឡើយ​ ដោយ​ហេតុ​ផល​ថា ​យើង​ជឿ​លើ ​Gabriel ថា គាត់​មិន​មាន​បំណង​បញ្ចេញ​ពាក្យ​សម្ដី​រើស​អើង ឬ​ធ្វើឱ្យ​នរណាម្នា​ក់​អាក់អ​ន់ចិត្ត​ជាមួយ​នឹង​ពាក្យស្លោ​កនៅ​លើ​អាវ​ខាង​ក្នុង​របស់​គាត់​ឡើយ ​ដែល​ជា​ហេតុ​ផល​ឈាន​ទៅដ​ល់ FFC ដាក់​ពិន័យ​ដូច្នេះ ​ដោយ​គ្រាន់តែ​យោង​ទៅ​តាម​មាត្រា​ដូច​ដែល​បាន​រៀប​រាប់​នៅ​ក្នុង​លិខិត​វិន័យ​នោះ​ទេ​»​។​

​ខ្សែប្រ​យុទ្ធ​ពាក់​លេខ​៩ Gabriel Silva Costa ត្រូ​វបាន​គណៈ​កម្មា​ធិកា​រវិ​ន័យ​របស់​ស​ហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ពិន័យ​មិន​ឱ្យ​ចូលរួម​ការ​ប្រកួត ដែល​រៀបចំ​ដោយ​ក្រុម​ហ៊ុន ​Cambodian Premier League (CPL) និង​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ចំនួន​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​ទៀត​។​


ការ​ពិន័យ​នេះ​ត្រូវ​បាន​ធ្វើឡើ​ង ប​ន្ទាប់ពី​កីឡា​ករ​ប្រេ​ស៊ីល​ Gabriel បង្ហាញ​អំពី​សាស​នា​លើ​អាវ​ក្នុង​របស់​ខ្លួន ដោយ​សរ​សេរ​ថា ​«100% Jesus» ក្នុង​អំឡុ​ងពេល​ខ្សែប្រ​យុទ្ធ​របស់​ក្រុម​ស្វាយ​រៀង​រូបនេះ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទៅលើ​ក្រុម​បឹង​កេត​ ក្នុង​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក កាល​ថ្ងៃ​សៅរ៍ ទី​២៨ ​ខែ​តុលា ឆ្នាំ​២០២៣ ​ដោយ​ទង្វើ​នេះ គឺ​បាន​ប្រព្រឹត្តខុសពី​​វិធាន​ និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​នឹង​ «​សិទ្ធិម​នុស្ស អ​​ព្យា​ក្រឹត និង​គ្មាន​ការ​រើស​អើង​» របស់ FFC និង CPL​។​

​វិធាន ​និង​បទ​ប្បញ្ញត្តិ​នេះ ​បាន​កំណត់​ថា ​នៅលើ​អាវ ឬ​/​និង​ឯកស​ណ្ឋាន​របស់​ក្លិប និង​កីឡាករ គឺ​ហាម​ឃាត់ ​និង​មិន​អនុញ្ញាត​ដាច់​ខាត​រាល់​រូប​ភាព ​សារ​អត្ថ​បទ ស្លាក​សញ្ញា ​រូប​សញ្ញា ស​កម្មភាព​ទាំង​ឡាយ​ណា ដែល​បង្ហាញ ផ្សព្វ​ផ្សាយ​​ក្នុង​ន័យ​ផ្ទាល់ឬ​ប្រយោល​ដល់​ការរើ​សអើង​ មើល​ងាយ និង​ប្រកាន់​ប្រទេស ស​មាគម​​ឬ​/​និង​អង្គការ តំប​ន់ ភូមិ​សាស្ត្រ បុគ្គល​ក្រុម ក្រុម​ឯក​ជន ​ឬ​ជន​ណាមួយ​ដោយ​សារ​ ពណ៌​សម្បុរ ​សញ្ជាតិ ​ពូជ​សាសន៍ ​អំបូរ ជន​ជាតិ​ សង្គម​ ប្រភព​ដើម ​ភេទ ​ពិការ​ភាព ​ភាសា ​ជំនឿ​សាស​នា គោល​នយោ​បាយ ​ទ្រព្យស​ម្បត្តិ ស្ថានភា​ព ឬ​សមាស​ភាព​នៃ​កំណើត និង​ផ្សេងៗ​។​


​នៅ​ក្នុង​វិធាន និង​បទ​ប្បញ្ញត្តិ​ដដែល​នេះ ​បាន​បញ្ជាក់​ថា ក្នុង​ករណី CPL/FFC បាន​រក​ឃើញ​ ឬ​/​និង​ទទួល​ព័ត៌​មានឬ​/​និង​ទទួល​បាន​បណ្ដឹង​ពី​បុគ្គល​ពី​ក្លិបសមាគ​មឬ​ក្រុម​ណា​មួយ​គឺ​គណៈ​កម្មាធិការ​​នៃ CPL/FFC និង​ធ្វើការ​ដាក់​ពិន័យ​ទៅលើ​បុគ្គល ​ក្លិបសមា​គម ​ឬ​ក្រុមដែល​បាន​ប្រព្រឹត្ត​ខុស​នោះ (​ដោយ​មិន​កំណត់​)​។ ​

វិធាន​នេះបាន​បញ្ជាក់​​ច្បាស់​ថា​៖ «​ការសម្រេច​ចិត្ត​របស់ ​CPL/FFC ធ្វើ​ឡើង​ដោយយុត្តិធ​ម៌និង​អ​ព្យា​ក្រឹត ​និង​មិន​មាន​សិទ្ធិ​ជំទាស់​បាន​ឡើយ​»​។​

​​ទោះបី​ជា​យ៉ាង​ណា កា​រពិន័យ​របស់​គណៈ​ក​ម្មា​ធិ​ការ​វិន័យ FFC ទៅលើ​កីឡាករ Gabriel Silva Costa ដោយ​មិន​ឱ្យ​ចូល​រួម​ការ​ប្រកួតដែល​រៀបចំ​ដោយ​ក្រុម​ហ៊ុន Cambodian Premier League និង​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​រយៈពេល ​៦​ ខែ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ ២​ លាន​រៀល​ ទៀត​នេះ គឺ​សាមី​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង មិន​បាន​ឯក​ភាព​ឡើយ ដោយ​​ក្លិប​មួយ​នេះបាន​និង​កំពុ​ងដំណើ​រការ​នីតិ​វិធីក្នុ​ងការ​ប្តឹង​ជំទាស់​ទៅ​ឧទ្ធរណ៍ដើ​ម្បី​ឱ្យមាន​កា​រកែ​ប្រែជា​​ថ្មី​។​

ព្រះខ័​ន​រាជ​ស្វាយ​រៀង បានប​ញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​របស់​ខ្លួន​ថា​៖ «​ក្លិប​អាច​បញ្ជាក់បា​ន​ថា ឥឡូ​វនេះ​យើង​បាន​ធ្វើកា​រ​ជាមួ​យ​មេធាវី​កីឡា​អន្តរ​ជាតិ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ទៅ FFC ហើយ​យើង​បាន​ត្រៀម​បញ្ជូន​រឿងក្តី​​នេះ​បន្តទៅ​​តុលាកា​រ​អាជ្ញា​កណ្តាល​សម្រាប់​កីឡា (CAS) ប្រសិន​បើ​ចាំបាច់​។ ដោយ​សារ​នេះ ជា​ករណី​ផ្លូវ​ច្បាប់ ​ក្លិប​សូម​រក្សា​សិទ្ធិ​មិន​ធ្វើ​សេច​ក្ដី​អត្ថាធិ​ប្បាយ​បន្ថែម​ឡើយ​»​។​

​គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​នេះ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បានឈ្នះ​​ទាំង​៩​ប្រកួតក្នុង​ការ​ប្រកួត​វិល​ជុំនៅ​ដំណាក់​កាល​ទី​១ និង​កំពុង​ឈរ​នៅ​កំពូល​តារាង​ជា​បណ្តោះអា​សន្ន ​ដោយ​មាន ​២៧​ ពិន្ទុ​ពេញ​ ហើយ​តាម​ពីក្រោយ​ដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​មាន ​២១​ ពិន្ទុ​ ខណៈ​ក្រុម​ឈរ​នៅ​លេខ​៣ វិសា​ខា ​មាន​ត្រឹម​ ១៨​ ពិន្ទុ ​និង​ក្រុម​លេខ​៤ បឹង​កេត ​មាន​ ១៣ ​ពិន្ទុ ស្មើ​ជាមួយ​ក្រុម​ឈរ​នៅ​លេខ​៥ ISI ដង្កោ​សែន​ជ័យ​។ រីឯ​ក្រុម​ទ័ព​និង​ព្រៃវែង​មាន​ ១០ ​ពិន្ទុ ​ស្មើគ្នា​ ក្រុម​ណា​ហ្គា​វើ​លដ៍មា​ន ​៩​ ពិន្ទុ ក្រុម​គិរីវង់​សុខ​សែន​ជ័យ ​មាន ​៥ ​ពិន្ទុ និង​ក្រុម​ឈរ​នៅ​បាត​តារាងអង្គរ​ថា​យ​ហ្គឺរដែល​មាន​ ៤ ​ពិន្ទុ​៕